ពលរដ្ឋ​៣៧​គ្រួសារ​រង​ផល​ប៉ះពាល់​ពី​ការ​សង់​មណ្ឌល​យោធិន​ពិការ​ទាមទារ​ប្លង់​កម្មសិទ្ធិ​ដីធ្លី

ពលរដ្ឋ ៣៧​គ្រួសារ​នៅ​ភូមិ​ស្នារសង្គ្រាម ឃុំ​បល្ល័ង្ក ស្រុក​ប្រាសាទបាគង ចម្ងាយ​ជាង ៤០​គីឡូ​ម៉ែត្រ​ភាគ​ឦសាន​ពី​ទី​រួម​ខេត្ត​សៀមរាប បាន​កើត​មាន​វិបត្តិ​ដីធ្លី​រយៈពេល ៤​ឆ្នាំ​មក​ហើយ ចាប់​តាំង​តែ​ពី​រដ្ឋាភិបាល​យក​ដី​ព្រៃ​របស់​រដ្ឋ​ជាច្រើន​ហិកតារ ទៅ​សាងសង់​ធ្វើ​មណ្ឌល​អភិវឌ្ឍន៍​យោធិន​ពិការ​៣១៧ នៅ​ក្បែរ​នោះ ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ដី​ស្រែ និង​ចម្ការ​ខ្លះ​របស់​ពួក​គាត់។

ក្រុម​អ្នក​ភូមិ​បាន​លើក​គ្នា​ទៅ​ជួប​អាជ្ញាធរ​ខេត្ត​សៀមរាប និង​អាជ្ញាធរ​ស្រុក​ប្រាសាទបាគង ជា​ញឹកញាប់ ដើម្បី​ទាមទារ​ឲ្យ​មាន​ការ​ដោះស្រាយ ប៉ុន្តែ​រហូត​មក​ទល់​ពេល​នេះ មិន​មាន​ដំណោះស្រាយ​ណា​មួយ​សម្រាប់​ពួក​គាត់​នៅ​ឡើយ។

អ្នក​ភូមិ​ស្នារសង្គ្រាម នៃ​ឃុំ​បល្ល័ង្ក ចំនួន ៣៧​គ្រួសារ ដែល​មាន​ទំនាស់​ដីធ្លី​អូស​បន្លាយ​ជាច្រើន​ឆ្នាំ​មក​ហើយ បាន​ទាមទារ​ជា​ថ្មី​ទៅ​អាជ្ញាធរ​ស្រុក​ប្រាសាទបាគង ឲ្យ​ធ្វើ​ការ​សម្រេច​ចិត្ត​ចេញ​ប្លង់​កម្មសិទ្ធិ​ដីធ្លី​ដែល​កំពុង​តែ​មាន​ទំនាស់​នោះ មក​ឲ្យ​ពួក​គេ​ដើម្បី​បញ្ចប់​ការ​រង់ចាំ​ដំណោះស្រាយ​នានា ដែល​ចេះ​តែ​បាត់​ទៅៗ​ជាច្រើន​ឆ្នាំ​មក​ហើយ។

កាល​ពី​រសៀល​ថ្ងៃ​ទី​២១ ខែ​ធ្នូ កន្លង​ទៅ ក្រុម​អ្នក​ភូមិ​ប្រមាណ ២០​នាក់ បាន​លើក​គ្នា​ទៅ​ជួប​ប្រជុំ​ជាមួយ​អាជ្ញាធរ​ស្រុក​ប្រាសាទបាគង ដោយ​ស្នើសុំ​ឲ្យ​ជួយ​ធ្វើ​ប័ណ្ណ​កម្មសិទ្ធិ​លើ​ដី​ដែល​មាន​ទំនាស់ មក​ឲ្យ​ពួក​គេ​បាន​កាន់​កាប់​ស្រប​ច្បាប់ ពីព្រោះ​ពួក​គេ​មិន​អាច​រង់ចាំ​ការ​ដោះស្រាយ​ដ៏​យូរ​ទៀត​ទេ។

តំណាង​អ្នក​ភូមិ​ស្នារសង្គ្រាម ម្នាក់​ក្នុង​ចំណោម​អ្នក​មាន​វិបត្តិ​ដីធ្លី​ជាច្រើន​គ្រួសារ​ទៀត គឺ​លោកស្រី សៀន រី។ លោកស្រី​មាន​ប្រសាសន៍​ថា រយៈពេល ៤​ឆ្នាំ​មក​ហើយ រូប​គាត់ និង​អ្នក​ភូមិ បាន​ដើរ​ប្ដឹង​ពី​រឿង​ដី​ដែល​ប៉ះពាល់​ដោយសារ​តែ​ការ​សាងសង់​មណ្ឌល​អភិវឌ្ឍន៍​យោធិន​ពិការ​៣១៧ និង​ប៉ះពាល់​ជាមួយ លោក សៅ រ៉ានី ដែល​ជា​មន្ត្រី។ លោកស្រី សៀន រី បញ្ជាក់​ថា ការ​ដើរ​ប្ដឹង​ទាមទារ​ឲ្យ​ដោះស្រាយ​ដី​ជាច្រើន​ឆ្នាំ​មក​នេះ ធ្វើ​ឲ្យ​ពួក​គាត់​ភ័យ​ព្រួយ​ពី​រឿង​បាត់បង់​ដី​ស្រែ​ចម្ការ​ផង និង​គ្មាន​ពេលវេលា​ប្រកប​ការងារ​ចិញ្ចឹម​ជីវិត​ផង៖ «ទាមទារ​ឲ្យ​អាជ្ញាធរ​ធ្វើ​ប្លង់​នេះ ដើម្បី​ឲ្យ​បង​ប្អូន​នេះ​បាត់​ភ័យ​បាត់​ខ្លាច​រឿង​គេ​ឈូស​ឆាយ ហើយ​យើង​នឹង​ចេញ​ទៅ​ធ្វើ​ការ​រក​ស៊ី​ចិញ្ចឹម​ជីវិត​ទៅ​មុខ»

