ឱសថ​បញ្ចុះ​ទំងន់​ឈ្មោះ MAZETA Slim ត្រូវបាន​ក្រសួងសុខាភិបាល បញ្ឈប់​ការតាំង​លក់

ភ្នំពេញ: ​យោងទៅតាម​សេចក្តីជូនដំណឹង​របស់​ក្រសួងសុខាភិបាល ចុះ​ថ្ងៃទី​២១ ខែធ្នូ ឆ្នាំ​២០១៥ បានប្រកាសថា ៖ តាម​ការសង្កេត​របស់ ក្រសួងសុខាភិបាល បាន​ពិនិត្យ លិខិត​យោង​លេខ ៩៦៦/១៥ ល​ឆក​/​ប​អបព ចុះ​ថ្ងៃទី​៣ ខែធ្នូ ឆ្នាំ​២០១៥ របស់​អង្គភាព​ប្រឆាំង​អំពើពុករលួយ​បច្ចុប្បន្ននេះ ឃើញថា ឱសថ​ឈ្មោះ MAZETA Slim ដែលមាន​រចនាបទ​បង្ហាញ និង​វេច​ខ្ចប់ ជា​ឱសថ​បញ្ចុះ​ទំងន់ ផលិត​ដោយ​រោងចក្រ Greatwallbuy International Trading Co.,Ltd California ជា​ឱសថ​នាំចូល​គ្មាន​ការអនុញ្ញាត​ពី​ក្រសួងសុខាភិបាល ហើយ​បាន​លក់​ចែកចាយ តាម​ឱសថស្ថាន​-​ឱសថ​រង ដោយ​ពុំបាន​ចុះបញ្ជី​ការ និង​ត្រួតពិនិត្យ​គុណភាប ប្រសិទ្ធភាព សុវត្ថិភាព ពី​ក្រសួងសុខាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​

​តាម​សេចក្តីជូនដំណឹង​នេះ​ដដែល ក្រសួងសុខាភិបាល​មាន​វិធានការ តាមច្បាប់​ស្តីពី​ការគ្រប់គ្រង​ឱសថ ដូចខាងក្រោម​៖

១. គ្រឹះស្ថាន​លក់​ឱសថ​ទាំងអស់ ត្រូវ​បញ្ឈប់​ការតាំង​លក់​ឱសថ​ខាងលើ ចាប់ពី​ថ្ងៃ​ចេញ​សេចក្តីជូនដំណឹង​នេះ​តទៅ បើ​រកឃើញ​មានការ​តាំង​លក់​ឱសថ​នេះ​តទៅទៀត និង​អនុវត្ត​ទៅតាម​ច្បាប់​ជា​ធរមាន​។​

២. គ្រប់​មន្ទីរ​សុខាភិបាល រាជធានី ខេត្ត ត្រូវមាន​វិធានការ ធ្វើការ​ណែនាំ ដល់​គ្រប់​សាខា​គ្រឹះស្ថាន​នាំចូល​ឱសថ ឱសថស្ថាន​-​ឱសថស្ថាន​រង ជាបន្ទាន់​ដូច​មាន​ក្នុង​ចំណុច ១​ខាងលើ​។​

៣. ក្រសួង​នឹងមាន​វិធានការ​តឹងរ៉ឹង​តាមផ្លូវ​ច្បាប់ ចំពោះ​ឱសថស្ថាន​-​ឱសថស្ថាន​រង ទាំងឡាយណា ដែល​នៅតែ​បន្ត​លក់​ឱសថ​ខាងលើនេះ​៕​

ឱសថ​បញ្ចុះ​ទំងន់​ឈ្មោះ MAZETA Slim ត្រូវបាន​ក្រសួងសុខាភិបាល បញ្ឈប់​ការតាំង​លក់