ពលរដ្ឋ​១០៦​គ្រួសារ​នៅ​ខេត្ត​ព្រះសីហនុ​ចោទ​ក្រុមហ៊ុន​ចិន​ថា​គំរាម​បណ្ដេញ​ចេញ​ពី​លំនៅឋាន

ប្រជាពលរដ្ឋ​ជាង ១០០​គ្រួសារ​នៅ​ឃុំ​រាម ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ បាន​ចោទ​ក្រុមហ៊ុន​ចិន ឈ្មោះ យិះ​ជៀ ថា​បាន​បន្ត​គំរាម​បណ្ដេញ​ពួក​គាត់​ចេញ​ពី​លំនៅឋាន និង​ដី​កសិកម្ម​ធ្លាប់​បង្កបង្កើនផល​តាំង​ពី​ឆ្នាំ​១៩៩២ ដោយ​ប្រើ​កម្លាំង​ប្រដាប់​អាវុធ​គំរាម​ពួក​គាត់ មិន​ឲ្យ​ធ្វើ​របរ​កសិកម្ម និង​សង់​ផ្ទះ ជាដើម។

ផ្ដើម​ពី​បញ្ហា​នេះ ប្រជាពលរដ្ឋ​ដែល​រង​ការ​គំរាម​កំហែង​នៅ​សហគមន៍​នេះ បាន​អំពាវនាវ​ឲ្យ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ជួយ​ជំរុញ​កាត់​ឆ្វៀល​ដី​លំនៅឋាន និង​ដី​កសិកម្ម ផ្តល់​ប្លង់​កម្មសិទ្ធិ​ជូន​ពួក​គាត់ ចេញ​ពី​គម្រោង​អភិវឌ្ឍន៍​របស់​ក្រុមហ៊ុន​ចិន យិះ​ជៀ ឲ្យ​បាន​ឆាប់ ហើយ​ស្នើ​ឲ្យ​ពលរដ្ឋ​អភិវឌ្ឍ​មូលដ្ឋាន​ខ្លួន​នៅ​នឹង​កន្លែង។

តំណាង​ប្រជាពលរដ្ឋ​ជាច្រើន​នាក់​រស់នៅ​សហគមន៍​ព្រែក​ត្របែក អណ្ដូង​ទឹក និង​ថ្ម​ធំ ស្ថិត​ក្នុង​ភូមិ​ស្មាច់ដែង ឃុំ​រាម នៅ​ថ្ងៃ​អង្គារ ទី​២២ ខែ​ធ្នូ បាន​បង្ហាញ​កង្វល់​ជា​ថ្មី ខ្លាច​បាត់បង់​ដី​លំនៅឋាន និង​ដី​ស្រែ​ចម្ការ​ធ្លាប់​បង្កបង្កើនផល​តាំង​ពី​ឆ្នាំ​១៩៩២ ដោយសារ​ក្រុមហ៊ុន​ចិន យិះ​ជៀ ទទួល​បាន​ដី​សម្បទាន​សេដ្ឋកិច្ច​រយៈពេល ៩៩​ឆ្នាំ​ពី​រដ្ឋាភិបាល។

ផ្ដើម​ពី​កង្វល់​នេះ មនុស្ស​វ័យ​ចាស់​ជាច្រើន​នាក់​បាន​លើក​ដៃ​សំពះ​សំណូមពរ​ដល់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ជួយ​អន្តរាគមន៍​កាត់​ឆ្វៀល​ដី​លំនៅឋាន និង​ដី​កសិកម្ម ផ្តល់​ប្លង់​កម្មសិទ្ធិ​ចេញ​ពី​គម្រោង​អភិវឌ្ឍន៍​របស់​ក្រុមហ៊ុន​ចិន យិះ​ជៀ ឲ្យ​បាន​ឆាប់ ព្រោះ​ក្រុមហ៊ុន​នេះ​មាន​មហិច្ឆតា​បណ្ដេញ​ពួក​គាត់​ទាំង ១០៦​គ្រួសារ ចេញ​ពី​ដី​ធ្លាប់​រស់នៅ​យូរ​ឆ្នាំ ដោយ​សំអាង​ទទួល​បាន​សិទ្ធិ​អភិវឌ្ឍន៍​តំបន់​នេះ​ពី​រដ្ឋាភិបាល។

