ធុំ​ក្លិនស្អុយ​ចេញពី​បង្គន់​តាម​ផ្ទះ​អ្នកស្រុក​​បង្ក​ផល​ប៉ះពាល់​ដល់​សុខភាព និង​ការ​សិក្សារបស់​​​សិស្សក្នុង​សាលា​រៀន

​ខេត្តព្រៃវែង ៖ លោកគ្រូ​ អ្នកគ្រូ និង​សិស្សានុសិស្ស​រាប់រយ​នាក់នៅ​ក្នុង​សាលា​បឋម​សិក្សា ប៊ុ​ន ​រ៉ា​នី ហ៊ុន សែន ឩ​ត្តម​សាមគ្គី ដែល​មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​ឃុំ​ព្រែក​ខ្សាយ​ «ក​» ស្រុក​ពាមរ​ក៍ ​បាន​នាំ​គ្នា​ត្អូញត្អែ​រយ៉ាង​ខ្លាំង រឿង​ផ្ទះ​អ្នកស្រុក​ជាង​១០​គ្រួសារ ដែល​នៅ​ជាប់​នឹង​ជញ្ជាំង​សាលារៀន បាន​នាំ​គ្នា​បង្ហូរ​កាក​សំណល់​ផ្ទះបាយ សំរាម ទឹក​ស្អុយ​ និង​កាក​លាមក​ចេញពី​បង្គន់ ហូរ​ចាក់​មក​លើ​ជញ្ជាំង​សាលា សាយភាយ​ក្លិនស្អុយ​អសោច​ចូល​ពេញ​ក្នុង​ថ្នាក់រៀនធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ការ​សិក្សា និង​សុខភាព​របស់​គ្រូ​និង​សិស្ស​យ៉ាង​ខ្លាំង ​​រយៈ​ពេល​២-៣​ឆ្នាំ​មក​ហើយ ​ពុំ​មាន​អាជ្ញាធរ​ណា​ជួយ​ដោះស្រាយ​បាន​ទេ ​។

លោកគ្រូ​-​អ្នកគ្រូ​បាន​​និយាយ​ថា រឿង​ក្លិនស្អុយ​ដែលភាយ​​ចេញពី​បង្គន់ ទ្រុង​ជ្រូក និង​ផ្ទះបាយ​អ្នក​ភូមិ​​នៅ​ជាប់​នឹង​ជញ្ជាំង​សាលា​នេះ ​បាន​កើត​មាន​រយៈ​ពេល​២-៣​ឆ្នាំ​មក​ហើយ ។ កាលពី​ឆ្នាំ​​២០១៤ ពេល​ដែល​ខាង​សាលា​រាយ​ការ​ណ៍ទៅ​អាជ្ញាធរ​ឃុំ សុំ​ឱ្យ​​ជួយ​អន្តរា​គម​ន៍ ខាង​ឃុំ​បាន​មក​រៃ​អង្គា​ស​លុយ​​តាម​ផ្ទះ​អ្នកស្រុក ជួល​កម្មករ​ឱ្យមក​កាយ​កាក​សំណល់ទាំងនោះ​ចោល​ទើប​​បាត់​ធុំ​ក្លិនស្អុយ​​មួយ​រយៈ​ពេល​ ។​ ប៉ុន្តែ​ឆ្នាំ​នេះ​ អ្នកស្រុក​ទាំងនោះ​នៅ​តែបន្ត​បង្ហូរ​កាក​សំណល់​ទាំងនោះ​មក​លើ​ជញ្ជាំង​សាលា​ទៀត ហើយ​រក​កម្មករ​មកកាយ​លែង​បាន ទើប​ធ្វើ​​ឱ្យ​​ក្លិនស្អុយ​ទាំងនោះសាយ​ភាយ​​ចូល​ដល់​ក្នុង​ថ្នាក់រៀន​ចំនួន​១៣​ថ្នាក់ ធ្វើ​ឱ្យ​​សិស្ស​ឈឺ​ជា​ច្រើន​នាក់ ឯការ​សិក្សា​របស់​សិស្ស​ក៏​ត្រូវ​សម្រាក​ ​និង​ផ្ទេរ​ថ្នាក់​ជា​ញឹកញាប់​ដែរ​ ។

