​ពលរដ្ឋ​ត្អូញត្អែរ​រឿង​ត្រី​ប្រហុក​មិន​សូវ​សម្បូរ​និង​មាន​តម្លៃ​ថ្លៃ​​នៅ​ឆ្នាំ​នេះ

ក្រុម​អាជីវករ និង​ប្រជាពលរដ្ឋ​ដែល​រក​ទិញ​ត្រី​សម្រាប់​ធ្វើ​ប្រហុក ឬ​ផ្អក​នៅ​ខេត្ត​កំពង់ឆ្នាំង ត្អូញត្អែរ​ពី​បញ្ហា​ត្រី​មិន​សូវ​សម្បូរ និង​តម្លៃ​ថ្លៃ​ជាង​កាល​ពី​ឆ្នាំ​ទៅ។ ពួកគេ​បារម្ភ​ថា ត្រី​នៅ​បឹង​ទន្លេសាប ឬ​ព្រែក​នានា កាន់​តែ​ខ្សត់​ទៅ​នៅ​រដូវ​នេសាទ​ឆ្នាំ​ក្រោយៗ​ទៀត បើ​បញ្ហា​បំពុល​ទឹក បម្រែបម្រួល​អាកាសធាតុ និង​បទល្មើស​នេសាទ​ប្រើ​ឧបករណ៍​ទំនើប​នៅ​តែ​បន្ត​កើត​មាន​ច្រើន។

អ្នក​រក​ទិញ​ត្រី​តាម​កំពង់ផែ នៃ​ខេត្ត​កំពង់ឆ្នាំង ឲ្យ​ដឹង​ថា ត្រី​សម្រាប់​ធ្វើ​ប្រហុក ឬ​ផ្អក​ចាប់​ផ្ដើម​ត្រូវ​តាំង​ពី​ថ្ងៃ ១​កើត ខែ​មិគសិរ ត្រូវ​នឹង​ថ្ងៃ​ទី​១១ ខែ​ធ្នូ ប៉ុន្តែ​ត្រី​ត្រូវ​ក្នុង​មួយ​ថ្ងៃៗ មិន​សូវ​ច្រើន និង​សម្បូរ​ត្រី​ល្អិត។

គិត​ត្រឹម​ថ្ងៃ​ទី​២១ ខែ​ធ្នូ ត្រី​ប្រហុក​ប្រភេទ​ត្រី​ចម្រុះ​មាន​តម្លៃ​ចន្លោះ​ពី ៦៥០​រៀល ទៅ ១.៨០០​រៀល​ក្នុង ១​គីឡូក្រាម និង​ប្រភេទ​ត្រី​រៀល​ធ្វើ​រួច​មាន​តម្លៃ​ចន្លោះ​ពី ២.៥០០​រៀល ទៅ ៥.០០០​រៀល ក្នុង​មួយ​គីឡូក្រាម។ បញ្ហា​ត្រី​មិន​សម្បូរ និង​តម្លៃ​ថ្លៃ​នេះ បាន​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​មក​ពី​ស្រុក​នានា នៃ​ខេត្ត​កំពង់ឆ្នាំង ឬ​ពី​តាម​ខេត្ត​ផ្សេងៗ ត្អូញត្អែរ​រឿង​ទិញ​ត្រី​មិន​សូវ​បាន​ច្រើន។

អាជីវករ​ទទួល​ទិញ​ត្រី​​ផ្ទាល់​ពី​អ្នក​នេសាទ​មក​លក់​នៅ​កំពង់ផែ​កំពង់​ប្រាសាទ ស្រុក​កំពង់ត្រឡាច គឺ​លោកស្រី គឹម ស្រៀង មាន​ប្រសាសន៍​ថា លោកស្រី និង​អាជីវករ ៦​នាក់​ផ្សេង​ទៀត នាំ​គ្នា​​ទិញ​ត្រី​ប្រភេទ​ចម្រុះ​សម្រាប់​លក់​បន្ត​ឲ្យ​ពលរដ្ឋ​ក្នុង​ម្នាក់ៗ​ប្រមាណ ៣​តោន​ក្នុង​មួយ​ថ្ងៃ។

