តែងតាំងលោក វួច អូន ប្រធានស្នាក់ការត្រួតពិនិត្យ ច្រកទ្វារប៉ោយប៉ែត បន្ទាប់ប្រធានចាស់ ត្រូវបានដកតំណែង

បន្ទាយមានជ័យ៖ លោក វួច អូន អតីតប្រធានការិយាល័យសេដ្ឋកិច្ចសាលាខេត្តបន្ទាយមានជ័យ ត្រូវបានថ្នាក់លើ ប្រកាស់តែងតាំងជា ប្រធានស្នាក់ការត្រួតពិនិត្យច្រកទ្វារអន្តរជាតិប៉ោយប៉ែត ជំនួសមេស្នាក់ការចាស់ ខណៈលោក អាន វណ្ណះ ត្រូវបានដកតំណែងឲ្យទៅធ្វើជានាយកទីចាត់ការ រដ្ឋបាលសាលាខេត្ត វិញ។

ពិធីប្រកាស់តែងតាំងនេះ ត្រូវបានធ្វើឡើង កាលពីល្ងាចថ្ងៃទី ២១ ខែធ្នូ ឆ្នាំ២០១៥ នៅស្នាក់ការ ច្រកទ្វារអន្តរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ក្រោមធិបតីភាពលោក អ៊ុ រាត្រី អភិបាលរងខេត្ត ដែលមានការចូលរួមពីមន្ត្រីរាជការជុំវិញខេត្ត ស្ថាប័នពាក់ពន្ធ័ កម្លាំងប្រដាប់អាវុធ មន្ត្រីកម្ពជា ថៃ ជាច្រើនរូប។

លោក អ៊ុ រាត្រី អភិបាលរងខេត្តបន្ទាយមានជ័យ បានប្រតិកម្មនឹងមតិមួយចំនួចលើកឡើងថា ការតែងតាំងអ្នកថ្មី អ្នកចាស់ គឺគេដកតំណែង។

ឆ្លើយតបទៅនឹងការលើកឡើងរបស់សាធារណះមតិ លោកបានមានប្រសាសន៍ថា "ការតែងតាំងលោក វួច អូន ជាប្រធានស្នាក់ការច្រកទ្វារថ្ងៃនេះ មិនមែនគេ ដកអ្នកចាស់ទេ គឺលោក អាន វណ្ណៈ ប្រធានស្នាក់ការចាស់គាត់ដល់អាណត្តិ"។

ក្នុងនោះលោក៏បានផ្តាំ ផ្ញើរដល់មន្ត្រីទើបចូលកាន់តំណែងថ្មីត្រូវសហការជាមួយស្ថាប័នពាក់ព័ន្ធឲ្យបានល្អ ប្រយោជន៍គឺរក ចំណូលចូលរដ្ឋឲ្យបានច្រើន។

បើទោះបីជាមានការអះអាងយ៉ាងដូច្នេះក៏ដោយ ពលរដ្ឋ និងមន្ត្រីរាជការច្រើនៅតែរិះគន់ថា អំឡុងពេលដែលលោក អាន វណ្ណៈ កាន់តំណែងជាប្រធានស្នាក់ការលោក បានខិតខំធ្វើសម្រួលដល់ ភ្ញៀវជាតិ អន្តរជាតិ ការដឹកជញ្ជូន ដោះស្រាយបញ្ហាជូនពលរដ្ឋបានជាច្រើនករណីផងដែរ។ តែអ្វីដែល គេកត់សម្ភាល់ថា លោកធ្វើមិនបាន គឺភាពគ្មានសណ្តាប់ធ្នាប់ បើកដៃឲ្យក្រុមហ៊ុនឯកជន ដើរចែកខិតប័ណ្ណ ផ្សព្វផ្សាយពីល្បែងយ៉ាងអណាធិបតេយ្យ នៅក្បាលស្ពានមិត្តភាពកម្ពុជា-ថៃ។ លើសពីនេះរឿងធំមួយទៀតគឺ ក្រុមម៉ូតូឌុបមានសិទ្ធិចត និងដេញចាប់ម៉ូយយ៉ាងគ្មានសណ្តាប់ធ្នាប់ និងដោយសេរី ដែលជាហេតុធ្វើឲ្យបាត់នូវ សោភ័ណភាពយ៉ាងធ្ងន់ធ្ងរ។ ប្រភពពីក្រុមអ្នករត់ម៉ូតូនិយាយថា ពួកគេអាចមករកស៊ីនិងដេញចាប់ម៉ូយ ដោយសេរីនេះគឺដោយសារពួកគេបង់លុយឲ្យសមត្ថកិច្ចនៅច្រកទ្វារខាងលើ ម្នាក់៣០០បាតទៅ៥០០ បាតក្នុងមួយខែ៕