ពួក​ហេ​ស​ប៊ុល​ឡា​ហ៍​ហែសព​មនុស្ស​សំខាន់​របស់​ខ្លួន​ត្រូវ​អីុ​ស្រា​អែ​ល​សម្លាប់​ទៅ​បញ្ចុះ​ហើយ​សន្យា​សងសឹក

ប្រមុខ​ក្រុម​ហេ​ស​ប៊ុល​ឡា​ហ៍​លី​បង់ លោក​ហា​សាន់ ណា​ស្ត្រា​ឡា​ហ៍ បាន​សន្យា​កាលពី​ថ្ងៃ​ទី​២១ ធ្នូ ឆ្លើយ​តប​វិញ​ចំពោះ​ការ​ធ្វើឃាត​លោក​សា​មៀរ កាន់​តារ ជា​មនុស្ស​សំខាន់​នៃ​ចលនា​ស៊ី​អីុត​នេះ​ដែល​ត្រូវ​សម្លាប់​នៅ​ជិត​ក្រុង​ដា​ម៉ាស់ រដ្ឋធានី​ស៊ី​រី ដោយសារ​ការ​វាយប្រហារ​តាម​អាកាស​មួយ​របស់​អុ​ី​ស្រា​អែ​ល ។

ក្នុង​សុន្ទរកថា​មួយ​តាម​ទូរទស្សន៍ AL MANAR ជា​ទូរទស្សន៍​របស់​ចលនា​ហេ​ស​ប៊ុល​ឡា​ហ៍ លោក​ណា​ស្ត្រា​ឡា​ហ៍ អះអាង​ថា គេ​រក្សា​សិទ្ធិ​ឆ្លើយ​តប​វិញ​ចំពោះ​ការ​ធ្វើឃាត​នេះ នៅ​កន្លែង​ណាមួយ ឬ​ពេល​ណាមួយ ដែល​យើង​យល់​ថា​សម​ស្រប ហើយ​យើង​នឹង​អនុវត្ត​សិទ្ធិ​នេះ ។

ប្រមុខ​ក្រុម​ហេ​ស​ប៊ុល​ឡា​ហ៍ ថ្លែង​បែប​នេះ​ប៉ុន្មាន​ម៉ោង​បន្ទាប់​ពី​ពិធី​ដង្ហែ​សព​ដ៏​ធំ​នៅ​ភាគ​ខាងត្បូង​ក្រុង​បៃ​រូត ជា​ការ​គោរព​វិញ្ញាណក្ខន្ធ​លោកសា​មៀរ កាន់​តារ ជា​អ្នក​ទទួល​ខុសត្រូវ​នៃ​រណសិរ្ស​ខ្ពង់រាប​ហ្គោ​ឡង់ ផ្នែក​កាន់កាប់​ដោយ​អីុស្រា​អែ​ល​ចាប់តាំងពី​ឆ្នាំ​១៩៦៧​មក ។

ប្រមុខ​ក្រុម​ហេ​ស​ប៊ុល​ឡា​ហ៍ បន្ត​ថា សម្រាប់​យើង​យល់​ថា អីុស្រា​អែ​ល​ជា​អ្នក​ទទួលខុសត្រូវ​ពេញលេញ​ចំពោះ​ការ​ធ្វើឃាត​នេះ ។ យើង​ពុំ​មានការ​សង្ស័យ​បន្តិច​ណា​ឡើយ។

ក្រោយ​ការ​ប្រកាស​នៅ​ថ្ងៃ​ទី​២០ ធ្នូ ពី​មរណភាព​របស់​លោក​កាន់​តារ មានការ​បាញ់​ត​គ្នា​ដោយ​គ្រាប់​រ៉ុក្កែត និង​គ្រាប់កាំភ្លើង​ត្បាល់​នៅ​តាម​ព្រំដែន​លី​បង់​-​អីុ​ស្រា​អែ​ល ៕