លោកស្រី​ថា ឆ្នាំ​នេះ​អ្នក​នេសាទ​រក​ត្រី​មិន​សូវ​បាន​ទើប​លក់​ឲ្យ​គាត់​ថ្លៃ ហើយ​ដើម្បី​ចំណេញ​តិចតួច​គាត់​ត្រូវ​លក់​ឲ្យ​ប្រជាពលរដ្ឋ​ថ្លៃ​តាម​នោះ​ដែរ៖ «ខុស​ពី​ឆ្នាំ​មុន! ឆ្នាំ​មុន​មួយ​គីឡូក្រាម​តម្លៃ​តែ ៨០០​រៀល ទៅ ១.០០០​រៀល​ទេ ឆ្នាំ​នេះ​ដល់ ១.៥០០ ទៅ ១.៦០០​រៀល (ត្រី​ប្រភេទ​ល្អិត​ចម្រុះ)។ មាន​ការ​ព្រួយ​បារម្ភ​ក្រែង​តិច​ទៀត​ទៅ​អត់​សូវ​មាន​ត្រី​អ៊ីចឹង​ទៅ​ណា! (ជិន ជេដ្ឋា៖ តើ​បង​ជា​ឈ្មួញ​កណ្ដាល​អីចឹង​មាន​ការ​លំបាក​អី​ទេ?) ចាស! មាន​ការ​លំបាក​ដែរ ដល់​ខាង​អ្នក​នេសាទ​គេ​រក​មិន​សូវ​បាន​ហើយ​យើង​លក់​ក៏​លំបាក​ដែរ»

ត្រី​ប្រហុក កំពង់ឆ្នាំង ៦២០
ពលរដ្ឋ​​​ទិញ-​លក់​​ត្រី​សម្រាប់​ធ្វើ​ប្រហុក​នៅ​កំពង់ផែ​កំពង់ប្រាសាទ ក្នុង​ស្រុក​កំពង់ត្រឡាច ខេត្ត​កំពង់ឆ្នាំង កាល​ពី​ថ្ងៃ​ទី​២១ ខែ​ធ្នូ ឆ្នាំ​២០១៥។ RFA/Chin Chetha

 

ចំណែក​ពលរដ្ឋ​ម្នាក់​មក​ពី​ស្រុក​ទឹក​ផុស ខេត្ត​កំពង់ឆ្នាំង គឺ​លោក អ៊ុច ពឿន ឲ្យ​ដឹង​ថា រូប​លោក និង​អ្នក​ភូមិ​ជា​ច្រើន​នាក់​ទៀត​បាន​បរ​គោយន្ត​ដឹក​ចាន​ឆ្នាំង​ត្រៀម​ដាំ​បាយ​ហូប រង់ចាំ​ទិញ​ត្រី​ធ្វើ​ប្រហុក​នៅ​កំពង់ផែ​កំពង់ប្រាសាទ រយៈ​ពេល​ពីរ ឬ​បី​ថ្ងៃ។ មុន​មក​ធ្វើ​ប្រហុក​លោក​ឮ​គេ​និយាយ និង​មើល​ទូរទស្សន៍​ថា ត្រី​ត្រូវ​ច្រើន ប៉ុន្តែ​មក​ដល់​កំពង់ផែ​ជាក់​ស្ដែង គឺ​ត្រី​មិន​សូវ​សម្បូរ និង​មាន​តម្លៃ​ថ្លៃ៖ «ខ្ញុំ​មក​ពី​ភូមិ​រពាក់ ឃុំ​អភិវឌ្ឍន៍! មួយ​គោយន្ត​ហ្នឹង​មាន​គ្នា​ប្រាំមួយ ឬ​ប្រាំពីរ​នាក់​ទេ តែ​មក​ច្រើន​គោយន្ត​ដែរ។ ទើប​មក​ដល់​ថ្ងៃ​នេះ មើល​ឃើញ​ថា ត្រី​ឆ្នាំ​នេះ​ខ្សត់​ជាង​រាល់​ឆ្នាំ ត្រី​ល្អិត​ស្មេញ»

