លោក ម៉ក់ ពេ​ជ្ជ​រិ​ទ្ធ បណ្ដោយ​ឲ្យ​មន្ត្រី​កាំកុងត្រូល​ច្រក​ចាំ​យាម​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​

លោក ម៉ក់ ពេ​ជ្ជ​រិ​ទ្ធ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​កាំកុងត្រូល​ក្រសួងពាណិជ្ជកម្ម ត្រូវបាន​មជ្ឈដ្ឋាន​នានា​រិះគន់ថា កំពុង​បើកដៃ​ឲ្យ​មន្ត្រី​កាំកុងត្រូល​ខេត្តកោះកុង ជាពិសេស​មន្ត្រី​កាំកុងត្រូល​ច្រកទ្វារ​អន្តរជាតិ​ចាំ​យាម​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​។ ជាក់ស្តែង​មន្ត្រី​កាំកុងត្រូល​ច្រក​ចាំ​យាម​បាន​បើកដៃ​ឲ្យ​ឈ្មួញ​នាំចូល​បន្លែ​ផ្លែឈើ សាច់មាន់ ស្លាបមាន់ ជើងមាន់ កោះមាន់ និង​ប្រហិត​ខូចគុណភាព​យកមកចែក​ចាយ​ក្នុង​ទីផ្សារ​ប្រទេស​កម្ពុជា​យ៉ាង​អនាធិបតេយ្យ​។ ប្រជាពលរដ្ឋ​ក្នុង​ខេត្តកោះកុង បាន​អះអាងថា​ប្រសិនបើ​គ្មាន​ការបើក​ដៃ​ពី​មន្ត្រី​កាំកុងត្រូល​ទេនោះ គឺ​ឈ្មួញ​ខិលខូច​មិនអាច​នាំចូល​ទំនិញ​ខូចគុណភាព​មក​បំផ្លាញ​សុខភាព​ប្រជាពលរដ្ឋ​ខ្មែរ​បានឡើយ​។

មន្ត្រីរាជការ​និង​ប្រជាពលរដ្ឋ​ក្នុង​ខេត្តកោះកុង បាន​អះអាងថា​ពួកគាត់​កំពុង​ព្រួយបារម្ភ​យ៉ាងខ្លាំង​ពី​ផលប៉ះពាល់​ដល់​សុខភាព ព្រោះ​មន្ត្រី​កាំកុងត្រូល​និង​សមត្ថកិច្ច​គយ​ច្រក​ចាំ​យាម បាន​បើកដៃ​ឲ្យ​ឈ្មួញ​នាំចូល​ចំណីអាហារ​មាន​ផ្ទុក​សារធាតុ​គីមី​និង​ខូចគុណភាព​មក​លក់​ចែកចាយ​ក្នុង​ទីផ្សារ​យ៉ាង​ពេញបន្ទុក​។ ប្រជាពលរដ្ឋ​ក្នុង​ខេត្តកោះកុង បាន​ឲ្យ​ដឹងថា បច្ចុប្បន្ននេះ​បន្លែ​ផ្លែឈើ សាច់មាន់ ឆ្អឹង​មាន់ ស្លាបមាន់ កោះមាន់ និង​ប្រហិត​ខូចគុណភាព ត្រូវ​ឈ្មួញ​នាំចូល​ជាច្រើន​តោន​ក្នុង​មួយថ្ងៃៗ​តាម​ច្រក​អន្តរជាតិ​ចាំ​យាម​។ សមត្ថកិច្ច​ពាក់ព័ន្ធ​នៅ​ច្រក​ចាំ​យាម​មួយចំនួន​ក៏បាន​ឲ្យ​ដឹង​ដែរ​ថា មន្ត្រី​កាំកុងត្រូល​និង​មន្ត្រី​គយ​ច្រក​ចាំ​យាម​មិនបាន​ពិនិត្យ​ទៅលើ​គុណភាព​ទំនិញ​ដែល​ឈ្មួញ​នាំចូល​នោះទេ ហើយ​បែរជា​ឃុបឃិត​ឲ្យ​ឈ្មួញ​នាំចូល​ដើម្បី​ជា​ថ្នូរ​នឹង​លុយកាក់ ដោយ​ខ្វះ​ការពិចារណា​។

តាម​ការអះអាង​របស់​សមត្ថកិច្ច​ពាក់ព័ន្ធ​បាន​ឲ្យ​ដឹងថា ទំនិញ​ជា​ប្រភេទ​គ្រឿង​ឧបភោគបរិភោគ​ដូចខាងលើ ត្រូវ​ឈ្មួញ​នាំចូល​នៅវេលា​ទៀបភ្លឺ​ជាច្រើន​រទេះ ច្រើន​បាវ ឆ្លងកាត់​ច្រក​ចាំ​យាម​ដោយ​ពុំមាន​ការត្រួតពិនិត្យ​ពី​សមត្ថកិច្ច​កាំកុងត្រូល​កូនចៅ​លោក ម៉ក់ ពេ​ជ្ជ​រិ​ទ្ធ នោះទេ​។ ទំនិញ​ខូចគុណភាព​និង​មាន​ផ្ទុក​សារធាតុ​គីមី​ទាំងនោះ ត្រូវ​ឈ្មួញ​នាំចូល​និង​ចែកចាយ​តាម​ទីផ្សារ​នានា​ក្នុង​ខេត្តកោះកុង និង​យកមក​ចែកចាយ​ក្នុង​រាជធានី​ភ្នំពេញ​ផងដែរ ដែល​អាចធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​ទិញ​ចំណីអាហារ​ទាំងនោះ​យកមក​ទទួលទាន​។ ដូច្នេះ​លោក ម៉ក់ ពេ​ជ្ជ​រិ​ទ្ធ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​កាំកុងត្រូល​ក្រសួងពាណិជ្ជកម្ម គួរ​ចាត់វិធានការ​លើ​មន្ត្រី​កាំកុងត្រូល​ពុករលួយ​នៅ​ច្រក​ចាំ​យាម​ជាបន្ទាន់ ដើម្បី​កុំ​ឲ្យ​ពួកគេ​ឃុបឃិត​បើកដៃ​ឲ្យ​ឈ្មួញ​នាំចូល​ទំនិញ​ខូចគុណភាព និង​មាន​ផ្ទុក​សារធាតុ​គីមី​មក​បំផ្លាញ​សុខភាព​ប្រជាពលរដ្ឋ​ខ្មែរ​តទៅទៀត​៕

bhgyteee gtfrgccc tgfraaa hyghyt