ព្រះសង្ឃ​២២​អង្គ​គង់​នៅ​វត្ត​កូនខ្លុង​ខេត្ត​បាត់ដំបង​សង្ស័យ​ពុល​ផ្លែ​ឪឡឹក

ព្រះសង្ឃ​ចំនួន ២២​អង្គ​ក្នុង​ចំណោម ៣២​អង្គ ដែល​បាន​ឆាន់​ផ្លែ​ឪឡឹក​នៅ​វត្ត​កូនខ្លុង ក្នុង​ឃុំ​ព្រៃតូច ស្រុក​មោងឫស្សី ខេត្ត​បាត់ដំបង កាល​ពី​ព្រឹក​ថ្ងៃ​ទី​២១ ធ្នូ ពេល​នេះ​បាន​ពុល​បញ្ជូន​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ។

នាយ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ឃុំ​ព្រៃតូច លោក ជា សារិទ្ធ មាន​ប្រសាសន៍​ថា ព្រះសង្ឃ​ទាំងអស់​អង្គ​នោះ​បាន​ឆាន់​ផ្លែ​ឪឡឹក​ចំនួន ៨​ផ្លែ​រួម​គ្នា ដែល​ពុទ្ធ​បរិស័ទ​ចំណុះ​ជើង​វត្ត​នាំ​យក​ទៅ​ប្រគេន។ លុះ​ដល់​រសៀល​ថ្ងៃ​ដដែល ស្រាប់​តែ​មាន​អាការៈ​រាក និង​ក្អួត​ចង្អោរ​ជា​បន្តបន្ទាប់​តែ​ម្ដង៖ «តាម​ការ​សាកសួរ ព្រះអង្គ​ឆាន់​បង្អែម​ផ្លែ​ឪឡឹក​រួម​គ្នា​នៅ​ម៉ោង ១១​ថ្ងៃ ហើយ​ចាប់​ផ្ដើម​ពុល​នៅ​ម៉ោង ៥​រសៀល»

លោក ជា សារិទ្ធ បញ្ជាក់​ថា ព្រះសង្ឃ​ដែល​មាន​អាការៈ​ពុល​ធ្ងន់ធ្ងរ​ចំនួន ៧​អង្គ ពេល​នេះ​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​បង្អែក​ស្រុក​មោងឫស្សី ខេត្ត​បាត់ដំបង នៅ​ឡើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។