ងាក​មក​កំពង់ផែ​ផ្សារ​ក្រោម ក្រុង​កំពង់ឆ្នាំង វិញ។ មាន​ប្រជាពលរដ្ឋ​ជា​ច្រើន​ធ្វើ​ដំណើរ​តាម​ឡាន​រ៉ឺម៉ក និង​ម៉ូតូ​កាន់​ជាល និង​ការុង​ទុក​សម្រាប់​ច្រក​ត្រី​ប្រហុក ប៉ុន្តែ​ពួកគេ​ខ្លះ​ខក​ចិត្ត​ពេល​មក​ដល់​កំពង់ផែ​ដឹង​ថា ត្រី​ថ្លៃ ហើយ​មិន​សូវ​ល្អ​ទៀត។ អាជីវករ និង​ប្រជាពលរដ្ឋ​បង្ខំ​ចិត្ត​ទិញ​ត្រី​ក្នុង​តម្លៃ​ថ្លៃ ដើម្បី​ធ្វើ​ប្រហុក​ទុក​ហូប​ប្រចាំ​ឆ្នាំ ឬ​លក់​ដូរ​នៅ​ឆ្នាំ​ក្រោយ ព្រោះ​ខ្លាច​ត្រី​លែង​ត្រូវ​នៅ​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ​ទៀត​នេះ។

កំពុង​អង្គុយ​ច្របល់​អំបិល​ជាមួយ​ត្រី​ប្រហុក​ទើប​ទិញ​បាន​នៅ​មាត់​ទន្លេ​ផ្សារក្រោម គឺ​លោកស្រី រស់ ចន្ថា ឲ្យ​ដឹង​ថា ជា​ច្រើន​ថ្ងៃ​ហើយ​ដែល​រូប​គាត់ និង​អ្នក​ភូមិ​មក​ពី​ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ រង់ចាំ​ទិញ​ត្រី​ធ្វើ​ប្រហុក និង​ផ្អក​ទុក​លក់។ លោកស្រី​ធ្លាប់​ចំណាយ​ដើម​ទុន ៣​ពាន់​ដុល្លារ​ទិញ​ត្រី​បាន​ប្រមាណ ៥​តោន​ ប៉ុន្តែ​ឆ្នាំ​នេះ​​ទិញ​បាន​ជាង ២​តោន​ប៉ុណ្ណោះ ហើយ​លោកស្រី​ចេញ​ទៅ​ផ្ទះ​វិញ​ពីរ ឬ​បី​ថ្ងៃ​ទៀត៖ «ត្រី​ថ្លៃ​ឡើង ៦​ពាន់​ហើយ​មិន​ដឹង​លក់​យ៉ាង​ម៉េច​ទេ! ចេះ​តែ​លក់​តាម​ហ្នឹង​ទៅ​ធ្វើ​ម៉េច​វា​អត់​ហើយ។ ឥឡូវ​ទិញ​អស់ ២.៥០០​ដុល្លារ​ហើយ បាន​តែ​ត្រី​ប្រហុក ៩​បេ ហើយ​ត្រី​ប្រឡាក់​បាន​តែ​ពីរ​បេ​ទេ»

តំណាង​បណ្ដាញ​អ្នក​នេសាទ​បឹង​ទន្លេសាប និង​អង្គការ​ក្រៅ​រដ្ឋាភិបាល​ធ្វើ​ការ​លើ​វិស័យ​ជលផល​អះអាង​ស្រដៀង​គ្នា​ថា ទិន្នផល​ត្រី​នៅ​រដូវ​នេសាទ​ឆ្នាំ​២០១៥-​២០១៦ មាន​ការ​ថយ​ចុះ​ច្រើន ដោយសារ​កត្តា​កម្រិត​ទឹក​ទន្លេ​ទាប បម្រែបម្រួល​អាកាសធាតុ និង​បញ្ហា​បទល្មើស​ពុំ​មាន​ការ​ថយ​ចុះ​ជា​ដើម។

មន្ត្រី​អង្គការ​ហ្វេកខ៍ (Fact) ប្រចាំ​តំបន់​បឹង​ទន្លេសាប​រក​ឃើញ​ថា ប្រជា​នេសាទ​ដែល​ធ្លាប់​តែ​ចាប់​ត្រី​បាន​ចន្លោះ​ពី ១៥ ទៅ ២០​គីឡូក្រាម​ក្នុង​មួយ​ថ្ងៃ ប៉ុន្តែ​នៅ​ឆ្នាំ​នេះ​ចាប់​បាន​ចន្លោះ​ពី​៥ ទៅ ៨​គីឡូក្រាម​ប៉ុណ្ណោះ បើ​ប្រៀបធៀប​រយៈពេល​នៃ​ថ្ងៃ​ត្រី​ត្រូវ​ដូច​គ្នា​នោះ។

