អង្គការ​សង្គម​ស៊ីវិល អំពាវនាវ​ឲ្យ​ក្រសួង​អប់រំ លុបចោល​តម្លៃ​ភាស៊ី​ផ្ញើ​កង់ នៅតាម​សាលារៀន​

ភ្នំពេញ: ​ក្រុម​អង្គការ​សង្គម​ស៊ីវិល បានចេញ​សេចក្តីអំពាវនាវ ដោយ​លើកឡើងថា មួយរយៈ​ចុងក្រោយ​នេះ យើង​បានឃើញ​ពី​ការខិតខំ​របស់​ក្រសួង​អប់រំ​យុវជន និង​កីឡា និង​ដៃគូ​អភិវឌ្ឍន៍​នានា រួមមាន​ម្ចាស់ជំនួយ និង​អង្គការ​មិនមែន​រដ្ឋាភិបាល​មួយចំនួនធំ ក្នុងការ​ទំនុកបម្រុង​ដល់​ការសិក្សា​រៀនសូត្រ​របស់​សិស្សានុសិស្ស ជាពិសេស​សិស្ស​មកពី​គ្រួសារ​ក្រីក្រ ដើម្បី​ឲ្យ​ពួកគេ មាន​ឳ​កាស​ដូចគ្នា​ក្នុងការ​រៀនសូត្រ​។​

​សេចក្តីថ្លែងការណ៍ ចុះ​ថ្ងៃទី​២២ ខែធ្នូ បង្ហាញថា ថ្មី​នេះ យើង​សង្កេតឃើញថា មាតាបិតា អាណាព្យាបាល​ជាច្រើន​ជាពិសេស​នៅ​ទីជនបទ បានលើកឡើង​អំពី​ជីវភាព​លំបាក​ប្រចាំថ្ងៃ និង​ចំណាយ​ប្រាក់​សម្រាប់​កូន​ទៅ​រៀន ហើយ​ក្នុងនោះ​ក៍បាន​លើកឡើងថា តម្លៃ​ផ្ញើ​ទោចក្រយាន (​កង់​)​នៅ​សាលារៀន​ក៍ជាប​ញ្ហា​មួយ​ដ៍​សំខាន់​ផងដែរ​។

​ដោយ​មើល ឃើញ​ពី​លំបាក​ក្នុង​ការចំណាយ​ថវិកា ទៅលើ​ការផ្ញើ​ទោចក្រយាន (​កង់​) និង​ចូលរួម​កាត់បន្ថយ​ការចំណាយ​របស់​សិស្ស​ម​ក​ពី​គ្រួសារ​ក្រីក្រ ជាពិសេស​នៅ​ទីជនបទ អង្គការ​សង្គម​ស៊ីវិល​ចំនួន ៣ រួមមាន សម្ព័ន្ធ​គណនេយ្យភាព​សង្គម​កម្ពុ​ជា (ANSA-CAMBODIA) វិទ្យាស្ថាន​ខ្មែរ​សម្រាប់​អភិវឌ្ឍន៍​ជាតិ​(KIND) និង​សមាគម​ប្រជាធិបតេយ្យ​ឯករាជ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ (IDEA) សូម​អំពាវនាវ​ដល់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​ក្រសួង​អប់រំ យុវជន និង​កីឡា ពិចារណា​ក្នុង​ការលុបចោល​ទាំងស្រុង ទៅលើ​ថ្លៃ​ភាស៊ី​ផ្ញើ​ទោចក្រយាន​(​កង់​) នៅតាម​សាលារៀន​របស់​រដ្ឋ ចាប់ពី​ឆ្នាំ​២០១៦ តទៅ ជា​ប្រយោជន៍​រួមចំណែក​ក​កាត់បន្ថយ​ភាពក្រីក្រ​ជួយ​ដល់​គ្រួសារ​សិស្សានុសិស្ស​។​

​មិនទាន់មាន​ការឆ្លើយ​តប​បែបណា​ពី​ក្រសួង​អប់រំ យុវជន និង​កីឡា ជុំវិញ​ការលើកឡើង​ខាងលើ នៅឡើយ​ទេ​៕​

អង្គការ​សង្គម​ស៊ីវិល អំពាវនាវ​ឲ្យ​ក្រសួង​អប់រំ លុបចោល​តម្លៃ​ភាស៊ី​ផ្ញើ​កង់ នៅតាម​សាលារៀន​