ផ្តល់​បទសម្ភាសន៍​ដល់​វិទ្យុ​អាស៊ីសេរី ដែល​ចុះ​យក​ព័ត៌មាន​ដល់​សហគមន៍​នេះ មនុស្ស​វ័យ​ចាស់​ជាច្រើន​នាក់​បាន​លើក​ឡើង​ថា ចាប់​តាំង​ពី​ឆ្នាំ​២០០៧ មក នៅ​ពេល​ដែល​ក្រុមហ៊ុន​ចិន យិះ​ជៀ បាន​បង្ហាញ​វត្តមាន​នៅ​ក្នុង​មូលដ្ឋាន​ភូមិ​ស្មាច់ដែង ឃុំ​រាម ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ គឺ​បាន​បង្ក​ឲ្យ​ពលរដ្ឋ​រង​ទុក្ខ​វេទនា ដោយ​គំរាម​បង្ខំ​ពលរដ្ឋ​មិន​ឲ្យ​បង្កបង្កើនផល និង​សង់​ផ្ទះ ដើម្បី​រស់នៅ ជាដើម។ សកម្មភាព​គំរាម​នេះ ក្រុមហ៊ុន​ចិន បាន​ប្រើ​កង​កម្លាំង​ប្រដាប់​អាវុធ​មាន​ទាហាន និង​ប៉ូលិស​រាប់​សិប​នាក់​ប្រដាប់​ដោយ​អាវុធ មក​គំរាម​ចាប់​ចង​ពលរដ្ឋ​មូលដ្ឋាន​នេះ​ថែម​ទៀត។

បន្ថែម​លើ​នេះ ប្រធាន​សហគមន៍​ព្រែក​ត្របែក អណ្ដូង​ទឹក និង​ថ្ម​ធំ លោក សេន ចន្ថា បាន​ប្រាប់​វិទ្យុ​អាស៊ីសេរី នៅ​ថ្ងៃ​ទី​២២ ខែ​ធ្នូ ថា មូលដ្ឋាន​នេះ​មាន​ផ្ទៃដី​សរុប​ជាង ៣៣៣​ហិកតារ។ តំណាង​រូប​នេះ បាន​សំណូមពរ​ដល់​អភិបាល​ខេត្ត​ព្រះសីហនុ លោក យន្ត មីន ពិសេស​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ជួយ​កាត់​ឆ្វៀល​ដី​ផ្តល់​ប្លង់​កម្មសិទ្ធិ​ចេញ​ពី​គម្រោង​អភិវឌ្ឍន៍​របស់​ក្រុមហ៊ុន យិះ​ជៀ ដើម្បី​ឲ្យ​ពលរដ្ឋ​បាន​រស់នៅ និង​បង្កបង្កើនផល​នៅ​លើ​ដី​ធ្លាប់​រស់នៅ​យូរ​ឆ្នាំ និង​ស្នើ​អភិវឌ្ឍ​មូលដ្ឋាន​នៅ​នឹង​កន្លែង។

លោក សេន ចន្ថា៖ «ជាក់ស្តែង​ដូច​លោក​សារព័ត៌មាន​ឃើញ​ស្រាប់​ហើយ នៅ​ទីនេះ​សុទ្ធតែ​ដំណាំ​ស្វាយ ខ្នុរ ដូង និង​ចេក ជាដើម ត្រូវ​ប្រជាពលរដ្ឋ​ដាំ​ដុះ ហើយ​មាន​វាល​ស្រែ​របស់​ប្រជាពលរដ្ឋ​នៅ​សហគមន៍​ខ្ញុំ​ទាំងអស់​គ្នា។ សូម​ឲ្យ​អ្នក​សារព័ត៌មាន​ជួយ​នាំ​យក​កង្វល់​របស់​ពលរដ្ឋ​ពួក​ខ្ញុំ ជម្រាប​ដំណឹង​បាន​ដល់​សម្ដេច​នាយក​រដ្ឋមន្ត្រី សម្ដេច​តេជោ ជួយ​កាត់​ឆ្វៀល​ដី​ចេញ​ពី​គម្រោង​ក្រុមហ៊ុន​ចិន យិះ​ជៀ និង​ស្នើសុំ​ធ្វើ​ប្លង់​កម្មសិទ្ធិ​ជូន​ពួក​ខ្ញុំ​ចំនួន ១០៦​គ្រួសារ នៅ​ក្នុង​ឃុំ​រាម ដើម្បី​ឲ្យ​ពួក​ខ្ញុំ​រស់នៅ​មាន​សេចក្តី​សុខ​ដូច​ពលរដ្ឋ​នៅ​ទូទាំង​ប្រទេស​ដែរ»

តំណាង​ពលរដ្ឋ លោក សេន ចន្ថា បញ្ជាក់​ថា ចាប់​តាំង​ពី​ឆ្នាំ​២០០៧ មក​ដល់​ខែ​ធ្នូ ឆ្នាំ​២០១៥ នេះ ក្រុមហ៊ុន​ចិន យិះ​ជៀ បាន​បញ្ជា​កម្លាំង​ចុះ​បំផ្លាញ​ផ្ទះ​ប្រជាពលរដ្ឋ​ចំនួន ៥​ខ្នង និង​បំផ្លាញ​ដើម​ឈើ ព្រម​ទាំង​ដំណាំ​ហូប​ផ្លែ​របស់​ប្រជាពលរដ្ឋ​នៅ​ក្នុង​សហគមន៍​នេះ​អស់​រាប់​ពាន់​ដើម។