អភិបាល​ស្រុក​ប្រាសាទបាគង លោក ភូ សំអាត ដែល​ទទួល​ជួប​ប្រជុំ​ជាមួយ​ប្រជាពលរដ្ឋ​ទាំង​នោះ មាន​ប្រសាសន៍​ថា អ្នក​ភូមិ​ស្នារសង្គ្រាម ដែល​លើក​គ្នា​មក​សុំ​ធ្វើ​ប័ណ្ណ​កម្មសិទ្ធិ​ដីធ្លី​នោះ គឺ​កំពុង​តែ​មាន​ទំនាស់​ដី ៣​ករណី​ផ្សេង​គ្នា គឺ​គ្រួសារ​ខ្លះ​បាន​ប៉ះពាល់​ដីធ្លី​ដោយសារ​ដីកា​ដក​ហូត​ដី​ព្រៃ​លេខ​០៨៥ តាំង​ពី​ឆ្នាំ​២០០៦ គ្រួសារ​ខ្លះ​ប៉ះពាល់​ដីធ្លី​ដោយសារ​ការ​សាងសង់​មណ្ឌល​អភិវឌ្ឍន៍​យោធិន​ពិការ​៣១៧ តាំង​ពី​ឆ្នាំ​២០១១ និង​គ្រួសារ​ខ្លះ​ទៀត ប៉ះពាល់​ដោយសារ​ការ​សាងសង់​មណ្ឌល​យោធិន​ពិការ​ផង និង​ប៉ះពាល់​ជាមួយ លោក សៅ រ៉ានី ដែល​ជា​មន្ត្រី​ម្នាក់​ផង៖ «ខ្ញុំ​ក៏​ឲ្យ​គាត់​ទៅ​ធ្វើ​ឯកសារ​ចេញ​ជា ៣​ក្រុម​ហ្នឹង​មក ចាំ​ខ្ញុំ​ធ្វើ​សំណើ​សុំ​ទៅ​ខេត្ត​សៀមរាប ថា​តើ​វា​អាច​វាស់វែង​ដី​ហ្នឹង​ជូន​ពួក​គាត់​បាន​ដែរ​ឬ​ក៏​អត់? ឬ​ក៏​មិន​អាច​ដោយសារ​មាន​មូលហេតុ​ផ្សេង»

អ្នក​ស៊ើប​អង្កេត​របស់​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (ADHOC) ខេត្ត​សៀមរាប លោក សួស ណារិន បាន​ហៅ​ចំណាត់​ការ​ដោះស្រាយ​របស់​អាជ្ញាធរ​ខេត្ត​សៀមរាប ទៅ​លើ​រឿង​ទំនាស់​ដី​ធ្លី​នៅ​ភូមិ​ស្នារសង្គ្រាម នោះ ថា​មាន​ភាព​យឺតយ៉ាវ​យ៉ាង​ខ្លាំង។

អាជ្ញាធរ​ស្រុក​ប្រាសាទបាគង ទទួល​ស្គាល់​ថា ការ​ដោះស្រាយ​រឿង​ដីធ្លី​ទីនោះ គឺ​ពិត​ជា​យឺតយ៉ាវ​មែន ដោយសារ​តែ​កន្លង​ទៅ អាជ្ញាធរ​ធ្លាប់​ព្រមព្រៀង​ឲ្យ​ប្រជាពលរដ្ឋ​ដែល​ប៉ះពាល់​ដីធ្លី​ដោយសារ​ការ​សាងសង់​មណ្ឌល​អភិវឌ្ឍន៍​យោធិន​ពិការ​៣១៧ អាច​ទទួល​បាន​គោល​នយោបាយ​ផ្ទះ ១​ខ្នង និង​ដី​ទំហំ ១​ហិកតារ​កន្លះ ដូច​គ្នា​នឹង​យោធិន​ពិការ​ដែរ ក៏ប៉ុន្តែ​បញ្ហា​នៅ​ត្រង់​ថា ដី​ដែល​ត្រូវ​យក​ទៅ​ធ្វើ​មណ្ឌល​អភិវឌ្ឍន៍​យោធិន​ពិការ​៣១៧ នោះ នៅ​មិន​ទាន់​គ្រប់គ្រាន់ ដោយសារ​ចេះ​តែ​ប៉ះពាល់​លើ​មជ្ឈដ្ឋាន​ជាច្រើន​ទៀត ហើយ​មិន​ទាន់​ដោះស្រាយ​បាន​នៅ​ឡើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។