ស្នងការ​នគរបាល​ខេត្តមណ្ឌលគិរី បណ្ដោយ​ឲ្យ​កូនចៅ​ឃុបឃិត​ជាមួយ​ឈ្មួញ​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​

មន្ត្រីនគរបាល​តូចតាច​បម្រើ​ការងារ​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តមណ្ឌលគិរី បាន​ឲ្យ​ដឹងថា លោក តូច យ៉ុ​ន ស្នងការ​នគរបាល​ខេត្ត កំពុង​បណ្ដោយ​ឲ្យ​មន្ត្រីក្រោមឱវាទ​មួយចំនួន​ឃុបឃិត​ជាមួយ​ក្រុម​ឈ្មួញ​ដឹកជញ្ជូន​ឈើ​ខុសច្បាប់ ដើម្បី​ប្រមូល​ផលប្រយោជន៍​ចែកគ្នា​ធ្វើ​មាន​ធ្វើបាន​យ៉ាង​សុខ​ស្រួល​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា ស្នងការរង​មួយរូប​ឈ្មោះ ម៉ី អាន ទទួល​ផែន​សេដ្ឋកិច្ច​ត្រូវបាន​លោក តូច យ៉ុ​ន បើកដៃ​ឲ្យ​ដើរ​ប្រមូល​លុយ​ពី​ឈ្មួញ​ដឹកជញ្ជូន​ឈើ ដើម្បី​យកមកចែក​គ្នា​ហើយ​មិន​ខ្វល់​ពី​ការរិះគន់​អ្វី​ទាំងអស់​។ ជាងនេះទៅទៀត​លោក ម៉ី អាន ត្រូវបាន​គេ​ដឹងថា ជា​អ្នកកាង​រថយន្ត​ដឹកឈើ​ទៅ​លក់​នៅ​ស្រុក​យួន​ទៀតផង ព្រោះ​អាង​មាន​លោក តូច យ៉ុ​ន ជា​ខ្នងបង្អែក​។

​ប្រជាពលរដ្ឋ​ក្នុង​ខេត្តមណ្ឌលគិរី បាន​រិះគន់ថា ក្រោយពេល​លោក តូច យ៉ុ​ន ឡើងកាន់តំណែង​ជា​ស្នងការ​នគរបាល​ខេត្តមណ្ឌលគិរី ជំនួស​លោក ញ៉ែម វ៉ាន់​នី រួចមក​គឺ​បន្ត​ប្រព្រឹត្ត​អំពើអាក្រក់​មិន​ខុសពី​លោក ញ៉ែម វ៉ាន់​នី នោះទេ​។ ជាការ​ពិត​លោក តូច យ៉ុ​ន បាន​បណ្ដោយ​ឲ្យ​ស្នងការរង គឺ​លោក ម៉ី អាន ទទួលបន្ទុក​ផែន​សេដ្ឋកិច្ច​និង​បក្ខពួក​ប្រមូល​លុយ​ពី​ឈ្មួញ​ដឹកឈើ​និង​ពី​រោង​សិប្បកម្ម​កែច្នៃ​ឈើ​ស្រេច​តែ​អំពើ​ចិត្ត​។ ហេតុនេះហើយ​ទើប​បទល្មើស​ដឹកជញ្ជូន​ឈើ​ចេញពី​ខេត្តមណ្ឌលគិរី ទៅ​លក់​នៅ​ស្រុក​យួន​កំពុង​កើតឡើង​យ៉ាង​អនាធិបតេយ្យ ហើយ​បទល្មើស​កាប់​ឈើ​នៅ​តំបន់ភ្នំ​ព្រេច ស្រុក​កែវ​សីមា ស្រុក​អូររាំង ស្រុក​ពេ​ជ្រា​ដា និង​ស្រុក​កោះ​ញែក នៅតែ​បន្ត​រាលដាល​ឥតឈប់ឈរ​។

មន្ត្រីនគរបាល​ក្នុង​ខេត្តមណ្ឌលគិរី មួយចំនួន​បាន​ឲ្យ​ដឹងថា ក្នុងនាម​ជា​ស្នងការ​នគរបាល​ខេត្ត លោក តូច យ៉ុ​ន មិនសូវ​យកចិត្តទុកដាក់​បំពេញការងារ​តាម​តួនាទី​របស់ខ្លួន​ក្នុងការ​ទប់ស្កាត់​បទល្មើស​ផ្សេងៗ និង​រក្សា​សន្តិសុខ​សង្គម​នោះទេ​។ ផ្ទុយទៅវិញ​លោក តូច យ៉ុ​ន បាន​បើកដៃ​ឲ្យ​លោក ម៉ី អាន ដែលជា​មនុស្ស​ជំនិត​របស់ខ្លួន​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត ជាពិសេស​ការប្រមូល​លុយ​ពី​ក្រុម​ឈ្មួញ​ដឹកឈើ​ខុសច្បាប់​យកទៅលក់​នៅ​ស្រុក​យួន​។ បញ្ហា​នេះ​លោក អេង ប៊ុន​ហ៊ាង អភិបាល​មណ្ឌលគិរី គួរពិនិត្យមើល​ផងដែរ ព្រោះ​ក្នុងនាម​ជា​គណៈបញ្ជាការ​ឯកភាព​ខេត្ត គឺ​លោក អេង ប៊ុន​ហ៊ាង មិនគួរ​បណ្ដោយ​ឲ្យ​សមត្ថកិច្ច​នគរបាល​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​នោះទេ​។ ជាងនេះទៅទៀត​សកម្ម​ភាពមិនប្រក្រតីរ​ប​ស់លោក ម៉ី អាន ស្នងការរង​នគរបាល​ខេត្តមណ្ឌលគិរី មួយ​រយៈពេល​កន្លងទៅ​នេះ បានធ្វើ​ឲ្យ​ប៉ះពាល់​ដល់​កេរ្តិ៍ឈ្មោះ​ស្ថាប័ន​នគរបាលជាតិ​ទាំងមូល​ផងដែរ​៕

W@t-211210លោក តូច យ៉ុ​ន ស្នងការ​នគរបាល​ខេត្តមណ្ឌលគិរី