ទាក់ទិន​បញ្ហា​នេះ លោក ស្រ៊ុន ស្រ៊ន់ អភិបាល​រង​ខេត្ត​ព្រះសីហនុ ទទួល​បន្ទុក​ដីធ្លី និង​ជា​ប្រធាន​គណៈកម្មការ​ចុះ​ពិនិត្យ​វាស់វែង និង​កាត់​ឆ្វៀល​ដី​ជូន​ប្រជាពលរដ្ឋ​មាន​ទំនាស់​ដីធ្លី នៅ​តាម​សហគមន៍​មួយ​ចំនួន​នា​មូលដ្ឋាន​ខេត្ត​ទេសចរណ៍​មួយ​នេះ។ លោក​បាន​អះអាង​ថា នឹង​ចុះ​កាត់​ឆ្វៀល​ដី​ចែក​ជូន​ពលរដ្ឋ​នៅ​ក្នុង​សហគមន៍​ព្រែក​ត្របែក អណ្ដូង​ទឹក និង​ថ្ម​ធំ ក្នុង​ពេល​ឆាប់ៗ។ លោក​ថា អាជ្ញាធរ​មិន​ដែល​មក​គំរាម​កំហែង​ពលរដ្ឋ​នៅ​តាម​សហគមន៍​នានា ឬ​បណ្ដេញ​ឲ្យ​ទៅ​តាំង​ទី​លំនៅ​ថ្មី ដោយ​គ្មាន​ការ​ឯកភាព​ពី​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​នោះ​ទេ​នា​ពេល​កន្លង​មក។ លោក​បន្ត​ថា កង្វល់​របស់​ប្រជាពលរដ្ឋ​ចង់​បាន​លំនៅឋាន និង​ការ​អភិវឌ្ឍ​នៅ​នឹង​កន្លែង ឬ​ស្នើសុំ​កាត់​ឆ្វៀល​ដី​ចេញ​ពី​គម្រោង​ក្រុមហ៊ុន អាជ្ញាធរ​ខេត្ត​នេះ​មិន​ជំទាស់​ទេ ប៉ុន្តែ​សម្រាប់​ពលរដ្ឋ​មាន​ទីលំនៅ​នៅ​ជាប់​មាត់​សមុទ្រ គឺ​អាជ្ញាធរ​មិន​អាច​កាត់​ឆ្វៀល​ផ្តល់​ប្លង់​កម្មសិទ្ធិ​ជូន​បាន​ទេ។

យ៉ាង​ណា​ក៏ដោយ លោក ស្រ៊ុន ស្រ៊ន់ មិន​ទាន់​បាន​បញ្ជាក់​ថា នឹង​កំណត់​ថ្ងៃ​ចុះ​វាស់វែង​ដី​ឈាន​ដល់​កាត់​ឆ្វៀល​ដី​លំនៅឋាន និង​ដី​ស្រែ​ចម្ការ​ជូន​ពលរដ្ឋ​នៅ​ក្នុង​សហគមន៍​ព្រែក​ត្របែក អណ្ដូង​ទឹក និង​ថ្ម​ធំ ចំនួន ១០៦​គ្រួសារ មាន​ផ្ទៃ​ដី​សរុប​ចំនួន​ជាង ៣៣៣​ហិកតារ​នៅ​ថ្ងៃ​ណា​ឲ្យ​ពិត​ប្រាកដ​នោះ​ទេ។

ត្រង់​ចំណុច​នេះ មន្ត្រី​សម្រប​សម្រួល​នៃ​អង្គការ​លីកាដូ (LICADHO) ខេត្ត​ព្រះសីហនុ លោក ប៊ួន ណារិទ្ធិ ដែល​បាន​ចុះ​អង្កេត​ផ្ទាល់​ដល់​ទីតាំង​លំនៅឋាន​របស់​ប្រជាពលរដ្ឋ​នៅ​សហគមន៍​ព្រែក​ត្របែក អណ្ដូង​ទឹក និង​ថ្ម​ធំ បាន​អះអាង​ថា ពលរដ្ឋ​សហគមន៍​នេះ​បាន​មក​តាំង​ទី​លំនៅ​ជា​អចិន្ត្រៃយ៍ និង​មាន​ធ្វើ​ស្រែ​ចម្ការ​ជា​បន្តបន្ទាប់ រហូត​ពេល​ក្រុមហ៊ុន​ចិន យិះ​ជៀ បង្ហាញ​វត្តមាន​នៅ​លើ​ទីតាំង​នេះ​នៅ​ឆ្នាំ​២០០៧ ទើប​ទំនាស់​កើត​ឡើង។

