តំបន់ឧទ្យានជាតិ ព្រះជ័យវរ្ម័ន នរោត្តម ភ្នំគូលែន ត្រូវក្រុមហ៊ុន សម្រេចប្រគល់ ឲ្យក្រសួងបរិស្ថាន កាន់កាប់វិញ

ភ្នំពេញ៖ក្រុមហ៊ុននគរគោកធ្លក របស់អ្នកឧកញ៉ា សៀង ណាំ ដែលទទួលបាន  សិទ្ធិវិនិយោគ នៅតំបន់ឧទ្យានជាតិ ព្រះជ័យវរ្ម័ននរោត្តម ភ្នំគូលែននោះ សម្រេចបញ្ចប់ការវិនិយោគរបស់ខ្លួន និងស្ម័គ្រចិត្ត ប្រគល់ជូន ក្រសួងបរិស្ថាន គ្រប់គ្រងវិញ បន្ទាប់ពីមានការ សម្របសម្រួល និងឯកភាពគ្នា រវាងក្រសួងបរិស្ថាន និងក្រុមហ៊ុននគរគោកធ្លក កាលពីពេលថ្មីៗនេះ។

ក្រសួងបរិស្ថាន ជាអ្នកគ្រប់គ្រង តំបន់ឧទ្យានជាតិនេះ ហើយស្ថាប័នពាក់ព័ន្ធនានា ក្នុងនោះមានអាជ្ញាធរ អប្សរា នឹងទទួលភារកិច្ច ក្នុងការពង្រឹង ការងារគ្រប់គ្រង អភិរក្សនិងអភិវឌ្ឍបេតិកភ័ណ្ឌ និងទេសចរណ៍ រមណីយដ្ឋាន វប្បធម៌ប្រវត្តិសាស្ត្រ និងធម្មជាតិភ្នំគូលែននេះ។ ដើម្បីសម្រួល ដល់ការធ្វើដំណើរឡើងចុះ របស់ប្រជាជន អ្នកអភិរក្ស អ្នកស្រាវជ្រាវ និងភ្ញៀវទេសចរ អាជ្ញាធរអប្សរា នឹងធ្វើការសាង់សង់ផ្លូវចុះ ពីចំណុចព្រះអង្គធំ និងជួសជុល ហេដ្ឋារចនាសម្ព័ន្ធចាំបាច់នានា។

នៅចំពោះមុខនេះ ដោយធ្វើកិច្ចសហការ ជាមួយក្រសួងស្ថាប័ន មានសមត្ថកិច្ចក្នុងនោះ រួមទាំងសាលាខេត្តសៀមរាប យោធភូមិភាគ៤ និងអាជ្ញាធរមូលដ្ឋាន ក្រសួងបរិស្ថាន នឹងដឹកនាំគណៈកម្មការវាយតម្លៃ និងដោះស្រាយ ការផ្ទេរចុះពីលើភ្នំ នូវកងទ័ព គ្រួសារកងទ័ព និងប្រជាជនទាំងអស់ ដែលបានចូល ទៅតាំងទីលំនៅ លើភ្នំជាលក្ខណៈ អណាធិបតេយ្យ នាពេលកន្លងទៅ។

សូមបញ្ជាក់ថា គណៈកម្មាធិការអន្តរជាតិ សម្របសម្រួលកិច្ច អភិរក្ស និងអភិវឌ្ឍ រមណីយដ្ឋានអង្គរ (ICC Angkor) បានកោតសរសើរ និងលើកទឹកចិត្ត ដល់ក្រសួងបរិស្ថាន ដើម្បីអនុវត្តគម្រោង ក្នុងការអភិវឌ្ឍ ផែនការមេ ក្នុងការគ្រប់គ្រង និងយុទ្ធសាស្ត្រ អភិវឌ្ឍន៍វិស័យ ទេសចរណ៍ ប្រកបដោយចីរភាព ក្នុងតំបន់ឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម ភ្នំគូលែន នៅក្នុងពេលបើក កិច្ចប្រជុំបច្ចេកទេស លើកទី២៥ និងប្រជុំពេញអង្គ លើកទី២២ របស់ខ្លួន កាលពីថ្ងៃទី០២-០៣ ខែធ្នូ ឆ្នាំ២០១៥ នាសាលសន្និសីទ អង្គរមជ្ឈមណ្ឌល អាជ្ញាធរជាតិអប្សរា កន្លងមក៕