ក្រុមនារីខេត្តបាត់ដំបង និងខេត្តស្វាយរៀង ឡើងទៅជួបគ្នាវគ្គផ្តាច់ព្រ័ត្រ

ក្រុមបាល់ទាត់នារីរបស់មន្ទីរអប់រំ យុវជន និងកីឡាខេត្តបាត់ដំបង និងក្រុមមន្ទីរអប់រំ យុវជន និងកីឡាខេត្តស្វាយរៀង នឹងឡើងទៅជួបគ្នាក្នុងវគ្គផ្តាច់ព្រ័ត្រនៃការប្រកួតជម្រើសជើងឯកបាល់ទាត់នារី ឆ្នាំ២០១៥ បន្ទាប់ពីក្រុមទាំង២ បានទទួលជ័យជម្នះរៀងៗខ្លួន ក្នុងការប្រកួតពាក់កណ្តាលផ្តាច់ព្រ័ត្រ នៅមជ្ឈមណ្ឌល និងសាលាកីឡាបាល់ទាត់ជាតិបាទី ខេត្តតាកែវ កាលពីថ្ងៃចន្ទម្សិលមិញ។
1
សម្រាប់ការប្រកួតពាក់កណ្តាលផ្តាច់ព្រ័ត្រនោះក្រុមមន្ទីរអប់រំ យុវជន និងកីឡា ខេត្តបាត់ដំបង ដែលគេស្គាល់ថា ជាក្រុមម្ចាស់ជើងឯកឆ្នាំចាស់នោះ បានបន្តលត់ក្រុមលេខ២មកពីពីពូលB សមាគមកីឡាបាល់ទាត់សៀមរាបអង្គរ ក្នុងលទ្ធផល ៨-០ ដើម្បីឡើងទៅការពារតំណែងជើងឯករបស់ខ្លួនជាថ្មីម្តងទៀត តាមរយៈការឈ្នះគ្រប់ការប្រកួតទាំងអស់។
ចំណែកក្រុមលេខ២មកពីពូលA មន្ទីរអប់រំ យុវជន និងកីឡាខេត្តស្វាយរៀង បានបង្កើតនូវរឿងដ៏គួរភ្ញាក់ផ្អើលមួយ តាមរយៈការយកឈ្នះលើក្រុមខ្លាំងមិនដែលចាញ់មកពីពូលA មន្ទីរអប់រំ យុវជន និងកីឡាខេត្តកំពង់ឆ្នាំង ក្នុងលទ្ធផល ៦-០។
2
លទ្ធផលដ៏ល្អនេះបានធ្វើឲ្យក្រុមមន្ទីរអប់រំ យុវជន និងកីឡាខេត្តស្វាយរៀង ឡើងទៅជួបក្រុម មន្ទីរអប់រំ យុវជន និងកីឡាខេត្តបាត់ដំបង នៅវគ្គផ្តាច់ព្រ័ត្រ ដែលនឹងត្រូវធ្វើឡើងនៅមជ្ឈមណ្ឌល និងសាលាកីឡាបាល់ទាត់ជាតិ នារសៀលម៉ោង១៥:០០ ថ្ងៃពុធស្អែកនេះ ខណៈជំនួននៅវគ្គជម្រុះក្នុងពូល ខេត្តស្វាយរៀង បានចាញ់ក្រុមខេត្តបាត់ដំបង ៣-០។
ចំណែកក្រុម មន្ទីរអប់រំ យុវជន និងកីឡាខេត្តកំពង់ឆ្នាំង ត្រូវប្រកួតដណ្តើមយកចំណាត់ថ្នាក់លេខ៣ ជាមួយក្រុមសមាគមកីឡាបាល់ទាត់សៀមរាបអង្គរ នាព្រឹកម៉ោង៨:៣០ នាថ្ងៃពុធនោះដែរ ខណៈការជួបគ្នាវគ្គជម្រុះតាមពូលក្រុមខេត្តកំពង់ឆ្នាំង បានលត់ក្រុមសៀមរាបអង្គរ ៥-១៕