កិច្ចប្រជុំ​ត្រីភាគី​ករណី​កម្មករ​នៅ​បាវិត អំពាវនាវ​ឲ្យ​កម្មករ ចូលធ្វើការ​ឡើងវិញ

ខេត្តស្វាយរៀង: កិច្ចប្រជុំ​ត្រីភាគី រវាង​អាជ្ញាធរ​សមត្ថកិច្ច ថៅកែ​រោងចក្រ និង​សហជីព​កម្មករ បានធ្វើ​ឡើង នៅ​សាលាក្រុង​បាវិត ដែល​បាន​បិទ​បញ្ចប់ កាលពី​ព្រលប់​ថ្ងៃទី​២២ ខែធ្នូ​នេះ បាន​អំពាវនាវ​ឲ្យ​ក្រុមកម្មករ វិល​ចូលធ្វើការ​ឡើងវិញ​។ កិច្ចប្រជុំ​នោះ បានធ្វើ​ឡើង ក្រោយពី​ក្រុមកម្មករ ធ្វើការ​តវ៉ា ហើយ​ឈានដល់​ការប្រើ​អំពើហិង្សា កាលពី​ព្រឹក​ថ្ងៃទី​២២ ខែធ្នូ ដែល​នាំ​ឲ្យ​តំបន់​សេដ្ឋកិច្ច​ពិសេស មេន​ហាត​ធេ​ន និង​តំបន់​សេដ្ឋកិច្ច​ពិសេស តាយសេង ដែលមាន​រោងចក្រ​សរុប ៤៥ ត្រូវ​បិទទ្វារ​។​

​លោក ឃុន សុខុម អ្នកសម្របសម្រួល​សហ​ភាព​ការងារ​កម្ពុជា ប្រចាំខេត្ត​ស្វាយរៀង បាន​ឲ្យ​ដឹងថា ក្នុង​កិច្ចប្រជុំ​នៅ​រសៀល​ថ្ងៃទី​២២ ខែធ្នូ តំណាង​ក្រុមហ៊ុន​ថៅកែ​រោងចក្រ អាជ្ញាធរ សមត្ថកិច្ច និង​សហជីព​កម្មករ​ចំនួន ៤ បាន​ព្រមព្រៀង​រួមគ្នា ដោយ​អំពាវនាវ​ឲ្យ​កម្មករ​ទាំងអស់ វិល​ចូលធ្វើការ​ឡើងវិញ ហើយ​ចាត់​តំណាង​កម្មករ ដើម្បី​លើកសំណើ មក​ចរចា​។ ក្នុងនោះ បើសិនជា​កម្មករ​បន្ត​ធ្វើបាតុកម្ម ឬ​កូដកម្ម គឺត្រូវធ្វើ​ដោយ​អហិង្សា​។ រីឯ​សហជីព បានស្នើ​ឲ្យ​តុលាការ ដោះលែង​កម្មករ ៤ នាក់ ដែល​កំពុង​ជាប់​ឃុំឃាំង​នៅ​ពន្ធនាគារ មកវិញ​។​

​លោក ឃុន សុខុម ដែល​បាន​ចូលរួម​កិច្ចប្រជុំ បាន​បន្តថា នៅ​ព្រឹក​ថ្ងៃទី​២៣ ខែធ្នូ ស្អែក​នេះ អាជ្ញាធរ និង​កម្លាំង​សមត្ថកិច្ច នឹង​បន្ត​ចុះទៅ​ផ្សព្វផ្សាយ និង​ណែនាំ​ឲ្យ​កម្មករ​ទាំងអស់ នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស មេន​ហាត​ធេ​ន និង​តាយសេង ឲ្យ​ចូលធ្វើការ​ឡើងវិញ ហើយ​ដាក់សំណើ​ច្បាស់លាស់ និង​ចាត់តាំង​តំណាង ដើម្បី​ធ្វើការ​ចរចា​។

​សូម​រម្លឹកថា កាលពី​ម៉ោងជាង ៩ ព្រឹក ថ្ងៃទី​២២ ខែធ្នូ ឆ្នាំ​២០១៥ ក្រុមកម្មករ នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស មេ​ហាត​ធេ​ន បាន​បន្ត​កូដកម្ម ហើយ​បាន​បង្ក​ជា​អំពើ​ហឹ​ង្សា ដោយ​គប់​ដុំថ្ម លើ​សមត្ថកិច្ច និង​គប់​បំបែក​កញ្ចក់​ឡានទឹករ​បស់​នគរបាល ចំនួន ១ គ្រឿង​។