មន្ត្រី​សិទ្ធិ​មនុស្ស​រូប​នេះ បាន​សំណូមពរ​ដល់​អភិបាល​ខេត្ត​ព្រះសីហនុ ស្នើ​ជួយ​ពន្លឿន​សកម្មភាព​កាត់​ឆ្វៀល​ដី និង​ផ្តល់​ប្លង់​កម្មសិទ្ធិ​ស្រប​ច្បាប់​ជូន​ពលរដ្ឋ​ជាង ១០០​គ្រួសារ​នៅ​សហគមន៍​នេះ​ឲ្យ​បាន​ឆាប់ ព្រោះ​ពួក​គាត់​កំពុង​ទន្ទឹង​រង់ចាំ​យ៉ាង​អន្ទះសា៖ «យើង​ឃើញ​ថា​ប្រជាពលរដ្ឋ​សហគមន៍​ព្រែក​ត្របែក អណ្ដូង​ទឹក និង​ថ្ម​ធំ ចំនួន ១០៦​គ្រួសារ គឺ​ពួក​គាត់​បាន​មក​រស់នៅ​ស្រប​តាម​ច្បាប់​ភូមិបាល មាន​ន័យ​ថា កាន់​កាប់​តាម​បែប​ភោគៈ គឺ​យើង​ឃើញ​មាន​វាល​ស្រែ ដើម​ដូង ដើម​ខ្នុរ ត្រូវ​ប្រជាពលរដ្ឋ​សហគមន៍​នេះ​ដាំ​ដុះ​នៅ​ក្នុង​ស្រែ​ចម្ការ​របស់​ពួក​គាត់ មាន​ដើម​ធំៗ ហើយ​ទទួល​ផល​ជា​រៀង​រាល់​ឆ្នាំ។ ដោយឡែក​ចំពោះ​ការ​ព្រួយ​បារម្ភ​របស់​ប្រជាពលរដ្ឋ​វិញ គឺ​ពួក​គាត់​ព្រួយ​បារម្ភ ដោយសារ​ពួក​គាត់​មិន​អាច​ឲ្យ​គាត់​បង្កបង្កើនផល​បាន ព្រោះ​ខាង​ភាគី​ក្រុមហ៊ុន យិះ​ជៀ បាន​ទៅ​រារាំង​មិន​ឲ្យ​ប្រជាពលរដ្ឋ​បង្កបង្កើនផល ឬ​សាងសង់​ផ្ទះ​ជា​លក្ខណៈ​ត្រឹមត្រូវ​បាន​ទេ»

វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​តំណាង​ក្រុមហ៊ុន​ចិន ឈ្មោះ យិះ​ជៀ ដើម្បី​បំភ្លឺ​ជុំវិញ​ការ​ចោទ​ប្រកាន់ ឬ​កង្វល់​ពលរដ្ឋ​បាន​ទេ នៅ​ថ្ងៃ​អង្គារ ទី​២២ ខែ​ធ្នូ។

ឯកសារ​បញ្ជាក់​ថា ក្រុមហ៊ុន យិះ​ជៀ ទទួល​បាន​សិទ្ធិ​វិនិយោគ​អភិវឌ្ឍ​វិស័យ​ទេសចរណ៍​លើ​ដី​ជុំវិញ​តំបន់​ឧទ្យាន​ជាតិ​រាម ស្ថិត​ក្នុង​ឃុំ​រាម ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ ពី​រាជ​រដ្ឋាភិបាល​រយៈពេល ៩៩​ឆ្នាំ លើ​ផ្ទៃដី​ជាង ៣​ពាន់​ហិកតារ ដើម្បី​អភិវឌ្ឍ​ប្រែ​ក្លាយ​តំបន់​នេះ​បម្រើ​ឲ្យ​វិស័យ​ទេសចរណ៍​តាម​បែប​ធម្មជាតិ ប៉ុន្តែ​សកម្មភាព​របស់​ក្រុមហ៊ុន យិះ​ជៀ ត្រូវ​ប្រជាពលរដ្ឋ​រស់នៅ​សហគមន៍​នេះ ចោទ​ថា បាន​ជីក​កកាយ​ដី​ភ្នំ និង​កាប់​បំផ្លាញ​ព្រៃ​ឈើ​ដែល​ដុះ​ជុំ​ជិត​នៅ​ក្នុង​បរិវេណ​ឧទ្យាន​ជាតិ​រាម យក​មក​សាងសង់​សំណង់​ក្រុមហ៊ុន​ស្ទើរ​រលាយ​ហិនហោច​រហូត​មក​ដល់​ពេល​នេះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។