Casillas ប្រាប់​ពី​អនាគត​អ្នកចាំទី​ឆ្នើម​៤​រូប​​ដែល​ខ្លួន​មើល​ឃើញ


Casillas ប្រាប់​ពី​អនាគត​អ្នកចាំទី​ឆ្នើម​៤​រូប​​ដែល​ខ្លួន​មើល​ឃើញ

វីរបុរស​អេស្ប៉ាញ​ Iker Casillas ​បាន​បង្ហើប​ឲ្យ​ដឹង​ពី​អ្នកចាំទី​ឆ្នើម​៤រូប​ ដែល​អាច​វិវត្ត​ខ្លួន​ក្លាយ​ទៅ​ជា​ អ្នកចាំទី​កំពូល​នា​ពេល​អនាគត។

 

ឆ្លើយ​តប​ទៅ​នឹង​សំនួរ​ក្នុង​បណ្ដាញ​សង្គម​ Twitter​ ពី​សំណាក់​អ្នកគាំទ្រ​ដែល​សួរ​ថា​ តើ​កីឡាករ Casillas ​គិត​ថា​កីឡាករ​ណា ដែល​នឹង​ក្លាយ​ជា​អ្នកចាំទី​ល្អ​បំផុត​ក្នុង​លោក? អតីត​អ្នកចាំទី Real Madrid បាន​បញ្ចេញ​ទស្សនៈ​ផ្ទាល់​ខ្លួន​ថា៖ “សម្រាប់​ខ្ញុំ​គឺ​ David De Gea, Ter-Stegen, Thibaut Courtois និង Bernd Leno”។

 

Casillas ប្រាប់​ពី​អនាគត​អ្នកចាំទី​ឆ្នើម​៤​រូប​​ដែល​ខ្លួន​មើល​ឃើញ

 

នៅ​ក្នុង​ចំណោម​ឈ្មោះ​ដែល Casillas រៀបរាប់​ខាងលើ​គេ​សង្កេត​ឃើញ​ថា​ De Gea គឺជា​មិត្ត​រួម​សញ្ជាតិ​ដែល បច្ចុប្បន្ន​ជា​អ្នកចាំទី​ក្នុង​ក្រុម​ជម្រើស​ជាតិ​អេស្ប៉ាញ​ ដោយ​ឡែក​កីឡាករ​ដទៃ​ទៀត​ដូចជា​ Courtois និង Ter-Stegen​ ជា​ដើម​គឺ​ជា​គូ​ប្រកួត​ដ៏​មាន​សមត្ថភាព​ដែល​អ្នកចាំទី​វ័យ​ ៣៤ឆ្នាំ ធ្លាប់​ប្រកួត​ជាមួយ។

 

ចំណុច​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​គឺ​ក្នុង​បញ្ជី​អនាគត​អ្នកចាំទី​កំពូល​ទាំង​៤​មិន​មាន​ឈ្មោះ​ Keylor Navas ដែល​ជា​អ្នក​ជំនួស​តំណែង​ Casillas នៅ​ក្លិប​ Real Madridឡើយ​ បែរ​ជា​ Navas​ត្រូវ​គេ​មើល​ឃើញ​ថា​ ជា​អ្នកចាំទី​កំពូល​១​រូប​ នា​សម័យ​បច្ចុប្បន្ន​ក៏​ដោយ។

 

Casillas ក៏​ត្រូវ​ចោទ​សួរ​ផង​ដែរ​ពី​ការ​ប្រកួត​ Europa League​ ដែល​វា​គឺជា​លើក​ដំបូង​សម្រាប់​គេ​ចូល​លេង នៅ​ក្នុង​កម្មវិធី​នោះ​ តែ​អ្នកចាំទី​ដែល​លេង​ឲ្យ Real Madrid ​ជាង​៧០០ប្រកួត​ បាន​ឆ្លើយ​យ៉ាង​ខ្លី​ថា៖ “កម្មវិធី Europa League​ ពោរពេញ​ទៅ​ដោយ​ក្រុម​ខ្លាំង​ៗ​ ហើយ​យើង​នឹង​ដឹង​ថា​ Porto មាន​ការ​លំបាក​យ៉ាងណា​ គឺ​ត្រូវ​រង់ចាំ​នៅ​ពេល​ការ​ប្រកួត​មក​ដល់​ក្នុង​ខែ​កុម្ភៈ”៕

 

 

ចុច​អាន៖ Spurs គ្រោង​សង់​កីឡដ្ឋាន​ថ្មី​ ផ្ទុក​មនុស្ស​បាន​ជាង​៦ម៉ឺន​នាក់

 

 

ប្រែ​សម្រួល៖ រុន វីរ៉ុត
ប្រភព៖ marca