Beckham ចង់​ទិញ Ibrahimovic មក​លេង​នៅ​ក្លិប​របស់​ខ្លួន​នៅ​អាមេរិក

អតីត​តារា​បាល់​ទាត់​សញ្ញាតិ​អង់គ្លេស David Beckham ​ទទួល​ស្គាល់​ថា ​លោកចង់​ទិញ​យក​កីឡាករ Zlatan Ibrahimovic មក​លេងក្លិបថ្មីក្នុង Major League Soccer (MLS) របស់​សហរដ្ឋ​អាមេរិក ដែល​គេ​គ្រោង​នឹង​បង្កើត​ឡើង។

Beckham

អតីត​ប្រធាន​ក្រុម​ជម្រើស​ជាតិ​អង់គ្លេស​រូប​នេះ ធ្លាប់​បាន​លេង​ជាមួយ​និងកីឡាករ Ibrahimovic កាល​ដែលគេ​នៅ​លេង​ឲ្យ​ក្លិប Paris ​ Saint-Germain មុន​ពេល​ដែល​រូប​គេ​បាន​ប្រកាសចូល​និវត្តន៍​ កាលពី​ឆ្នាំ ២០១៣។​

បន្ទាប់​ពី​ឆ្លង់​កាត់​អាជីព​ដ៏​ជោគជ័យនៅ​ក្នុង​ក្លិប​ធំ​ៗ​លំដាប់​ពិភព​លោក ​ដូចជា បិសាចក្រហម Manchester United និង​ស្តេច ស Real Madrid នៅ​តំបន់​អ៊ឺរ៉ុប Beckham បាន​មកសហរដ្ឋ​អាមេរិក ​​លេង​ឲ្យ​ក្លិប LA Galaxy ហើយ​ក្រោយ​មក​ក៏​បាន​ប្រកាស​ពី​គោល​បំណង់​ចង់​បង្កើត​ក្លិបនៅ MSL ​ក្នុង​រដ្ឋ Miami។

ក្រុម​វិនិយោគ​របស់​ Beckham បាន​ទិញ​យក​ដី​មួយ​កន្លែង​នៅ​ក្នុង​រដ្ឋ Miami ដោយ​ពួកគេ​បាន​ទទួល​ការ​យល់​ព្រម​​ពី​លីក​ MSL ក្នុង​ការ​បង្កើត​​ក្លិបនៅ​រដ្ឋ​នេះ។ មិន​យូរ​មិន​ឆាប់ ពួកគេ​នឹង​ផ្តោត​ទៅ​លើ​កីឡាករ​ដែល​ត្រូវ​លេង​ក្នុង​ក្លិប​នេះ។

នៅ​ក្នុង​កិច្ច​សម្ភាស​មួយ​ជា​មួយ​នឹង​សារព័ត៌មាន​បរទេសមួយ Beckham បាន​​បង្ហើប​ឲ្យ​ដឹង​ថា លោក​​បាន​សម្លឹង​ឃើញ​អតីតមិត្ត​រួម​ក្រុមគឺ​ កីឡាករសញ្ជាតិ ស៊ុយអ៊ែត Zlatan Ibrahimovic។

គេ​បាន​និយាយថា៖ «បើសិន​ជា Ibrahimovic​ នៅ​លេងបាន​សកម្ម​ដូចមុន ខ្ញុំ​ចង់​ទិញ​គេមក​លេង​ឲ្យ​ក្លិប​របស់​ខ្ញុំ​ភ្លាម។ គេ​មាន​សរីរាង្គ​ដ៏​អស្ចារ្យ ដូច្នេះ​គេ​ពិត​ជា​ងអាចលេង​ទៅ​រួច»។