បន្ទាប់ពីបារខែម កំពង់ចាម សែលកាត និង បារខែមកម្ពុជា កំពុងគ្រោងរៀបចំ គំនិតផ្ដួចផ្ដើម សម្រាប់ឆ្នាំ២០១៦

ភ្នំពេញ ៖ ព្រឹត្តិការណ៍ បារខែម ចុងក្រោយ សម្រាប់ឆ្នាំ២០១៥ គឺបារខែមកំពង់ចាម ដែលបាន ប្រព្រឹត្តទៅនាថ្ងៃទី៥-៦ ធ្នូ ដោយគ្រប់ស៊េរីនីមួយៗ មានការចូលរួមដ៏ច្រើនកុះករ បានជំរុញឲ្យ អ្នករៀបចំកម្មវិធីបារខែមកម្ពុជា និង សែលកាត កាន់តែមានទឹកចិត្ត ឈានទៅដល់ការរៀបចំ ព្រឹត្តិការណ៍សម្រាប់ឆ្នាំក្រោយៗទៀត ។

ព្រឹត្តិការណ៍បារខែមកំពង់ចាម មានអ្នកចូលរួមប្រមាណជិត៤០០នាក់ សម្រាប់ការរៀបចំ រយៈពេលពីរថ្ងៃនៅសាខាសាកលវិទ្យាល័យ គ្រប់គ្រង និងសេដ្ឋកិច្ច ខេត្តកំពង់ចាម។ ក្នុងឱកាសនោះផងដែរ ក៏មានការចូលរួមពីសំណាក់អ្នកជំនាញបច្ចេកវិទ្យាព័ត៌មានវិទ្យា ថ្នាក់ ដឹកនាំពាណិជ្ជកម្ម អ្នកច្នៃបង្កើតថ្មី សហគ្រិន អ្នកមានគំនិតច្នៃប្រឌិត អង្គការក្រៅរាជរដ្ឋាភិបាល សាស្ត្រាចារ្យ និងសិស្សនិស្សិតជាច្រើន ក្នុងបំណងស្វែងយល់ពីសក្ដានុពលបច្ចេកវិទ្យា ព័ត៌មាន វិទ្យា ព្រមទាំងបានសិក្សា និង ចូលរួមសហការជាមួយអ្នកជំនាញបច្ចេកវិទ្យា និងអ្នកពាក់ព័ន្ធក្នុង វិស័យនេះផងដែរ។

អ្នកចូលរួមទាំងអស់ពិតជាមិនខកបំណងឡើយ ដោយសារក្នុងបារខែមកំពង់ចាម មានវត្តមាន វាគ្មិនចំនួន 20រូប និងប្រធានបទពាក់ព័ន្ធដល់ទៅ៣៤ប្រធានបទ ។ កិច្ចពិភាក្សាក្រុមដែលមានសមាជិកបួនរូបលើប្រធានបទ “ការងារ និងសមាហរណកម្មអាស៊ាន” បានទទួលការគាំទ្រស្វាគមន៍ និងចាប់អារម្មណ៍បំផុតពីសំណាក់អ្នកចូលរួម ហើយប្រធានបទ នេះក៏ស្របតាមគោលដៅរបស់ព្រឹត្តិការណ៍ផងដែរ គឺ “ត្រៀមខ្លួនសម្រាប់សមាហរណកម្ម អាស៊ាន”។  ក្នុងព្រឹត្តិការណ៍ប្រចាំឆ្នាំជាស៊េរីនេះ បានជំរុញនិងលើកទឹកចិត្តអ្នកចូល រួមតាមរយៈ ការផ្លាស់ប្ដូរចំណេះដឹង ជំនាញ និងបទពិសោធទៅវិញទៅមក។

ប្រធានបទមួយចំនួនគួរឲ្យចាប់អារម្មណ៍ខ្លាំងបំផុត ដែលបានលើកឡើងក្នុងបទបង្ហាញ នៅខេត្ត កំពង់ចាម មានដូចជា កិច្ចពិភាក្សាអំពីការសរសេរគម្រោងអាជីវកម្ម ការស្រាវជ្រាវតាម អ៊ីនធើណិតបានលឿនបំផុតជាមួយ Google វិធីសាស្ត្រស្វែងរកការងារ និងការទាញយក អត្ថប្រយោជន៍ជាច្រើនពីអ៊ីនធើណិត ជាដើម។

អ្នកចូលរួមក៏បានចំណាយ ពេលទៅទស្សនាតាមស្ដង់ជាច្រើនដែលរៀបចំដោយ សែលកាត  System Expert ODC និងក្រុមហ៊ុនផ្សេងៗជាច្រើនទៀត។ ចំណុចមួយទៀតដែលគួរឲ្យចាប់ អារម្មណ៍ផងដែរនោះ គឺការចូលទៅទស្សនកិច្ច នៅមជ្ឈមណ្ឌលកុមារកំព្រាខេត្តកំពង់ចាម ដែល មានការចូលរួមជាមួយអ្នកស្ម័គ្រចិត្តជាតិ និងអន្តរជាតិផងដែរ។ អ្នកចូលរួមទាំងអស់ ក៏បានផ្ដល់ ជាសម្ភារៈសិក្សា  និងជំនួយឧបត្ថម្ភផ្សេងៗដល់មជ្ឈមណ្ឌលនេះ និងជួយសម្អាតបរិវេណជុំវិញ ព្រមទាំងនៅតាមបណ្ដោយដងទន្លេ នៅក្នុងទីរួមខេត្តកំពង់ចាម។

