មតិ​​ផ្តាំ​ផ្ញើ​នូវ​ចំណុច​សំខាន់ៗ​មួយចំនួន​ដល់នាយ និង​ពល​ទាហាន​

ខេត្ត​មណ្ឌលគិរី​ ៖​ លោក​​ឧត្តមសេនីយ៍ទោ លី សូ​រ៉ា​រឹទ្ធ មេបញ្ជាការ​រង​យោធភូមិ​ភាគ​ទី​​១​បាន​មាន​ប្រសាសន៍​​ថា ការ​បំពាក់​ឋានន្តរ​ស័ក្តិ​ ​និង​ផ្លាស់​ប្តូរ​មុខងារ បាន​បង្ហាញ​ការ​​រីកចម្រើន​​មួយ​​របស់​អង្គ​ភាព​តំបន់​​ប្រតិបត្តិការ​សឹក​រង​​មណ្ឌល​គិរី​ ដែល​មាន​​សកម្ម​ភាព​កន្លង​​មក​​ច្រើន​​ឆ្នាំ ហើយ​​មាន​លទ្ធផល​ល្អ​គួរ​ជាទី​មោ​ទ​នៈ​ ។

​លោក​​មេប​ញ្ជាការ​រង​មាន​ប្រសាសន៍​​បែប​​នេះ ក្នុង​ពិធី​ផ្លាស់​ប្តូរ​​មុខងារ និង​ដំឡើង​ឋានន្តរស័ក្តិ​នៅ​តំបន់​ប្រតិបត្តិការ​​សឹក​រង​មណ្ឌល​គិរី កាលពីវេលា​​ព្រឹក​ថ្ងៃ​ទី២១ ​ធ្នូ ២០១៥ ។

ក្នុងឱ​កាស​នោះ​ លោក​​ក៏​បាន​ផ្តាំផ្ញើ​ដល់​នាយទាហាន​ ពល​ទាហាន​នូវ​ចំណុច​សំខាន់​ៗ​មួយ​ចំនួន​ ​ដូច​ជា​ ទី​១-​គឺ​ត្រូវ​ស្មោះត្រង់​ចំពោះ​​មេបញ្ជាការ​របស់ខ្លួន​តាម​ឋានានុក្រម ។

ទី​២-​ត្រូវ​ចេះ​ពង្រឹង ​និង​ពង្រីក​ការ​សាមគ្គីទាំង​ផ្ទៃក្នុង ទាំងខាងក្រៅ​អង្គភាព ព្រមទាំង​ទំនាក់ទំនង​ក្រៅប្រទេស​ផង​ដែរ ។

ទី​៣-មេបញ្ជាការ​ទទួល​មុខ​​តំណែង​ថ្មី​ ត្រូវ​បន្ត​ការ​អភិវឌ្ឍន៍ និង​ពង្រីក​ការ​ក​​សាង​អង្គ​ភាព​ឱ្យ​​កាន់តែ​ប្រសើ​រ​ថែម​​ទៀត ជា​ពិសេស​ត្រូវ​គ្រប់​គ្រង​កម្លាំងឱ្យ​​បាន​ល្អ ចេះ​ទប់ស្កាត់​បំបាត់​នូវ​រាល់​កិច្ចការ​ទាំងឡាយ ដែល​ឆ្ងាយ​​ពី​ច្បាប់​របស់​រដ្ឋ ច្បាប់​របស់​ខេមរ​ភូមិន្ទ និង​បទ​បញ្ជា​របស់​​មេបញ្ជាការ​របស់​ខ្លួន ព្រមទាំង​ធ្វើការ​អប់រំ​ចិត្តសាស្ត្រ​ដល់​កងកម្លាំង​ជា​រឿយ​ៗ​​ផង​ដែរ​ ។

លោក​​ឧត្តមសេនីយ៍​ត្រី ឃិ​ន ម៉េ​ង​ស្រេង ​មេបញ្ជាការតំបន់​ប្រតិបត្តិការ​សឹក​រង​​មណ្ឌលគិរី​បាន​ឱ្យ​​ដឹង​​ថា បច្ចុប្បន្ន​ អង្គភាព​​កំពុង​មាន​ការ​​អភិវឌ្ឍន៍សមិទ្ធ​ផល​ថ្មី​ៗ​​ជា​បន្តបន្ទាប់ ក្នុង​នោះ​មានការ​​សាងសង់អគារ​ស្នាក់​នៅរបស់​កង​កម្លាំង អគារ​លេខាធិការ​ដ្ឋាន និង​អ​គារ​សេនាធិ​ការដ្ឋាន​ជាដើម ។