ធ្លាក់យន្តហោះ នៅញូដេលី ឆក់យកជីវិត មន្ត្រីរដ្ឋាភិបាល ឥណ្ឌា ១០នាក់

ញូដេលី៖ កងកម្លាំងសន្តិសុខ របស់រដ្ឋាភិបាលឥណ្ឌា ទាំង ១០នាក់ បានបាត់បង់ជីវិត ភ្លាមៗ នៅនឹងកន្លែង កើតហេតុ បន្ទាប់ពីយន្តហោះ របស់ពួកគេជិះ បានធ្លាក់ បន្ទាប់ពីទើបហោះចេញ បានតែមួយសន្ទុះប៉ុណ្ណោះ ពីអាកាសយានដ្ឋាន ផាឡាម នៃរដ្ឋធានី ញូដេលី។ នេះបើតាមការ ផ្សាយរបស់ស៊ិនហួ នៅថ្ងៃអង្គារ ទី២២ ខែធ្នូ ឆ្នាំ២០១៥។

យន្តហោះខាងលើនេះ គឺជារបស់កងកម្លាំងសន្តិសុខព្រំដែន BSF ដែលមានគោលដៅ ឆ្ពោះ ទៅបំពេញភារៈកិច្ច  នៅតំបន់ព្រំដែន រ៉ាន់ជី ភាគខាងកើតប្រទេស កាលពីព្រឹកថ្ងៃអង្គារ នេះ ប៉ុន្តែ គ្រាន់តែហោះហើរឡើង មិនបាន ប៉ុន្មានផង យន្តហោះឈ្មោះ Beechcraft Super King នោះ បានជួបបញ្ហាបច្ចេកទេស ហើយក៏បានធ្លាក់ និង ផ្តាច់ ជីវិតកងកម្លាំងនៅលើនោះ ទាំងអស់ ១០នាក់តែម្តង។

គួរបញ្ជាក់ថា ព្រលានយន្តហោះរដ្ឋខាងលើនេះ ស្ថិតនៅក្បែរ ព្រលានយន្តហោះអន្តរជាតិ ហ្គានឌី នៅជាយទីក្រុង ញូដេលី ហើយអាជ្ញាធរសង្គ្រោះ បានបញ្ជូនកម្លាំងភ្លាមៗ ទៅកាន់ កន្លែងកើតហេតុ ដើម្បីសង្គ្រោះ ក្រែងមាន មនុស្ស នៅរស់រាន។ ដោយឡែក មូលហេតុ ជាក់លាក់ នៃគ្រោះថ្នាក់នេះ អាជ្ញាធរ នឹងធ្វើការស៊ើបអង្កេត ជាបន្តទៀត៕

ធ្លាក់យន្តហោះ នៅញូដេលី ឆក់យកជីវិត មន្ត្រីរដ្ឋាភិបាល ឥណ្ឌា ១០នាក់