ព្រះសង្ឃ​២២​អង្គ​គង់​ក្នុង​វត្ត​ទីឃ​នា​រាម​ក្អួតចង្អោរ​សង្ស័យ​ពុល​ផ្លែ​ឪឡឹក​

ខេត្តបាត់ដំបង​៖​ព្រះសង្ឃ​ចំនួន​២២​អង្គ​គង់​ក្នុង​វត្ត​ទីឃ​នា​រាម​អាការ​រាគ​ក្អួតចង្អោរ​ជា​បន្តបន្ទាប់ បន្ទាប់ពី​ឆាន់​ផ្លែ​ឪឡឹក​រួច​។ ហេតុការណ៍​កើតឡើង​កាលពី​វេលា​ម៉ោង​១១ និង​០៥​នាទី​យប់​ថ្ងៃទី​២១ ខែធ្នូ ឆ្នាំ​២០១៥ នៅ​ចំណុច​វត្ត​ទីឃ​វនា​រាម ហៅ​វត្ត​កូន​ខ្លុង ស្ថិតក្នុង​ភូមិ​ព្រៃ​ដំរី ឃុំ​ព្រៃតូច ស្រុក​មោងឫស្សី ។​

​អធិការនគរបាល​ស្រុក​មោងឫស្សី​លោក​វរសេនីយ៍ទោ គិត ហ៊ាង បាន​ឲ្យ​ដឹងថា នៅវេលា​ម៉ោង​ខាងលើ មាន​ករណី​ពុល​ផ្លែ​ឪឡឹក​ទុំ នៅ​ចំណុច​វត្ត​វត្ត​កូន​ខ្លុង ស្ថិតក្នុង​ភូមិ​ព្រៃ​ដំរី​ឃុំ​ព្រៃតូច ស្រុក​មោងឫស្សី ដោយនៅ​ថ្ងៃកើតហេតុ មាន​ដូនជី​តាជី​ជាច្រើន​នាក់ ដែលមាន​សទ្ធា​ជ្រះថ្លា ក្នុង​វិស័យ​ព្រះ​ពុ​ទ្ទ​សាសនា បាន​ទិញ​ផ្លែ​ឪឡឹក​ទុំ ពី​ផ្សារ​ខ្លះ គោយន្ត​ដឹក​លក់​ខ្លះ និង​តាម​ឡាន​ដឹក​លក់​ខ្លះ យកទៅ​ប្រគេន​ព្រះសង្ឃ ដែល​គង់នៅ​វត្ត​កូន​ខ្លុង​។​

​លោក​អធិការ​បញ្ជាក់ថា ព្រះសង្ឃ​ចំនួន ២២​អង្គ បាន​ឆាន់​ផ្លែ​ឪឡឹក​ទុំ​រួច ស្រាប់​តែមាន​អាការ​រាគ​ក្អួត ជា​បន្តបន្ទាប់ ដែល​សង្ស័យថា ពុល​ផ្លែ​ឪឡឹក​ទុំ ក្នុងនោះ​ព្រះសង្ឃ ១៦​អង្គ​បាន​ធូរស្រាល និង​០៦​អង្គ​មាន​សភាព​ធ្ងន់ធ្ងរ​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ស្រុក​មោងឫស្សី​។​

​បច្ចុប្បន្ន សមត្ថកិច្ច​កំពុងធ្វើការ​ស្រាវជ្រាវ ដើម្បី​រក​ប្រភព​នៃ​ការពុល​ផ្លែ​ឪឡឹក​នេះ​៕

ព្រះសង្ឃ​២២​អង្គ​គង់​ក្នុង​វត្ត​ទីឃ​នា​រាម​ក្អួតចង្អោរ​សង្ស័យ​ពុល​ផ្លែ​ឪឡឹក​