ជាក់ស្តែង​កាលពី​ព្រឹក​ថ្ងៃ​ទី​២១ ​ធ្នូ ពេល​ដែល​ឪពុក​ម្តាយ​សិស្ស​ដឹក​កូន​ៗរបស់​ខ្លួន​ចូល​មក​ដល់​មុខ​ថ្នាក់​ទី​១«​ក» និង​ទី​១«​ខ» ស្រាប់តែ​នាំ​គ្នា​ស្រែ​កថា​ ​ធុំ​ក្លិន​ស្អុយ​ខ្លាំង​ណាស់ រួចក៏​នាំ​កូនចៅ​ពួក​គាត់​ត្រឡប់​ទៅ​ផ្ទះ​វិញ​អស់ ដោយ​មិន​បានឱ្យ​​ចូល​រៀន​ទេ ​ទើប​លោកគ្រូ​-​អ្នកគ្រូ​ប្រចាំ​ថ្នាក់​នីមួយៗ​ ​​បង្ខំចិត្ត​បិទទ្វារ​ថ្នាក់រៀន ដោយសារ​តែ​គ្មាន សិស្ស​​ចូលរៀន ។

លោក សេន វាសនា នាយក​សាលា​បឋម​សិក្សា ប៊ុ​ន ​រ៉ា​នី ហ៊ុន សែន ឩ​ត្តម​សាមគ្គី បាន​បញ្ជាក់​ឱ្យ​​ដឹង​ថា កាលពី​ដំបូង​ឡើយ​នៅ​​ប៉ែក​​ខាងជើង​សាលា​នេះ គឺ​មិន​មានផ្ទះ​អ្នកស្រុក​ទេ របង​ដី​សាលា​​លាតសន្ធឹង​ទៅ​ដល់​ផ្លូវ​ទំនប់​សម្តេច ហ៊ុន សែន ​ឯណោះ ។ ប៉ុន្តែ​ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ មនុស្ស​កើន​កាត់​តែ​ច្រើន​ឡើង​ៗ ហើយ​អាជ្ញាធរ​ក៏​បាន​ផ្តល់​​ដី​សាលា​នៅ​ផ្នែក​ខាងជើង​ជាប់​ផ្លូវ​ទំនប់​នោះ ទៅ​ឱ្យ​​អ្នកស្រុក​ធ្វើ​ផ្ទះ​រស់នៅដោយ​ទុក​ផ្លូវ​មួយ​ទំហំ​ជាង​៤​ម៉ែត្រ ខ​ណ្ឌ​ចែក​សាលា​ពី​ផ្ទះ​អ្នកស្រុក ប៉ុន្តែ​ពេលវេលា​កន្លង​ច្រើន​ឆ្នាំទៅ អ្នកស្រុក​ដែល​ធ្វើ​ផ្ទះ​បែរមុខ​ទៅ​រក​ផ្លូវ​ទំនប់បាន​នាំ​គ្នា​ត​ផ្ទះ​របស់​ខ្លួន​មក​ក្រោយរំលោភ​លើ​ផ្លូវ​ដែល​ខ​ណ្ឌចែក​សាលា និង​ធ្វើ​ផ្ទះបាយ ទ្រុងជ្រូក បង្គន់​មក​ជាប់​នឹង​ជញ្ជាំង​សាលា​​ ​​ថែម​ទាំង​ត​បំពង់​បង្ហូរ​កាក​សំណល់​ទាំងនោះ​មក​លើ​ជញ្ជាំង​សាលា​តែ​ម្តង ។

ចំណែក​ខាង​អាជ្ញាធរ​ ពេល​គេ​​ធ្វើ​រំលោភ​លើ​ផ្លូវ​នោះ គឺ​មិន​ព្រម​​​ហាមឃាត់​ដែរ លុះ​ពេល​គេ​ធ្វើ​រួច​ហើយបង្កឱ្យ​​មាន​បញ្ហា ទើប​និយាយ​ថា គេ​ធ្វើ​រួច​ទៅ​ហើយ​មិនដឹង​ដោះ​​ជា​ស្រាយ​ធ្វើ​ម៉េច​ទេ​ ៕