ពលករ​ខ្មែរ ១៣​រូប នឹងត្រូវ​បញ្ជូនមក​ក​ម្ពុ​ជា បន្ទាប់ពី​ឃុំខ្លួន​នៅ​ឥណ្ឌូណេស៊ី​

រូបពលករក្រៅប្រទេសដែលបញ្ជូនមកកម្ពុជាកាលពីពេលកន្លងទៅ​ភ្នំពេញ​៖ ស្ថានទូត​កម្ពុជា​ប្រចាំ​នៅ​ប្រទេស​ឥណ្ឌូណេស៊ី សហការ​ជាមួយ​អាជ្ញាធរ​ឥណ្ឌូណេស៊ី និង​ម៉ាឡេស៊ី នឹង​បញ្ជូន​ពលករ​ខ្មែរ​ចំនួន ១៣ រូប មក​កម្ពុជា​វិញ បន្ទាប់ពី​ពួកគេ​ត្រូវ​អាជ្ញាធរ​ឥណ្ឌូណេស៊ី​ចាប់ខ្លួន និង​ឃុំខ្លួន​អស់​មួយរយៈ​។

​នៅ​ព្រឹក​ថ្ងៃទី​២៣ ខែធ្នូ ឆ្នាំ​២០១៥ ខាងមុខនេះ ពលករ​ទូក​នេសាទ​ខ្មែរ ដែល​ធ្វើការ​ឲ្យ​ទូក​នេសាទ​ម៉ាឡេស៊ី ហើយ​ត្រូវ​អាជ្ញាធរ​ឥណ្ឌូណេស៊ី​ចាប់ខ្លួន​ចំនួន​១០​រូប នឹង​មកដល់​អាកាស​យាន្ត​ដ្ឋា​ន​អន្តរជាតិ​ភ្នំពេញ នៅវេលា​ម៉ោង​៧​និង​៥០​នាទី តាម​ជើងយន្តហោះ AK៥៣៦​។ បើតាម​សេចក្តីជូនដំណឹង​របស់​ក្រសួងការបរទេស​កម្ពុ​ជា ពលករ​ទាំង​១០​រូបនេះ ត្រូវបាន​អាជ្ញាធរ​អន្តោប្រវេសន៍​ឥណ្ឌូណេស៊ី​ចាប់ខ្លួន នៅពេលដែល​បាន​ចូលធ្វើ​នេសាទ​ខុសច្បាប់ នៅក្នុង​ដែនទឹក​របស់​ប្រទេស​ឥណ្ឌូណេស៊ី​កាលពីពេល​កន្ល​ង​ទៅ ហើយ​បាន​អាជ្ញាធរ​បាន​ឃុំ​ពលករ​នេសាទ​ខ្មែរ​ទាំងនេះ នៅ​ការិយាល័យ​អន្ត​ប្រវេសន៍ Tarempa នៃ​កោះ Riau របស់​ប្រទេស​នេះ​។ 

​ជាមួយគ្នានេះដែរ ពលករ​ខ្មែរ​រងគ្រោះ​៣​នាក់​ផ្សេងទៀត នឹង​មកដល់​ប្រទេស​កម្ពុជា​នៅ​ថ្ងៃទី​២២ ខែធ្នូ ឆ្នាំ​២០១៥ វេលា​ម៉ោង ១៧:០០​ល្ងាច​តាម​ជើងយន្តហោះ MH៧៤0 ក្រោម​ការអន្តរាគមន៍​របស់​ស្ថានទូត​កម្ពុជា​ប្រចាំ​ប្រទេស​ឥណ្ឌូណេស៊ី​។ អ្នក​ទាំងបី​រូបនេះ ត្រូវបាន​ឈ្មួញ​ជួញដូរ​ខុសច្បាប់​នៅ​ប្រទេស​ឥណ្ឌូណេស៊ី ហើយ​បាន​ឃាត់ខ្លួន​នៅ​កន្លែង​ឃុំឃាំង​អន្តោប្រវេសន៍​នៃ​កោះ Riau ប្រទេស​ឥណ្ឌូណេស៊ី​ផងដែរ​។