វិភាគ ៖ ប្រទេស​រុ​ស្ស៊ី និង​អីុ​រ៉​ង់​វិល​ត្រឡប់​ជា​ថ្មី​ជាមួយ​កម្លាំង​មក​កាន់​ម​ជ្ឈឹ​ម​បូព៌ា

ប្រទេស​រុ​ស្ស៊ី និង​អីុ​រ៉​ង់​ក្នុង​ឆ្នាំ​២០១៥ បាន​វិល​ត្រឡប់​ដោយ​កម្លាំង​មក​កាន់​តំបន់​ម​ជ្ឈឹ​ម​បូព៌ា ដោយ​ធ្វើ​អន្តរាគមន៍​នៅ​ស៊ី​រី សម្រាប់​ក្រុង​មូ​ស្គូ គឺ​ដើម្បី​វិល​មក​រក​ទីតាំង​របស់​ខ្លួន​ឡើង ក្រោយ​សម័យ​សហភាព​សូ​វៀត រួច​សម្រាប់​ក្រុង​តេ​ហេ​រ៉​ង់​គឺ​ដើម្បី​ពង្រីក​ឥទ្ធិពល​របស់​ខ្លួន ដែល​រង​ការ​ប៉ះពាល់​ប​ន្ទុ​ច​បង្អាក់​ដោយសារ​ទណ្ឌកម្ម​អន្តរជាតិ​ជា​ច្រើន​ឆ្នាំ ។

ការ​វិល​ត្រឡប់​វិញ​នេះ ធ្វើ​ឱ្យ​មានការ​ផ្លាស់​ប្តូរ​ក្រោយ​ជា​ច្រើន​ឆ្នាំ​តំបន់​នេះ ស្ថិត​ក្រោម​ឥទ្ធិពល​របស់​អា​េ​ម​រិ​ក ។ ទោះបី​យ៉ាងណា គេ​ត្រូវ​ចាំ​មើល​ថា​តើ​ក្នុង​ឆ្នាំ​២០១៦ អ្នក​លើក​កម្លាំង​ចេញ​ក្រៅ​ទាំង​២​ប្រទេស​នេះ​អាច​រក្សា​អំណាច​របស់​សម្ព័ន្ធមិត្ត​លោក​បា​ចា អាល់​អាសា​ដ បាន​ដែរ​ទេ ឬ​ផ្ទុយ​ទៅ​វិញ ប្រទេស​ទាំង​២​ដូច​គ្នា​ប្រទេស​ឯទៀត​ៗ មុន​ពួក​គេ​ត្រឡប់​ក្រោយ​បែរ​ចេញពី​តំបន់​ដ៏​ស្មុគស្មាញ​នោះ​ដែរ ។

លោក KARIM BITAR នាយក​ខាង​ផ្នែក​ស្រាវជ្រាវ​នៅ​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ​បារាំង ពន្យល់​ថា ការ​វិល​ត្រឡប់​ជាមួយ​កម្លាំង​របស់​អីុ​រ៉​ង់ និង​រុ​ស្ស៊ី​ត្រូវ​បាន​បង្ហាញ​ឱ្យ​ឃើញច្បាស់ ហើយ​អន្តរាគមន៍​របស់​ពួក​គេ​មាន​លក្ខណៈ​កាន់តែ​ស្មុគស្មាញ​ឡើង ។ ពួក​គេ​ស្វែងរក​កាន់កាប់​ទីតាំង​ដែល​ចោល​នៅ​ទំនេរ​ចាប់​តាំង ពី​ការ​ដកខ្លួន​ថយ​របស់​អា​េ​ម​រិ​កមក ។ ការ​ធ្វើ​អន្តរាគមន៍​នៅ​ស៊ី​រី រុ​ស្ស៊ី​ចាប់​វាយប្រហារ​ពី​ថ្ងៃ​ទី​៣០ កញ្ញា មក​លើ​បណ្តា​ក្រុម​ដែល​ប្រទូស្ត​រ៉ា​យ​នឹង​របប​លោក​អាសា​ដ​ចាប់​ពពី​ពួក​អ៊ិ​ស្លា​ម​និយម​កណ្តាល​រហូត​ដល់​ពួក​ជី​ហា​ដ​នៃ​ក្រុម​រណសិរ្ស​អាល់​ណូ​ស្ត្រា ក្រោម​ទង់​នៃ​ការ​តស៊ូ​ប្រឆាំង​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម ។

