ស្នាក់​ការ​​មន្ត្រី​អន្តោប្រវេសន៍ច្រក​ទ្វារ​អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាបត្រូវ​បាន​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ

ខេត្តសៀមរាប​ ៖ ​អគារ​ស្នាក់​ការរបស់​មន្ត្រីអន្តោប្រវេសន៍ច្រក​ទ្វារ​អាកាសយានដ្ឋានអន្តរជាតិ​សៀមរាប​ចំនួន​៦​ខ្នង ត្រូវ​បាន​បើក​សម្ពោធ​កាត់​ខ្សែបូជា​និមិត្តរូបដាក់​ឱ្យ​ប្រើ​ប្រាស់​ជា​ផ្លូវការ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​ក្រឡាហោម ស ខេ​ង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ និង​ការ​ប្រគល់​យានយន្ត កុំព្យូទ័រ និងថវិកា ២០​​លាន​រៀល ជូន​ដល់​ស្នងការ​ដ្ឋាន​​នគរបាល​ចំនួន​៩ខេត្ត កាលពី​ព្រឹក​ថ្ងៃ​ទី​២១ ខែធ្នូ ឆ្នាំ​២០១៥ នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប ។​​

ក្នុង​កិច្ច​ស្វាគមន៍​របស់​លោកនាយ​ឧត្តមសេនីយ៍ សុខ ផល អគ្គនាយក​អន្តោប្រវេសន៍ធ្វើ​សេចក្តីរាយការណ៍អំពី​ការ​សាងសង់​អគារ​ថ្មី និងការ​ជួសជុល​អគារ​ចាស់ ក្នុង​ទិស​ដៅ​ពង្រីក​ទីតាំង ពង្រឹង​ការ​អនុវត្ត​នីតិវិធី​​ ហើយ​សម​ទ្ធិ​ផល​ថ្មី ដែល​មាន​អគារ​ចំនួន​​៦​ខ្នងនេះ​ត្រូវ​បាន​សាងសង់​អស់​ថវិកា​សរុប៣១៥​ពាន់​៧០០​ដុល្លា ដែល​ជាអំណោយ​របស់​ សម្តេច​ក្រឡាហោម ដើម្បី​ផ្តល់​ទីតាំង​បំពេញការងារស្នាក់​នៅ​ឱ្យ​បាន​សមរម្យដល់​បងប្អូន​មន្ត្រី​អន្តោប្រវេសន៍ដែល​កំពុង​ឈរជើងនៅ​តាម​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ ។

មាន​ប្រសាសន៍​សំណេះសំណាល​នោះ​ សម្តេច​ក្រឡាហោម ស ខេ​ង បាន​គូសបញ្ជាក់​ថា សមិ​ទ្ធ​ផល​ថ្មី​នេះនឹងជួយ​ដោះស្រាយ​​​រាល់​កង្វះខាត​កន្លែង​សម្រាប់​ធ្វើ​ការងារ និងបន្ទុក​ការ​ចំណាយ​ទៅ​លើ​ការ​ជួល​ទីកន្លែង​ស្នាក់នៅ និងហូប​ចុក​របស់​មន្ត្រី​អន្តោប្រវេសន៍នៃ​ច្រក​អាកាសយានដ្ឋានអន្តរជាតិសៀមរាប ដែល​ជា​ច្រកចេញ-ចូលដ៏ សំខាន់ និងអាច​ស្រូប​ទាញ​ភ្ញៀវ​ទេសចរ​ជាតិ-អន្តរជាតិ ចូល​មក​ទស្សនា​កម្សាន្ត​នៅ​ខេត្ត​ប្រវត្តិសាស្ត្រ​មួយ​នេះ ។

សម្តេច​ក្រឡាហោម ​ស​ ខេង បាន​បន្ត​​​ថា ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ​ កំណើន​ភ្ញៀវ​ទេសចរ​មានការ​កើនឡើង ហើយនឹង​បន្តកើនឡើង​បន្ថែម​ទៀត​នៅ​ខេត្តសៀមរាប ។ ទាំងនេះ​ក៏​សបញ្ជាក់​ផង​ដែរពី​ភាព​ដឹកនាំ​របស់​ប្រមុខ​រាជរដ្ឋាភិបាល ដោយ​ផ្អែក​លើ​កត្តានៃ​សក្តានុពល​ទេសចរណ៍ ស្ថិរ​ភាព​នយោបាយ សន្តិសុខ និងសណ្តាប់ធ្នាប់​សាធារណៈ ព្រម​ទាំង​​កាលានុវត្តភាព​ជា​ច្រើន​របស់​កម្ពុ​ជានា​ពេល​បច្ចុប្បន្ន​ផង​ដែរ ៕