“យើងមានក្ដីរីករាយចំពោះព្រឹត្តិការណ៍ស៊េរីចុងក្រោយ ប្រចាំឆ្នាំនេះ ជាមួយភាពជោគជ័យក្នុង ការរៀបចំ នៅខេត្តកំពង់ចាមនេះ។ ការបញ្ចប់ទៅ និងការចូលរួមក្នុងព្រឹត្តិការណ៍បារខែម ប្រចាំឆ្នាំនេះ ពិតទទួលបានលទ្ធផលលើសពីការរំពឹងទុក។” នេះជាការលើកឡើងរបស់ តំណាង បារខែមកម្ពុជា ហើយលោកក៏បានបន្ថែមទៀតថា “មុននឹងការងារចាស់បញ្ចប់ទៅ យើងកំពុង ត្រៀមរៀបចំគម្រោងសម្រាប់គំនិតផ្ដួចផ្ដើម បារខែមក្នុងឆ្នាំក្រោយទៀត ដោយមានសុទិដ្ឋិនិយម ផងដែរថាគំនិតផ្ដួចផ្ដើមនេះ នឹងបន្សល់នូវវេទិកាប្រកបដោយប្រសិទ្ធភាព និងមានសារ ប្រយោជន៍ក្នុងការភ្ជាប់ទំនាក់ទំនង និងជំរុញកិច្ចសហប្រតិបត្តិការរវាងយុវជន ប្រកបដោយ គំនិតបង្កើតថ្មី និងកសាងអនាគតអ្នកជំនាញបច្ចេកវិទ្យាព័ត៌មានវិទ្យា។

ដោយបានលើកឡើងអំពីការប្ដេជ្ញាចិត្ត ក្នុងបារខែមកម្ពុជា ដើម្បីបំផុសវិស័យព័ត៌មានវិទ្យា នៅកម្ពុជា លោក អៀន វ៉ាតសុន នាយកប្រតិបត្តិក្រុមហ៊ុន សែលកាត បានថ្លែងឲ្យដឹងថា សែលកាតនឹងនៅតែបន្តគាំទ្រគំនិតផ្ដួចផ្ដើមនេះ ឲ្យកាន់តែរឹងមាំឡើងថែមទៀត។

លោកបានបន្តទៀតថា “យើងមានទស្សនវិស័យប្រហាក់ប្រហែលគ្នា ហើយកំពុងគ្រោងនឹង នាំយកគំនិតផ្ដួចផ្ដើមនេះ ឲ្យបានជ្រួតជ្រាបទៅដល់ពលរដ្ឋខ្មែរកានតែច្រើនឡើង ថែមទៀតនៅ ឆ្នាំក្រោយ។ បារខែមកម្ពុជា និងសែលកាត ប្រឹងប្រែងធ្វើការយ៉ាងជិតស្និទ្ធក្នុងការ បង្ហាញពី បច្ចេកវិទ្យា និងគំនិតបង្កើតថ្មីៗ ដើម្បីជាមធ្យោបាយនាំកម្ពុជាឲ្យក្លាយជាប្រទេស អភិវឌ្ឍតាម រយៈចំណេះដឹងបច្ចេកវិទ្យា និងគំនិតច្នៃប្រឌិតរបស់កម្ពុជា។ យើងសង្ឃឹមថា គំនិតផ្ដួចផ្ដើមនេះ នឹងត្រូវបានរៀបចំរួចរាល់សម្រាប់ឆ្នាំក្រោយ ដើម្បីផ្ដល់នូវការគាំទ្រផ្សេងៗ ដែលយើងអាចជំរុញ គម្រោងនេះឲ្យឈានឡើងទៅកាន់កម្រិតបន្ទាប់។”

ព្រឹត្តិការណ៍បារខែមកម្ពុជាកន្លងទៅក្នុងឆ្នាំនេះ បានរៀបចំនៅតាមបណ្ដាខេត្តមួយចំនួនដូចជា កំពត បាត់ដំបង តាកែវ និង ភ្នំពេញ។

សម្រាប់ព័ត៌មានបន្ថែមអំពីបារខែមកម្ពុជា សូមចូលទៅកាន់ www.2015.barcampcambodia.org

បន្ទាប់ពីបារខែម កំពង់ចាម សែលកាត និង បារខែមកម្ពុជា កំពុងគ្រោងរៀបចំ គំនិតផ្ដួចផ្ដើម សម្រាប់ឆ្នាំ២០១៦