ម៉​ន ភារ​ម្យ និង ង៉ែ​ត្រ រ​ដ្ឋា ត្រៀម​កណ្ដាប់ដៃ​ស្វាគមន៍​កីឡាករ​ថៃ​នៅ​លើ​សង្វៀន​ស៊ី​ធី​អិន

រាជធានី​ភ្នំពេញ ៖ ម៉​ម ភារ​ម្យ មក​ពី​ក្លិប​ការិយាល័យ​ទី​៥ កងទ័ពជើងគោក ត្រូវ​បាន​គណៈកម្មការ​ប្រដាល់​ផ្គូផ្គង​ឱ្យ​ជួប​ប្រកួត​ជាមួយ​កីឡាករ​ថៃ​ឈ្មោះ វី​ហ្គោ ស​.​ដាន​ឆ័​យ ចំណែក​ង៉ែ​ត្រ រ​ដ្ឋា មក​ពី​ក្លិប​តា​ព្រហ្ម​មាន​ជ័យ​បង្ក្រាប​គ្រឿងញៀន ជួប​ប្រកួត​ជាមួយ​កីឡាករ​ថៃ​ឈ្មោះ ភិត​ណ​យ ពៀក​ខា​ឃែ​រ៍ នៅ​លើ​សង្វៀន​ស៊ី​ធី​អិន​ថ្ងៃ​សៅរ៍ ទី​២៦ ធ្នូ ។

នេះ​គឺជា​លើក​ទី​១​ហើយ​ដែល​ម៉​ន ភារ​ម្យ ត្រូវ​បាន​ផ្ដល់​ឱកាស​ឱ្យ​ជួប​ប្រកួត​ជាមួយ​កីឡាករ​ថៃ ដែល​មិន​ធ្លាប់​មក​ប្រកួត​នៅ​ស្រុក​ខ្មែរ​ម្ដងណា​ឡើយ ។ កីឡាករ​ថៃ​រូប​នេះ ធ្លាប់​ប្រកួត​បាន​៦៥​ដង ឈ្នះ​៥៣​ដង និង​ចាញ់​១២​ដង ចំណែក ម៉​ន ភារ​ម្យ ធ្លាប់​ប្រកួត​បាន​៧០​ដង ឈ្នះ​៦០​ដង ចាញ់​១០​ដង និង​ធ្លាប់​ផ្ដួល​គូប្រកួត​ឱ្យ​សន្លប់​បាន​១៥​ដង ។ ទោះបី​យ៉ាងណា ម៉​ន ភារ​ម្យ មិន​ត្រូវ​មើល​ស្រាល​លើ​ការ​ប្រកួត​លើក​នេះ​ទេ ដោយសារ​កីឡាករ​ថៃ​រូប​នេះ​មិន​ធ្លាប់​មក​ប្រកួត​នៅ​ស្រុក​ខ្មែរ ទើប​អត់​មាន​អ្នក​ណា​ដឹង​ថា គេ​មាន​ល្បិច​ប្រកួត​នៅ​លើ​សង្វៀន​ខ្លាំង​ប៉ុនណា ។

ចំណែក ម៉​ន ភារ​ម្យ មាន​ចរិត​ឆេវឆាវ​បន្តិច មិនតែប៉ុណ្ណោះ​គេ​មិនសូវ​ពូកែ​ក្នុង​ការ​ប្រើ​ស្នៀត​កែង និង​ជង្គង់​ឡើយ ។ ស្នៀត​កណ្ដាប់ដៃ និង​ស្នៀត​ជើង​របស់​គេ​អាច​វាយ និង​ទាត់​ចេញ​បាន​ត្រង់​ល្អ​និង​មាន​ទម្ងន់​ធ្ងន់​ទៀត​ផង ។

ចំណែក ង៉ែ​ត្រ រ​ដ្ឋា ជួប​ប្រកួត​ជាមួយ​កីឡាករ​ថៃ​លើក​នេះ ក៏​ជា​លើក​ទី​១ សម្រាប់​រូបគេ​ដែរ ។ ទោះបី​កីឡាករ​ថៃ​ជា​គូប្រកួត​ធ្លាប់​មាន​ប្រវត្តិ​ឡើង​សង្វៀន​យ៉ាង​ជោកជាំ ជា​ពិសេស​សង្វៀន​ស្រុក​ខ្មែរ ក៏​ង៉ែ​ត្រ រ​ដ្ឋា មិន​ញញើត​សោះឡើយ ដោយសារ​គេ​មាន​សមត្ថភាព​គ្រប់គ្រាន់​កំដរ​ដៃគូ​មិន​ឱ្យ​ទស្សនិកជន​ខកចិត្ត​ទេ ។ ង៉ែ​ត្រ រ​ដ្ឋា ធ្លាប់​ប្រកួត​បាន​៧២​ដង ឈ្នះ​៦០​ដង ចាញ់​១២​ដង និង​ធ្លាប់​ផ្ដួល​គូប្រកួត​ឱ្យ​សន្លប់​បាន​១៨​ដង រីឯ​កីឡាករ​ថៃ​ភិត​ណាយ ពៀក​ខា​ឃែ​រ៍ ធ្លាប់​ប្រកួត​បាន​៧០​ដង ឈ្នះ​៥៧​ដង ចាញ់​១១​ដង និង​ស្មើ​២​ដង ។ ចាំ​មើល​គូ​នេះ​នរណា​ជា​អ្នក​សម្រេច​គោលដៅ ?

ដោយឡែក​គូប្រកួត​មិត្តភាព​ធម្មតា​វិញ មាន​កីឡាករ​នេន វ​ណ្ណា មក​ពី​ក្លិប​ខ្លារខិន​មាន​រិ​ទ្ធ​ជួប​ប្រកួត​ជាមួយ​កីឡាករ​វ៉ា​ន់ ចាន់​វ៉េ​ត មក​ពី​ក្លិប​គី​សែ​មាន​រិ​ទ្ធ ។ កីឡាករ​លី​ន ចំរើន មក​ពី​ក្លិប​បុរី​រាជសីហ៍ ជួប​ប្រកួត​ជាមួយ​កីឡាករ​ខួច វ​ណ្ណា មក​ពី​ក្លិប​អេ​ភូ​ថង​កីឡា និង​កីឡាករ​គង់ វិចិត្រ មក​ពី​ក្លិប​កងពលតូច​លេខ​៧០ ជួប​ប្រកួត​ជាមួយ​កីឡាករ ខួច វណ្ណា មក​ពី​ក្លិប​អេ​ភូ​ថង​កីឡា  ៕