ចំណែក​អីុ​រ៉​ង់​វិញ​ធ្វើ​អន្តរាគមន៍​យ៉ាង​សកម្ម​នៅ​លើ​ដី ។ យោង​តាម​សាក្សី​ទាំងឡាយ​ថា គឺ​បណ្តា​កងឯកភាព​ពិសេស​នៃ​កងកម្លាំង​ឆ្មាំ​បដិវត្តន៍​ដែល​រួម​ជាមួយ​ពួក​ហេ​ស​ប៊ុល​ឡា​ហ៍ ស៊ី​អីុត​លី​បង់ ជា​អ្នក​ស្ថិត​នៅ​ជួរ​មុខ​គេ ហើយ​អាច​វាយ​ឱ្យ​ពួក​ឧទ្ទាម​ដកថយ​ក្នុង​កន្លែង​ជា​ច្រើន ។

ជាមួយ​ការ​រលំរលាយ​សហភាព​សូ​វៀត​ក្នុង​ឆ្នាំ​១៩៩១ ក្រុង​មូ​ស្គូ​បាត់បង់​ឥទ្ធិពល​របស់​ខ្លួន​ក្នុង​តំបន់​មួយ​ដែល​ខ្លួន​បោះទុន​វិនិយោគ​យ៉ាងច្រើន ។ ក្រុង​មូ​ស្គូ​បាត់បង់​ឥទ្ធិពល​ជា​ពិសេស​ក្នុង​ឆ្នាំ​១៩៩៤ ពេល​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​យេ​ម៉ែ​ន​ហៅ​យេ​ម៉ែ​ន​ខាងត្បូង​ស្និទ្ធ​សូ​វៀត​ត្រូវ​រលាយ​រូប​ក្រោម​ការ​វាយប្រហារ​របស់​យេ​ម៉ែ​ន​ខាងជើង​គាំទ្រ​ដោយ​អា​រ៉ា​ប៊ី សា​អ៊ូ​ឌី​ត ។

ម្យ៉ាងទៀត ក្រុង​មូ​ស្គូ​ពុំ​អាច​ប្រឆាំង​តបត​ទាំង​មិន​អាច​រារាំង​ការ​លុកលុយ​របស់​អា​មេ​រិ​ក​ចូល​អីុ​រ៉ា​ក់​ឈាន​ទៅ​ផ្តួលរំលំ​សម្ព័ន្ធមិត្ត​លោក​សា​ដាម ហ៊ូ​សេន ក្នុង​ឆ្នាំ​២០០៣ ឬ​ពុំ​អាច​រារាំង​ដល់​ការ​សម្លាប់​មេដឹកនាំ​លី​ប៊ី លោក​មូ​អា​ម៉ា កា​ដា​ហ្វី កាលពី​ខែតុលា ឆ្នាំ​២០១១ ដោយសារ​អន្តរាគមន៍​របស់​ពួក​លោក​ខាងលិច និង​អា​រ៉ាប់ ក្រោយ​ការ​អនុម័ត​ដំណោះស្រាយ​មួយ​របស់ អ​.​ស​.​ប ដែល​ក្រុង​មូ​ស្គូ​មិន​បាន​វេតូ​គ្រាន់តែ​បោះ​ឆ្នោត​អនុប្បវាទ ។

ខណៈ​ពេល​នេះ អ្នកការទូត​ជាន់ខ្ពស់​រុ​ស្ស៊ី​ម្នាក់​ប្រចាំ​ក្រុង​ដា​ម៉ាស់​អះអាង​ប្រាប់ AFP ថា ពួក​លោក​ខាងលិច​លេងល្បិច​លើ​ក្បាល​យើង​រួច​យើង​នឹង​មិន​អត់ឱន​ឱ្យ​ពួក​គេ​ដាច់​ខាត​ចំពោះ​ការ​ប្រើប្រាស់​ជា​ឯកតោភាគី​នូវ​ដំណោះស្រាយ អ​.​ស​.​ប ដើម្បី​វាយ​ដណ្តើម​យក​លី​ប៊ី ។ ដូច្នេះ​ដាច់ខាត​យើង​នឹង​មិន​បណ្តោយ​ឱ្យ​ពួក​គេ​ដណ្តើម​យក​ស៊ី​រី​ទៀត​ឡើយ ។

