​​គណៈ​បញ្ជាការ​ឯកភាព​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ចុះ​ជួយ​ច្រូតស្រូវ​ពលរដ្ឋ​នៅ​សង្កាត់​ភ្លើង​ឆេះរទេះ

​រា​ជ​ធានី​ភ្នំពេញ ​៖ ​កម្លាំង​គណៈ​បញ្ជាការ​ឯកភាពខណ្ឌ​ពោធិ៍​សែន​ជ័យ និង​កម្លាំង​ប៉ូលិស​ប៉ុស្ដិ៍ ​ព្រម​ទាំង​អាជ្ញាធរ​សង្កាត់​ ដឹកនាំ​ដោយ​លោកអភិបាល​ខណ្ឌ ហែម ដា​រិ​ទ្ធិ ​ចុះ​ជួយ​ច្រូតស្រូវ​ពលរដ្ឋ​កាលពី​វេលា​ព្រឹក​ថ្ងៃ​ទី​២២ ខែធ្នូ ឆ្នាំ​២០១៥ ​ស្ថិត​នៅ​ក្នុងភូមិ​ភ្លើង​ឆេះ​រទេះ​ខាងកើត សង្កាត់​​ភ្លើង​ឆេះរទេះ ខណ្ឌ​ពោធិ៍​សែន​ជ័យ ​។​

លោក ហែម ដា​រិ​ទ្ធិ បាន​មាន​ប្រសា​ស​ន៏​ថា នៅ​ក្នុង​ខណ្ឌ​ពោធិ៍​សែន​ជ័យ មាន​ប្រជាពលរដ្ឋ​ប្រមាណ៩០​ភាគរយ ​ប្រកប​​ការ​ងារ​​ធ្វើស្រែ​​ចម្ការ​ ​នៅ​​​ឆ្នាំ​២០១៥ នេះ ពួក​គាត់​​​បង្កបង្កើន​ផល​យ៉ាង​សស្រាក់សស្រាំ​ និង​​ទទួល​បាន​ផលស្រូវ​ ​គួរ​ឲ្យ​កោត​ស​សើរ ។​ ​

លោក​អភិបាល​ខណ្ឌ​ បាន​បន្ត​ថា កម្លាំង​ដែល​ចុះ​ទៅ​ជួយ​ច្រូតស្រូវ​នា​ពេល​នេះ​ មាន​ប្រមាណ​ជាង​៥០​នាក់ ក្នុង​នោះ​មាន ​លោកអភិបាលរង​ខណ្ឌ​ សេង គន្ធ លោក​ យិ​ន គានាយក​រដ្ឋបាល​ខណ្ឌ មន្ត្រី​ការិយាល័យ​ជុំវិញ​ខណ្ឌ កងកម្លាំងប៉ូលិស កម្លាំង​ប៉េ​អឹ​ម​ខណ្ឌ ក្រុម​យុវជន​ខណ្ឌ ​និងអាជ្ញាធរ​សង្កាត់​ភ្លើង​ឆេរ​ទេះ កម្លាំង​​ប៉ូលិស​ប៉ុស្ដិ៍​ភ្លើង​ឆេះ​រទេះ និង​កម្លាំង​សណ្ដាប់ធ្នាប់​ខណ្ឌ ​ព្រមទាំងកម្លាំង​​ប្រជា​ការពារ​សង្កាត់​ផង​ដែរ​ ។ ​

លោក​ចៅសង្កាត់​បាន​ឲ្យ​ដឹង​ថា នៅ​ក្នុង​សង្កាត់​ភ្លើង​ឆេះ​រទេះ មាន​ផ្ទៃដី​ស្រែ​ជាង​៤០០​ហិក​​តា ប៉ុន្តែ​នៅ​​ឆ្នាំ​២០១៥​នេះ ​ពលរដ្ឋ​បង្កបង្កើន​ផល​បាន​តែជាង​២០០​ហិកតា​ ប៉ុណ្ណោះ ដោយ​តំបន់​នេះជា​តំបន់អភិវឌ្ឍ​ ដូច្នេះ​មាន​ផ្ទៃដី​ស្រែ​មួយ​ចំនួន ត្រូវ​បាន​ចាក់​ដី​លុប​សាងសង់​សំណង់​ផ្សេង​ៗជា​បន្តបន្ទាប់ ហើយ​ក៏​មាន​ប្រជាពលរដ្ឋ​ខ្លះមិន​​បាន​ធ្វើស្រែ​ដែរ​ ៕