សត្វ​ស្លាប​ព្រៃ​គ្រប់ប្រភេទ​​​​ត្រូវ​គេ​ចាប់​​លក់​ក្នុង​ផ្សារ​​ព្រៃវែង ​ទោះ​បីមានការ​ហាម​ឃាត់​​​ក៏​ដោយ​

ខេត្តព្រៃវែង ៖ សត្វ​ស្លាប​ជា​ច្រើន​ប្រភេទ​មាន​ទាំង​ចាប​, លលក​, កុក​, គ្រួ​ច​, ក្លុំ​, មាន់ទឹក​, ទាព្រៃ និង​អណ្តើក​ផង​ដែរ​នោះ ត្រូវ​បាន​គេ​ដាក់​អន្ទាក់​ចាប់​យក​មក​លក់​នៅ​ក្នុង​ផ្សារ​ក្រុង​ព្រៃវែង​យ៉ាង​បើកចំហរ និង​ជា​រៀងរាល់ថ្ងៃ ដោយ​ក្នុង​១​ថ្ងៃ​ៗ​មិន​ក្រោម​ពី​២០០ ទៅ​៣០០​ក្បាល​នោះ​ទេ ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​មួយ​ចំនួន​រិះគន់​ថា សត្វ​ទាំងនេះ​អាច​នឹង​ផុត​ពូជ​អស់ ឬ​រត់​ចេញ​អស់ពី​ក្នុង​ទឹកដី​ខេត្ត​ព្រៃ
វែង​។

សត្វ​ស្លាប​ព្រៃ​ទាំងនេះ ត្រូវ​បាន​គេ​ដាក់​លក់​ចំនួន​៣​កន្លែង​នៅ​ចំណុច​ខាងត្បូង​មាត់​ច្រកចូល​ផ្សារ​ព្រៃវែង ហើយ​បើ​តាម​ប្រភព​ព័ត៌មាន​ពី​ក្រុម​អ្នក​ចូល​ចិត្ត​ទិញ​សត្វ​ទាំងនេះ​យក​ទៅ​ទទួលទាន​នោះ​បាន​បញ្ជាក់​ថា បើ​មាន​អ្នក​ចង់​កុម្ម៉ង់​ទិញ​ច្រើន​នោះ ក៏​គេ​មាន​លក់​ដែរ ព្រោះ​គេ​មាន​បក្សពួក​របស់​គេ​ច្រើន ដែល​ជា​អ្នក​ដើរ​ដាក់​អន្ទាក់​ចាប់​សត្វ​ទាំងនោះ​ផ្ទាល់​នៅ​តាម​ព្រៃ និង​តំបន់​អភិរក្ស​មួយ​ចំនួន ដូច​ជា​នៅ​តំបន់​អភិរក្ស​បឹង​ស្នេហ៍​ជាដើម ប៉ុន្តែ​ត្រូវ​ទៅ​ទិញ​ដល់​ផ្ទះ​អ្នកលក់​តែ​ម្តង ដើម្បី​កុំឱ្យ​សមត្ថកិច្ច​ដឹង និង​ចាប់ ។

គួរ​បញ្ជាក់​ផង​ដែរ​ថា កន្លង​មក អង្គការ​សម្ព័ន្ធមិត្ត​សត្វព្រៃ​ធ្លាប់​បាន​សហការ​ជាមួយនឹង​កម្លាំង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ចុះ​ធ្វើការ​ឃាត់ខ្លួន​ស្ត្រី​ចំនួន​៤​នាក់ ដែល​ជា​អ្នកលក់​សត្វ​ស្លាប​ព្រៃ​នៅ​ក្នុង​ផ្សារ​ព្រៃវែង​នេះ ព្រមទាំង​នាំ​ខ្លួន​លោក​ប៉ុ​ល ចាន់ ជា​តំណាង​អ្នកគ្រប់គ្រង​ផ្សារ​ព្រៃវែង ជំនួស​អោយ​លោក​ឧកញ៉ា សា លាង ដែល​ជា​ម្ចាស់​ក្រុមហ៊ុន​ម៉ៅ​ការ​ភាស៊ី​ផ្សារ​យក​ទៅ​ធ្វើការ​អប់រំ ណែនាំ និង​ផ្តិត​មេដៃ​ចុះ​កិច្ចសន្យា​បញ្ឈប់​សកម្មភាព​ធ្វើ​អាជីវកម្ម​ជួញដូរ​សត្វព្រៃ​នេះ​ម្តង​រួច​មក​ហើយ ។

ប៉ុន្តែ​គេ​សង្កេត​ឃើញ​ថា ក្រុម​ឈ្មួញ​ខិលខូច​ទាំងនេះ បាន​ផ្អាក​សកម្មភាព​របស់​ខ្លួន​បាន​តែ​មួយ​រយៈពេល​ខ្លី​ប៉ុណ្ណោះ រួច​ក៏​បន្ត​ធ្វើ​អាជីវកម្ម​នេះ​ដដែល នៅ​ក្នុង​ផ្សារ​ព្រៃវែង​ដដែល នៅ​ក្នុង​រូបភាព​បើកចំហ និង​មាន​ទ្រង់ទ្រាយ​ធំ​ជាង​មុន​ទៅ​ទៀត ប៉ុន្តែ​គេ​នៅ​មិន​ទាន់​ឃើញ​មាន​សមត្ថកិច្ច ឬ​មន្ត្រី​ពាក់ព័ន្ធ​ណា​ចុះ​ទៅ​បង្ក្រាប​នៅឡើយ​ទេ រហូត​មក​ដល់​ពេល​នេះ​ ។