តាម​ពិត​ទៅ​ប្រទេស​ស៊ី​រី​ដែល​រង​ការ​បំផ្លាញ​ចាប់តាំងពី​ជិត​៥​ឆ្នាំ​មក​ហើយ ដោយ​សង្គ្រាម​មួយ​បណ្តាល​ឱ្យ​មនុស្ស​ស្លាប់​ជាង​២៥០.០០០​នាក់ ជាទី​តាំង​ខ្លាំង​ចុង​ក្រោយ​របស់​រុ​ស្ស៊ី​ក្នុង​តំបន់ ហើយ​បើ​បាត់បង់​ស៊ី​រី នោះ​វា​នឹង​កាត់​បន្ថយ​យ៉ាង​ខ្លាំង​នូវ​ឥទ្ធិពល​របស់​ខ្លួន ។

អន្តរាគមន៍​របស់​រុ​ស្ស៊ី​នៅ​ស៊ី​រី​អាច​ឱ្យ​ប្រទេស​នេះ​ដឹកនាំ​ដោយ​លោកពូ​ទី​ន មាន​ក្រឡា​អុក​មួយ ហើយ​បង្កើត​ទំនាក់ទំនង​ជាមួយ​អេ​ហ្ស៊ី​ប ក្លាយជា​ដៃគូ​ចរចា​របស់​ប្រទេស​ហ្ស​ក​ដា​នី និង​ប្រទេស​នៅ​តំបន់​ឈូង​សមុទ្រ​ពែ​រ្ស៍ ហើយ​អាច​កាន់​សន្លឹក​បៀរ​ស្មើភាព​គ្នា​ជាមួយ​សហរដ្ឋ​អា​មេ​រិ​ក ដើម្បី​ស្វែងរក​ដំណោះស្រាយ​ជាយថាហេតុ​មួយ​នៃ​ជម្លោះ ។

ចំណែក​លោក AJDAR KOURTOV និពន្ធ​នាយក​នៃ​ទស្សនាវដ្តី​រុ​ស្ស៊ី បញ្ហា​យុទ្ធសាស្ត្រ​ជាតិ ស្និទ្ធ​វិមាន​ក្រឹម​ឡាំង​ពន្យល់​ថា ផលប្រយោជន៍​ជាតិ​ជំរុញ​ឱ្យ​រុ​ស្ស៊ី​បញ្ចេញ​សកម្ម​ភាព​​នៅ​មជ្ឈិម​បូព៌ា ដើម្បី​ចៀសវាង​កុំឱ្យ​មាន​ភ្លើង​អ៊ិ​ស្លា​ម​និយម​ឆេះ​ក្បែរ​ព្រំដែន​របស់​យើង ។ ម្យ៉ាងវិញទៀត បណ្តា​មេដឹកនាំ​រុ​ស្ស៊ី​ចង់ឱ្យ​រុ​ស្ស៊ី​ដើរតួ​នាទី​សំខាន់​មួយ​ឡើង​វិញ ក្នុង​នយោបាយ​ពិភពលោក​ដូច​កាលសម័យ​សហភាព​សូ​វៀត ។

ចំពោះ​អីុ​រ៉​ង់​ស៊ី​អីុត​វិញ​វា​ជា​ការ​ថែរក្សា​ឥទ្ធិពល​របស់​ខ្លួន រួច​បើ​អាច​ទៅ​រួច ពង្រីក​ឥទ្ធិពល​នេះ ដើម្បី​ធានា​តួនាទី​ជា​មហាអំណាច​តំបន់​មួយ​ប្រឈម​មុខ​នឹង​អា​រ៉ា​ប៊ី សា​អ៊ូ​ឌី​ត ស៊ុន​នី​ត ។

ទោះបី​យ៉ាងណា លោក KARIM BITAR វាយតម្លៃ​ថា តាម​មើលទៅ ប្រទេស​ទាំង​២ រុ​ស្ស៊ី និង​អីុ​រ៉​ង់​អាច​រង​ថ្ម​បាក់ ព្រោះ​ពុំដែល​មាន​អន្តរាគមន៍​ណាមួយ​ក្នុង​ពិភព​អា​រ៉ាប់​ត្រូវ​បាន​បញ្ចប់​ដោយ​គ្មាន​បណ្តា​ផលវិបាក​នឹក​ស្មាន​មិន​ដល់ ហើយ​ជួនកាល​គួរ​ឱ្យ​ឈឺចាប់​ផង ឡើយ​ចំពោះ​ពួក​អ្នក​លោត​ចូល​ក្នុង​រណ្តៅ​នេះ ៕