ហ៊ីយ៉ាន់ដាយ​ដឹកស្រូវ​បុក​ហ៊ីយ៉ាន់ដាយ​ដឹក​ខ្សាច់ រួញ​ក្បាល​ចូលគ្នា គាប​ជាប់​អ្នកបើក​បរទាំង​២​របួសធ្ងន់​

ព្រៃវែង: ​ហេតុការណ៍​គ្រោះថ្នាក់​ដ៍​រន្ធត់ បង្កឡើង​ដោយ​រថយន្ត​ហ៊ីយ៉ាន់ដាយ​ដឹកស្រូវ​បើក​វ៉ាគោយន្ត​កែច្នៃ​ដែល​នៅខាងមុខ ហើយ​ជ្រុល​ទៅ បុក​ហ៊ីយ៉ាន់ដាយ​ដឹក​ខ្សាច់​ចំ​ពីមុខពេញទំហឹង រួញ​ក្បាល​ចូលគ្នា គាប​ជាប់​អ្នកបើក​បរទាំង​២​នៅក្នុង​កាប៊ីន​របួសធ្ងន់​។​

​ករណី​គ្រោះថ្នាក់​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១១​និង​៥៥​នាទី​ព្រឹក ថ្ងៃទី​២២ខែធ្នូ ឆ្នាំ​២០១៥​នេះ នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​១១១ ត្រង់ចំណុច​ផ្លូវ​កោង​មុខខ្លោងទ្វា​វត្ត​ពោធិ៍​អណ្តោត ក្នុង​ឃុំ​ជើងភ្នំ ស្រុក​បាភ្នំ ។

​សមត្ថកិច្ច​បានបញ្ជាក់​ឲ្យ​ដឹងថា គ្រោះថ្នាក់​ចរាចរ​នេះ​បង្កឡើង​ដោយសារ​រថយន្តហ៊ីយ៉ាន់ដាយ​ដឹកស្រូវ ពាក់​ស្លាក​លេខ​ភ្នំពេញ ៣B០០២៣ បើក​មក​ក្នុងទិសដៅពី​លិចទៅ​កើត ក្នុង​ល្បឿន​យ៉ាង​លឿន ពេលមកដល់​ចំណុចកើតហេតុ​បានព្យាយាម​បើក​វ៉ា​គោយន្ត​មួយគ្រឿង​ដែល​នៅខាងមុខ ស្របពេលនោះ​ក៏មានរថយន្ត​ហ៊ីយ៉ាន់ដាយ​ដឹក​ខ្សាច់​មួយគ្រឿង​ទៀត ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ៣A០០៩៦ បើក​មកដល់​ក្នុង​ល្បឿន​លឿន​ដែរ ទើប​ធ្វើ​ឲ្យ​រថយន្ត​ទាំង​២​បុក​គ្នា​ចំ​ពីមុខ​ពេញទំហឹង​លាន់​ស្នូរ​ដូច​រន្ទះ​។​

​ក្រោយពេល​កើតហេតុ ទាំង​ប្រជាពលរដ្ឋ និង​សមត្ថកិច្ច​បាននាំគ្នា​ជួយ​គាស់​កាប៊ីនរថយន្ត​ទាញ​ជនរងគ្រោះ​ដែលជា​អ្នកបើកបរ​អស់​រយៈពេល​ជាង​១​ម៉ោង​ទើប​យកជនរងគ្រោះ​ចេញមក​បាន ហើយ​ក៏បាន​ទាក់ទង​ហៅ​រថយន្ត​សង្គ្រោះ​ទៅ​ដឹកយកទៅ​ព្យាបាល​នៅឯ​មន្ទីរពេទ្យបង្អែក​អ្នក​លឿង ។​ចំណែក​រថយន្ត​ទាំង​២​ត្រូវបានសមត្ថកិច្ច​អូស​យកទៅ​រក្សាទុក នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​បាភ្នំ រង់ចាំដោះស្រាយ​គ្នា​តាមច្បាប់ ៕R