ប៉ូលិសអន្តោប្រវេសន៍ ចាប់​វៀតណាម ១៨ នាក់ បន្ថែមទៀត ដែល​រស់នៅ និង​ធ្វើការ​ខុសច្បាប់​នៅ​កម្ពុជា​

ភ្នំពេញ: ​នៅ​រសៀល​ម៉ោង ២ ថ្ងៃទី​២២ ខែធ្នូ​នេះ ប៉ូលិស​នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ សហការ​ជាមួយ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ដោយមាន​ការសម្របសម្រួល​ពី​លោក មាស ច័ន្ទ​ពិសិដ្ឋ ព្រះរាជអាជ្ញារង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ចុះ​ត្រួតពិនិត្យ​ជនបរទេស ឃាត់ខ្លួន​បាន​ចំនួន ១៨​នាក់ ជា​ជនជាតិ​វៀតណាម​។

​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ អ៊ុក ហៃ​សីឡា ប្រធាន​នាយកដ្ឋាន​ស៊ើបអង្កេត និង​អនុវត្ត​នីតិវិធី របស់​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ បាន​ឲ្យ​ដឹងថា បុរស​ជនជាតិ​វៀតណាម​ទាំង ១៨ នាក់​នោះ បាន​លួច​ឆ្លងដែន និង​កំពុងស្នាក់នៅ​ធ្វើការ​ខុសច្បាប់ គ្មាន​លិខិតឆ្លងដែន នៅ​សិប្បកម្ម​ដែក ភូមិ​អណ្តូង និង​សិប្បកម្ម​ឈើ ជិត​មាត់ទន្លេ នៅ​ជិត​សាលាសង្កាត់​ព្រែកប្រា ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ​៕​