ហ៊ី​យ៉ា​ន់​ដាយ​ដឹកស្រូវបុក​ហ៊ី​យ៉ា​ន់​ដាយ​ដឹក​ខ្សាច់​ រួញ​ក្បាល​ចូល​គ្នា គាប​ជាប់​អ្នកបើកបរ​ទាំង​២របួស​ធ្ងន់

ខេត្ត​ព្រៃវែង ៖ ​កាលពី​វេលា​ម៉ោង​១១​​និង​៥៥​នាទី​ព្រឹក ថ្ងៃ​ទី​២២ ​ធ្នូ​ នេះ គ្រោះថ្នាក់​ចរាចរ​ណ៍ដ៏​គួរឱ្យ​រន្ធត់​មួយ បាន​កើតឡើង​នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​១១១ ត្រង់​ចំណុច​ផ្លូវ​កោង​មុខ​ខ្លោងទ្វា​វត្ត​ពោ​ធិ៍​អណ្តោត ក្នុង​ឃុំ​ជើងភ្នំ ស្រុក​បាភ្នំ ​​​បាន​ធ្វើ​ឱ្យមានការ​កកស្ទះ​ចរាចរ​ណ៍​ជាង​២​ម៉ោង ដោយសារ​តែ​រថយន្ត​ហ៊ី​យ៉ា​ន់​ដាយ​មួយ​គ្រឿងបើក​វ៉ា​គោ​យន្ត​កែ​ច្នៃ​ដែល​នៅ​ខាង​មុខ ហើយ​ជ្រុល​ទៅ​បុក​រថយន្ត​ហ៊ី​យ៉ា​ន់​ដាយ​មួយ​គ្រឿង​ទៀត ដែល​បើក​មក​បញ្ច្រាសទិស​គ្នា ធ្វើ​ឱ្យ​រថយន្ត​ទាំង​២ រួញ​ក្បាល​ចូល​គ្នា​គាប​ជាប់​អ្នក​បើក​បរ​រថ​យន្ត​ទាំង​សង​ខាង​ក្នុង​កាប៊ីននៅ​កណ្តាល​ទ្រូងផ្លូវ​តែ​ម្តង​។

​សមត្ថកិច្ច​បាន​បញ្ជាក់​ឱ្យ​ដឹង​ថា គ្រោះថ្នាក់​ចរាចរ​ណ៍​នេះ​បង្ក​ឡើង​ដោយសារ​​​រថយន្តហ៊ី​យ៉ា​ន់​ដាយ​ដឹកស្រូវ ​​ពាក់​ស្លាក​លេខ​ភ្នំពេញ ៣B០០២៣ ​​បើក​មក​ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត ក្នុង​ល្បឿ​ន​យ៉ាង​លឿន ពេល​មក​ដល់​ចំណុច​កើតហេតុ​បាន​ព្យាយាម​បើក​វ៉ា​គោ​យន្ត​មួយ​គ្រឿង​ដែល​នៅ​ខាង​មុខ ស្រប​ពេល​នោះ​ក៏​មាន​រថយន្ត​ហ៊ី​យ៉ា​ន់​ដាយ​ដឹក​ខ្សាច់មួយ​គ្រឿង​ទៀត ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ​៣A០០៩៦ បើក​មក​ដល់​ក្នុង​ល្បឿន​លឿន​ដែរ ទើប​ធ្វើ​ឱ្យ​រថយន្ត​ទាំង​២​បុក​គ្នា​លាន់​ដូច​រន្ទះ ផ្អើល​អស់អ្នក​ស្រុក​នាំ​គ្នា​រត់​ចេញ​មក​មើល​ ​និង​ស្មានថា​ ជា​សំឡេង​ផ្ទុះ​គ្រាប់​។

ក្រោយ​ពេល​កើតហេតុ ទាំង​ប្រជាពលរដ្ឋ​ និង​សមត្ថកិច្ច​បាន​នាំ​គ្នា​ជួយ​គាស់​កាប៊ី​ន​រថយន្ត​ទាញ​ជន​រង​គ្រោះ​ដែល​ជា​អ្នកបើកបរអស់​រយៈពេល​ជាង​១​ម៉ោង​ទើប​យក​ជន​រង​គ្រោះ​ចេញមក​បាន ហើយ​ក៏​បាន​ទាក់ទង​ហៅ​រថយន្ត​សង្គ្រោះ​ទៅ​ដឹក​​យក​ទៅ​ព្យាបាល​នៅ​ឯ​មន្ទីរពេទ្យ​បង្អែក​អ្នក​លឿង ចំណែក​រថយន្ត​ទាំង​២​ត្រូវ​បាន​សមត្ថកិច្ច​​និង​ប្រជាពលរដ្ឋរុញ​ទាញ​ចេញពី​គ្នា រួច​រុញ​យក​ទៅ​ដាក់​នៅ​ចិញ្ចើម​ផ្លូវ​ដើម្បី​សំរួល​ឱ្យ​​ធ្វើ​ច​រាចរ​ណ៍​ឡើង​វិញ​បាន​។

សមត្ថកិច្ច​បាន​បញ្ជាក់​ថា គ្រោះថ្នាក់​ចរាចរ​ណ៌​នេះ​កើតឡើង​ដោយសារ​តែអ្នកបើកបរ​ទាំង​២​បើក​លឿន​ខ្លាំង​ពេក ចំណុច​ផ្លូវ​កោង​ហើយ​នៅ​តែ​លឿន​ទៀត បើសិន​ទាំងអស់​គ្នា​គោរពច្បាប់​ចរាចរ​ណ៌៍នោះ​ក៏​មិនកើត​មាន​គ្រោះថ្នាក់​បែប​នេះ​ដែរ​៕