​ក្រុមហ៊ុន​នគរ​គោក​ធ្លក​​បញ្ចប់​ការ​វិនិយោគតំបន់​ឧទ្យាន​ជាតិ​ព្រះ​ជ័យ​វរ្ម័ន​-​នរោត្តម ភ្នំ​គូលែន

រាជ​ធានី​ភ្នំពេញ​ ៖ តំបន់​ឧទ្យាន​ជាតិ​ព្រះ​ជ័យ​វរ្ម័ន​-​នរោត្តម ភ្នំ​គូលែន​ត្រូវ​បាន​ក្រុមហ៊ុន​នគរ​គោក​ធ្លក​របស់អ្នកឧកញ៉ា សៀង ណាំ ដែល​ទទួល​បាន​សិទ្ធិ​វិនិយោគសម្រេច​បញ្ចប់​ការ​វិនិយោគ​របស់​ខ្លួន និង​ស្ម័គ្រចិត្ត​ប្រគល់​ជូន​ក្រសួងបរិស្ថាន​គ្រប់គ្រង​វិញ បន្ទាប់​ពី​មានការ​សម្របសម្រួល និង​ឯកភាព​គ្នារវាង​ក្រសួងបរិស្ថាន និង​ក្រុមហ៊ុន​នគរ​គោក​ធ្លក​កាលពី​ពេល​ថ្មី​ៗ​នេះ​។

ក្រសួងបរិស្ថាន​ជា​អ្នកគ្រប់គ្រង​តំបន់​ឧទ្យាន​ជាតិ​នេះ ហើយ​ស្ថាប័ន​ពាក់ព័ន្ធ​នានា​ ក្នុងនោះ​មាន​អាជ្ញាធរ​អប្សរា​នឹង​ទទួល​ភារកិច្ច​ក្នុង​ការ​ពង្រឹង​ការងារ​គ្រប់គ្រង អភិរក្ស និង​អភិវឌ្ឍ​បេ​តិក​ភ័​ណ្ឌ និង​ទេសចរណ៍ រម​ណីយដ្ឋាន​វប្បធម៌​ប្រវត្តិសាស្ត្រ និង​ធម្មជាតិ​ន​ឡ​ភ្នំ​គូលែន​នេះ​។

ដើម្បី​សម្រួល​ដល់​ការ​ធ្វើ​ដំណើរ​ឡើង​ចុះ​របស់​ប្រជាជន អ្នក​អភិរក្ស អ្នក​ស្រាវជ្រាវ និង​ភ្ញៀវ​ទេសចរ អាជ្ញាធរ​អប្សរា​នឹង​ធ្វើការ​សាង់សង់​ផ្លូវ​ចុះពី​ចំណុច​ព្រះ​អង្គ​ធំ និង​ជួសជុល​ហេដ្ឋារចនាសម្ព័ន្ធ​ចាំបាច់​នានា​។

នៅ​ចំពោះ​មុខ​នេះ ដោយ​ធ្វើ​កិច្ចសហការ​ជាមួយ​ក្រសួង​ស្ថាប័ន​មាន​សមត្ថកិច្ច​ ក្នុង​នោះ​រួម​ទាំង​សាលាខេត្ត​សៀមរាប យោធភូមិ​ភាគ​៤​ និង​អាជ្ញាធរ​មូលដ្ឋាន ក្រសួងបរិស្ថាន​នឹង​ដឹកនាំ​គណៈកម្មការ​វាយតម្លៃ និង​ដោះស្រាយការ​ផ្ទេរ​ចុះ​ពីលើ​ភ្នំ​នូវ​កងទ័ព គ្រួសារ​កងទ័ព និង​ប្រជាជន​ទាំងអស់​ដែល​បានចូល​ទៅ​តាំងទី​លំនៅ​លើ​ភ្នំ​ជា​លក្ខណៈ​អនាធិបតេយ្យ​នា​ពេល​កន្លង​ទៅ​៕