មន្ត្រី​សម្រប​សម្រួល​សហគមន៍​ប្រចាំ​តំបន់​បឹង​ទន្លេសាប នៃ​អង្គការ​សម្ពន្ធភាព​ដើម្បី​អភិរក្ស​ធនធាន​ជលផល អ្នកស្រី នូ សារឹម បាន​បង្ហាញ​របាយការណ៍​ដែល​សម្ភាស​អាជ្ញាធរ និង​ភាគី​ពាក់ព័ន្ធ​ទាក់ទង​នឹង​ការ​នេសាទ​ត្រី​បង្ហាញ​ថា ទិន្នផល​ត្រី​ឆ្នាំ​នេះ​ថយ​ចុះ។

អ្នកស្រី​ថា ប្រជា​នេសាទ​កំពុង​ត្អូញត្អែរ​ពី​បញ្ហា​ខ្សត់​ត្រី ខណៈ​ការ​បំផ្លាញ​ព្រៃ​លិច​ទឹក និង​បទល្មើស​គ្រប់​ប្រភេទ​នៅ​តែ​បន្ត​កើត​មាន៖ «ឧបករណ៍​នេសាទ​ខុស​ច្បាប់​កាន់​តែ​ច្រើន​ទៅៗ វា​អត់​ឃើញ​ថា ថយ​ចុះ​ត្រង់​កន្លែង​ណា​សោះ នៅ​តែ​មាន​ពេញ​ទឹក​ពេញ​ដី។ ខ្ញុំ​មាន​របាយការណ៍​នៅ​ក្នុង​រដូវ​នេះ ដោយ​យក​ចម្លើយ​គាត់​ឆ្លើយ​មក​ទៅ​ប្រៀបធៀប​នឹង​ឆ្នាំ​២០១៤ ឃើញ​ថា កាល​ឆ្នាំ​២០១៤ គាត់​រក​បាន​ច្រើន​ជាង​ឆ្នាំ​២០១៥ នេះ»

នាយ​ខណ្ឌ​រដ្ឋបាល​ជលផល​ខេត្ត​កំពង់ឆ្នាំង លោក សោម ភិរុណ មិន​ទាន់​អាច​សុំ​ការ​អត្ថាធិប្បាយ​ជុំ​វិញ​បញ្ហា​នេះ​បាន​ទេ ដោយ​ទូរស័ព្ទ​ចូល​ហើយ​ពុំ​មាន​អ្នក​ទទួល។ ប៉ុន្តែ​លោក​ធ្លាប់​បញ្ជាក់​នៅ​ដើម​រដូវ​នេសាទ​ឆ្នាំ​នេះ​ថា ត្រី​មិន​សូវ​ធំធាត់​ដោយសារ​កម្រិត​ទឹក​ទន្លេ​ទាប ប៉ុន្តែ​ចំពោះ​ទិន្នផល​ត្រី​ថយ​ចុះ ឬ​កើន​ឡើង​កម្រិត​ណា​នោះ​លោក​មិន​ទាន់​អាច​សន្និដ្ឋាន​បាន​នៅ​ឡើយ​ទេ។

កាល​ពី​ឆ្នាំ​២០១៤ អាជ្ញាធរ​បឹង​ទន្លេសាប និង​ជំនាញ​ជលផល​ថា ធនធាន​ត្រី​សម្រាប់​ធ្វើ​ប្រហុក ឬ​ផ្អក​ខ្សត់​ជាង​ឆ្នាំ​២០១៣។ តម្លៃ​ត្រី​ប្រហុក​កាល​ណោះ​មាន​ចន្លោះ​ពី ១.០០០​រៀល ទៅ ១.៥០០​រៀល ហើយ​ត្រី​ប្រហុក​ប្រភេទ​ត្រី​រៀល​ធ្វើ​រួច​មាន​ចន្លោះ​ពី ២.៤០០​រៀល ទៅ​ជាង ៣.០០០​រៀល​ក្នុង​មួយ​គីឡូក្រាម៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។