ត្រូវការ ៥៥៦០០ បង្គន់ សម្រាប់​ថ្នាក់បឋមសិក្សា​នៅ​ទូទាំងប្រទេស​

រូបភាពពី៖​ ​យូ​នី​សេ​ហ្​កម្ពុជា​កំពុង​ចូលរួម​ប្រារព្ធ​ទិវា​ពិភពលោក​ស្តីពី «​ការលាង​សម្អាត​ដៃ និង​អនាម័យ​នៅតាម​គ្រឹះស្ថានសិក្សា​»​។ យុទ្ធនា​ការជំរុញ​អនាម័យ​នៅ​ថ្នាក់បឋមសិក្សា ត្រូវ​បានរៀបចំ​ធ្វើឡើង​ដើម្បី​ជា​ផ្នែក​មួយ​នៃ​ការចូលរួម​កាត់បន្ថយ​អត្រា​មរណភាព​កុមារ​ផង និង​ការលើកស្ទួយ​គុណភាព​អប់រំ​កម្រិត​បឋមសិក្សា​ផង​។​

​ក្រសួង​អប់រំ និង​អង្គការ​យូ​នី​សេ​ហ្វ បានរួម​គ្នា​រៀបចំ​ប្រារព្ធ​ទិវា​អន្តរជាតិ​ស្តីពី ការលាង​សម្អាត​ដៃ និង​អនាម័យ​នៅតាម​គ្រឹះស្ថានសិក្សា នៅ​ថ្ងៃទី​២២​ខែធ្នូ​នេះ​នៅ​សាលាបឋមសិក្សា​ចៅពញា​ហុក ក្នុង​ខណ្ឌចំការមន​។ យុទ្ធនា​ការជំរុញ​អនាម័យ​ត្រូវបាន​ធ្វើឡើង​ដោយ​ផ្តោតទៅលើ​ក្រុមសិស្ស​ថ្នាក់បឋមសិក្សា​។​

​លោកស្រី គឹម សេដ្ឋា​នី រដ្ឋលេខាធិការ​ក្រសួង​អប់រំ​បាន​ថ្លែង​នៅក្នុង​ពិធី​នៃ​ទិវា​ពិភពលោក ស្តីពី​ការលាង​សម្អាត​ដៃ នោះ ដោយ​ទទួលស្គាល់ថា កង្វះ​អនាម័យ​ក្នុង​ជីវិត​ប្រចាំថ្ងៃ​បានធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការលូតលាស់​របស់​កុមារ​។ លោកស្រី​បញ្ជាក់​យ៉ាង​ដូច្នេះ កង្វះ​អនាម័យ​បង្ក​ឲ្យ​ឆ្លង​ដង្កូវ​ព្រូន និង​ធ្វើ​ឲ្យ​កុមារ​មាន​ភាពស្លេកស្លាំង ឈានទៅ​កង្វះ​អាហារូបត្ថម្ភ ប្រឈម​នឹង​ភាព​ក្រិន និង​មាន​ផលប៉ះពាល់​ដល់​ការរីកលូតលាស់​របស់​កុមារ ទាំង​ផ្នែក​រាងកាយ និង​ស្មារតី ដោយសារ​ជំងឺ​រាគរូស ជំងឺ​ផ្លូវដង្ហើម​ស្រួចស្រាវ ជំងឺ​ក្រិន និង​ជំងឺភ្នែកក្រហម​ជាដើម​»​។​

​អវត្តមាន​នៃ​បង្គន់​អនាម័យ​នៅក្នុង​គ្រឹះស្ថាន​បឋមសិក្សា រឹតតែ​បង្ក​ឲ្យ​សិស្សានុសិស្ស​តូចៗ​ប្រឈម​នឹង​ភាពខ្វះ​អនាម័យ​កាន់តែច្រើន​។ បើ​យោងតាម​អ្នកជំនាញ​អប់រំ វត្តមាន​នៃ​បង្គន់​អនាម័យ​នៅតាម​គ្រឹះស្ថានសិក្សា នឹង​ជួយ​ការពារ​កុមារ​ពី​ភាពខ្វះ​អនាម័យ​។ ហើយ​ថា​បច្ចុប្បន្ននេះ កង្វះ​បង្គន់​អនាម័យ​ក៏​ជា​ឧបសគ្គ​មួយ​ក្នុង​ការងារ​ពង្រឹងគុណភាព​អប់រំ​ថ្នាក់បឋមសិក្សា​នៅ​កម្ពុជា​ដែរ​។​

​របាយការណ៍​របស់​អង្គការ​យូ​នី​សេ​ហ្វ ដែល​លើកឡើង​ដោយ​អ្នកស្រី អេ​រី​កា បូក (Erika Boak) ប្រធាន​ផ្នែក​អប់រំ បាន​បង្ហាញថា ការខិតខំ​ប្រឹងប្រែង​ក្នុងការ​សាងសង់​បង្គន់​អនាម័យ​នៅ​ថ្នាក់បឋមសិក្សា​នៅក្នុង​ឆ្នាំ​២០១៥​នេះ បាន​នាំ​ឲ្យ​មាន​លទ្ធផល​ជា​វិជ្ជមាន​។ ប៉ុន្តែ​ថា ចំនួន​បង្គន់​ទាំងនោះ នៅ​មិនទាន់​គ្រប់គ្រាន់​នៅឡើយ​ទេ​។​

​អ្នកស្រី អេ​រី​កា បាន​បញ្ជាក់ថា នៅពេលដែល​ស្តង់ដារ​ថ្នាក់ជាតិ​របស់​កម្ពុជា​បានកំណត់​ឲ្យ​កុមារា​ថ្នាក់បឋមសិក្សា​ប្រហែល​៥០​នាក់ ត្រូវ​ប្រើប្រាស់​បង្គន់​មួយ និង​កុមារី​ប្រហែល​៣៣​នាក់​ត្រូវ​បង្គន់​មួយ​នោះ ស្ថានភាព​បច្ចុប្បន្ន​បង្ហា​ញ​ថា មាន​កុមារា​រហូតដល់​១៧៣​នាក់ និង​កុមារី​រហូត​១៥៧​នាក់ បាន​ប្រើប្រាស់​បង្គន់​មួយ​។ «​ដូច្នេះ​តួលេខ​នេះ​បញ្ជាក់ថា កម្ពុជា​នៅ​ត្រូវការ​សាងសង់​បង្គន់​អនាម័យ​ចំនួន​៥៥៦០០​ទៀត​នៅ​កម្រិត​បឋមសិក្សា​នៅ​ទូទាំងប្រទេស ដើម្បី​ឆ្លើយតប​ទៅនឹង​តម្រូវការ​សមរម្យ​រប​ស់​កុមារា និង​កុមារី​»​។ នេះ​ជាការ​បញ្ជាក់​របស់​ប្រធាន​ផ្នែក​អប់រំ​នៃ​អង្គការ​យូ​នី​សេ​ហ្វ​។​

​គួរបញ្ជាក់​ផងដែរ កង្វះខាត​បង្គន់​អនាម័យ​មិនមែន​កើតឡើង​ដោយសារតែ ការ​មិនបាន​សាងសង់​ប៉ុណ្ណោះ​ទេ​។ នៅតាម​គ្រឹះស្ថានសិក្សា​ខ្លះ​ដែលមាន​បង្គន់​អនាម័យ​ហើយ ប៉ុន្តែ​បែរជា​ខ្វះ​ការថែរក្សា ហើយក៏​ត្រូវ​បិទទ្វារ​ទុកចោល​មិន​ប្រើប្រាស់​ក៏មានដែរ​៕