លក់​ដូរ​ជិត​គ្នា​បង្កើត​បាន​ទំនាស់​គប់​គ្នា​ទៅ​វិញ​ទៅ​មក​ម្នាក់​ដេរ​មុខ​៨​ថ្នេរ

ខេត្ត​រតន​គិរី​ ៖ អាជីវក​ផ្សារ​បាន​លុង​ឈ្លោះ​គ្នា​បង្ក​របួស​ស្នាម​បណ្តាល​ឱ្យ​ម្នាក់​រង​របួស​លើផ្ទៃមុខ​ដេ​រ៨​ថ្នេរ ​និង​ម្នាក់​ទៀត​ក្លាយជា​ជន​ដៃដល់​ត្រូវ​បាន​នគ​របាល​ប៉ុស្តិ៍​រដ្ឋបាល​សង្កាត់​ឡា​បាន​សៀ​ក​ចាប់ខ្លួន​ចាត់ការ​តាម​ផ្លូវច្បាប់​។

ហេតុការណ៍​នេះ​បាន​កើតឡើង​ កាល​ពីវេលា​ម៉ោង​០៤​ទៀប​ភ្លឺ​​​ ថ្ងៃ​ទី​២២​ ធ្នូ ​​២០១៥​ ត្រង់​ចំណុច​ក្នុង​ផ្សារ​ក្រុង​បាន​លុង​។

ជន​រង​គ្រោះ​រង​របួស​ផ្ទៃមុខ​មានឈ្មោះ​ម៉ែ​ន​ សុភាព​ ភេទ​ប្រុស​ អាយុ​៤៦​ឆ្នាំ​ រស់នៅ​ភូមិ​ជ័យ​ជំនះ ​សង្កាត់​ឡា​បាន​សៀ​ក ​ក្រុង​បាន​លុង​ មានមុខ​របរ​លក់​ប្រហិត​ក្នុង​ផ្សារ​។

ជន​ដៃដល់​មានឈ្មោះ​ហឿ​ន​ ចាន់​ថន​ ភេទ​ប្រុស​ អាយុ​២៤​ឆ្នាំ​ រស់នៅ​ភូមិ​ភ្នំស្វាយ​ សង្កាត់​បឹង​កន្សៃ​ង ​ក្រុង​បាន​លុង ​មានមុខ​របរ​លក់​បង្អែម​ក្នុង​ផ្សារ​។

តាម​ប្រភព​បានឱ្យ​ដឹង​ថា​ ភាគី​ទំនាស់​ទាំង​ពីរ​នាក់​ជា​អាជីវករ​មាន​តូប​លក់​ជិត​គ្នា​តែង​មាន​ទំនាស់​គ្នា​ញឹកញាប់​។

ប្រភព​បាន​បន្ត​ទៀត​ថា ហេតុ​ការណ៍​នេះ​ផ្តើម​ចេញពី​រុញ​តុ​ប៉ះ​គ្នា​​បង្កើត​បាន​ជា​ជម្លោះ​យ៉ាងធ្ងន់ធ្ងរ​ទើប​មាន​ការ​​គប់​គ្នា​ដោយ​កំប៉ុង​ហ្គា​ស​ ថាស់​ជញ្ជីង ​និង​សំភារ​ផ្សេង​ៗ​ទៀត​ជា​ច្រើន​ដាក់​គ្នា​ទៅ​វិញ​ទៅ​មក​ ទើប​ជន​ដៃដល់​យក​ជញ្ជីង​គប់​ទៅ​ចំ​លើ​ផ្ទៃមុខ​ជន​រង​គ្រោះ​បណ្តាល​ឱ​រយះ​ថ្ពាល់​បញ្ជូន​ទៅ​ព្យាបាល​ពេទ្យ​ឯកជន​ដេ​រអស់០៨​ថ្នេ​រ។

សូម​បញ្ជាក់​ថា​ ជន​រង​គ្រោះ​លក់​ប្រហិត​នោះ​ពុំ​បាន​ឈ្លោះ​ជាមួយ​ជន​ដៃដល់​ទេ ​គឺ​ទៅ​ឈរ​មើល​អតីត​ប្រពន្ធ​ដែល​លែងលះ​គ្នា​យូរ​ហើយ​នោះ​លក់​ប្រហិត​ដែល​កំពុង​ឈ្លោះ​ជាមួយ​ជន​ដៃដល់​ក៏​ត្រូវ​ជន​ដៃដល់​គប់​មក​ចំ​មុខ​រង​របួស​តែ​ម្តង​។

បន្ទាប់​ពី​កើ​ហេតុ​ជន​រង​គ្រោះ​ក៏​បាន​ប្តឹង​នគ​របាល​ប៉ុស្តិ៍​សង្កាត់​ឡា​បាន​សៀ​ក​​ឃាត់ខ្លួន​ជន​ដៃដល់​បាន​ភ្លាម​ៗ​ដែរ​បញ្ជូន​ខ្លួន​ទៅ​ប៉ុស្តិ៍​ដើម្បី​កសាង​សំណុំរឿង​ចាត់ការ​តាម​ផ្លូវច្បាប់​៕

                                ​