​អំពើហិង្សា​នោះ បានកើត​ឡើង នៅពេល​សមត្ថកិច្ច ប៉ូលិស និង​ប៉េអឹម បាន​បំបែក​ការជួបជុំ​តវ៉ា ដោយ​ប្រើ​ខែល ដំបង និង​ឡានទឹក​។ ក្រោយពី​ហេតុការណ៍​នោះ ក្រុមកម្មករ​នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស មេ​ហាត​ធេ​ន និង​តំបន់​សេដ្ឋកិច្ច​ពិសេស តាយសេង ត្រូវបាន​បិទទ្វារ ហើយ​កម្មករ ក៏បាន​ចេញទៅ​ផ្ទះ​។​

​របាយការណ៍ បង្ហាញថា ក្នុងការ​ប៉ះទង្គិច​គ្នា​រវាង​ក្រុមកម្មករ និង​ក្រុម​សមត្ថកិច្ច នា​ព្រឹក​ថ្ងៃទី​២២ ខែធ្នូ​នេះ គឺ​បណ្តាល​ឲ្យ​កម្លាំង​កងរាជអាវុធហត្ថ ២ នាក់ និង​នគរបាល​ម្នាក់ ត្រូវ​រងរបួស ដោយសារ​ក្រុមកម្មករ ប្រើ​ដុំថ្ម​គប់​។ រីឯ​កម្មករ​មួយចំនួន ក៏​របួស​ដែរ​។ ក្នុងនោះ ឡានទឹក​របស់​ប៉ូលិស ១ គ្រឿង ក៏ត្រូវ​កម្មករ​គប់​ដុំថ្ម បែក​កញ្ចក់ និង​ខូចខាត​ផងដែរ​។

សូមបញ្ជាក់ថា កាលពី​ព្រឹក​ថ្ងៃទី​២១​ធ្នូ ក្រុមប៉ូលិស ប៉េអឹម បាន​ប្រើ​ឡានទឹក បាញ់​បំបែក​ការជួបជុំ​របស់​ក្រុមកម្មករ និង​បាន​ចាប់ខ្លួន​កម្មករ​សរុប ៥៨ នាក់ ក្នុងនោះ មាន​ប្រុស ២២ នាក់​។ រហូតដល់​ព្រលប់​ថ្ងៃទី​២១​ធ្នូ ទើប​ប៉ូលិស​ដោះលែង​មកវិញ​។​

​ដោយឡែក កម្មករ ៤ នាក់ ដែល​ត្រូវបាន​ចាប់ខ្លួន ចាប់តាំងពី​ថ្ងៃ​ផ្ទុះ​កូដកម្ម នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស មេន​ហាត​ធេ​ន និង​តាយសេង កាលពី​រសៀល​ថ្ងៃទី​១៦ ខែធ្នូ ឆ្នាំ​២០១៥ ត្រូវបាន​តុលាការ សម្រេច​ឃុំខ្លួន​បណ្តោះអាសន្ន នៅ​តុលាការ​។ អ្នក​ទាំងនោះ ត្រូវបាន​ចោទប្រកាន់ ថា​បាន​គប់​ដុំថ្ម បំផ្លាញ​ទ្រព្យសម្បត្តិ​រោងចក្រ​។​

​ក្រុមកម្មករ នៅ​តំបន់​សេដ្ឋកិច្ច​ទាំងពីរ​នោះ បានធ្វើ​កូដកម្ម ចាប់តាំងពី​រសៀល​ថ្ងៃទី​១៦ ខែធ្នូ ឆ្នាំ​២០១៥ ដើម្បី​ទាមទារ​ឲ្យ​ថៅកែ​រោងចក្រ ថែមលុយ​ប្រាក់ខែ ២០ ដុល្លារ លើ​ប្រាក់ខែ​គោល ១២៨ ដុល្លារ សម្រាប់​ឆ្នាំ​២០១៦​។ ក៏ប៉ុន្តែ​ភាគី​ថៅកែ​រោងចក្រ និង​មន្ទីរ​ការងារ មិន​យល់ស្រប ដោយសារ​ថា រាជរដ្ឋាភិបាល បានសម្រេច​រួចហើយ​ថា ប្រាក់ខែ​អប្បបរមា ឬ​ប្រាក់ខែ​គោល សម្រាប់​កម្មករ​កាត់ដេ​រ នៅ​ឆ្នាំ​២០១៦ មាន​ចំនួន ១៤០ ដុល្លារ​៕​

កិច្ចប្រជុំ​ត្រីភាគី​ករណី​កម្មករ​នៅ​បាវិត អំពាវនាវ​ឲ្យ​កម្មករ ចូលធ្វើការ​ឡើងវិញ

កិច្ចប្រជុំ​ត្រីភាគី​ករណី​កម្មករ​នៅ​បាវិត អំពាវនាវ​ឲ្យ​កម្មករ ចូលធ្វើការ​ឡើងវិញ

កិច្ចប្រជុំ​ត្រីភាគី​ករណី​កម្មករ​នៅ​បាវិត អំពាវនាវ​ឲ្យ​កម្មករ ចូលធ្វើការ​ឡើងវិញ