​រោង​សិប្បកម្ម​កិន​ថ្ម​៤​កន្លែង​នៅ​ស្រុក​កំពង់ត្រាច ខេត្តកំពត រង​ការរិះគន់​ពី​ប្រជាពលរដ្ឋ​មូលដ្ឋាន

​ប្រជាពលរដ្ឋ​ស្រុក​កំពង់ត្រាច ខេត្តកំពត បាន​រិះគន់ថា សំឡេង​រំខាន និង​ធូលី​ថ្ម ដែល​បំ​ភាយ​ចេញពី​ការដ្ឋាន​កិន​ថ្ម​ចំនួន​៤​កន្លែង​នៅក្នុង​ភូមិសាស្ត្រ​ស្រុក​កំពង់ត្រាច បានធ្វើ​ឲ្យ​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​បរិស្ថាន និង សុខភាព​ប្រជាពលរដ្ឋ​នៅ​តំបន់​នោះ ។ ប្រភព​ដដែល​បាន​បញ្ជាក់ថា​ក្នុងចំណោម​សិប្បកម្ម​កិន​ថ្ម​ទាំង​៤​ទីតាំង គឺមាន​៣​ទីតាំង​មានច្បាប់ ចំណែក​មួយ​ទីតាំង​ទៀត​ជា​របស់​ឈ្មោះ បៀ​វ ពុំមាន​ច្បាប់ទម្លាប់​អ្វី​ទេ ហើយ​កំពុង​រំខាន​ខ្លាំង​ដល់​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន ។​

ចំពោះមុខ​បញ្ហា​នេះ ម្ចាស់​រោង​សិប្បកម្ម​កិន​ថ្ម​ទាំង​៤​កន្លែង​បាន​ឆ្លើយតប​ចំពោះ​ប្រជាពលរដ្ឋ​មូល​រដ្ឋា​ន និង​អ្នកសារព័ត៌មាន​យ៉ាង​ក្រអឺតក្រទម​មកវិញ​ថា​ពួកគេ​បានផ្ដល់​កញ្ចប់​ថវិកា ទៅ​ឲ្យ​ក្រុមមន្ត្រី​ជំនាញ និង អាជ្ញាធរ រួច​អស់ហើយ​សម្រាប់​សកម្មភាព​កិន​ថ្ម​របស់​ពួកគេ ។ ឥរិយាបថ​របស់​ម្ចាស់​រោង​សិប្បកម្ម​កិន​ថ្ម​ខាងលើនេះ​ត្រូវបាន​ប្រជាពលរដ្ឋ​ស្រុក​កំពង់ត្រាច​រិះគន់ថា​បង្ហា​ញ​ពី​ភាពកម្សោយ​របស់​មន្ត្រី​ជំនាញ​នៅ​ស្រុក​កំពង់ត្រាច​ដែល​មិន​ហ៊ាន​ទប់ស្កាត់​សកម្មភាព​រោង​សិប្បកម្ម​ដែល​កំពុង​រំខាន​ដល់​ការរស់នៅ​របស់​ប្រជាពលរដ្ឋ​។​

ជុំវិញ​បញ្ហា​នេះ លោក អ៊ុំ ស៊ី​ណាត អភិបាលស្រុក​កំពង់ត្រាច កន្លង​ទៅបាន​ថ្លែងប្រាប់​អ្នកសារព័ត៌មាន​ថា ទីតាំង​កិន​ថ្ម​ខាងលើ​ពុំមាន​ច្បាប់ទម្លាប់​អ្វី​ទេ ហើយ​លោក ក៍​មិន​ជាប់​ពាក់ព័ន្ធ​រឿងរ៉ាវ​ពុករលួយ​ជាមួយ​សិប្បកម្ម​ទាំងនោះ​ដែរ​។ ចំណែក​ប្រធាន​មន្ទីរ​ឧស្សាហ​ម្ម និង សិប្បកម្ម​ខេត្តកំពត លោក ហុក គឹម​ជឿន ក៏បាន​បញ្ជាក់ដែរថា ទីតាំង​កិន​ថ្ម​ទាំង​៤​កន្លែង​កំពុងតែ​ធ្វើ​ឲ្យ​ប៉ះពាល់​បរិស្ថាន យ៉ាងធ្ងន់ធ្ងរ តែ​មន្ត្រី​ដដែល​នេះ​មិនបាន​បញ្ជាក់​ពី​វិធានការ​ទប់ស្កាត់​នោះទេ​។​

តាម​សេចក្ដីរាយការណ៍​ពី​ប្រជាពលរដ្ឋ​បាន​បញ្ជាក់ថា ម្ចាស់​ការដ្ឋាន​កិន​ថ្ម​ទាំង​៤​ទីតាំង​ខាងលើ មានឈ្មោះ ទី ឈ្មោះ បារាំង ឈ្មោះ បៀ​វ និង ឈ្មោះ ណុ​ក​។ រោង​សិប្បកម្ម​ទាំង​៤​កន្លែង​មាន​ទីតាំង​ស្ថិតនៅ​តំបន់​រមណីយដ្ឋាន ភ្នំ​កំពង់ត្រាច ដែលមាន​ទីតាំង នៅក្នុង​ឃុំ​កំពង់ត្រាច និង ឃុំ​អង្គរ​សុ​ភី នៃ​ស្រុក​កំពង់ត្រាច​។ ប្រជាពលរដ្ឋ​ស្រុក​កំពង់ត្រាច​បានបញ្ជាក់​ថា​អាជ្ញា​ធរមាន​សមត្ថកិច្ច​គប្បី​ត្រួតពិនិត្យ​សកម្មភាព​កិន​ថ្ម​របស់​រោង​សិប្បកម្ម​ឡើងវិញ​ដើម្បី​សម្រួល​ដល់​ការរស់នៅ​របស់​ប្រជាពលរដ្ឋ​មូលដ្ឋាន ខណៈ​បញ្ហា​ទាំងនេះ​មានការ​រិះគន់​ច្រើន​ឆ្នាំ​មកហើយ​៕

Pic35