ក្រសួង​ការងារ អំពាវនាវ​ឲ្យ​កម្មករ​នៅ​បាវិត រក្សា​ភាព​ស្ងៀមស្ងាត់ និង​ចូលធ្វើការ​ឡើងវិញ​

ភ្នំពេញ: ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បានចេញ​សេចក្តីប្រកាស​ព័ត៌មាន នៅ​ព្រលប់​ថ្ងៃទី​២២ ខែធ្នូ ឆ្នាំ​២០១៥ ដោយ​អំពាវនាវ​ឲ្យ​កម្មករ នៅ​បាវិត ដែល​បានធ្វើ​ការតវ៉ា​ដោយ​ហិង្សា ចាប់ពី​ថ្ងៃទី​១៦ ខែធ្នូ ឆ្នាំ​២០១៥ បន្ត​ដល់​ថ្ងៃទី​២២ ខែធ្នូ ឲ្យ​រក្សា​ភាព​ស្ងៀមស្ងាត់ ហើយ​ចូលធ្វើការ​ឡើងវិញ​។

​តាម​ក្រសួង​ការងារ ការ​បំផុស​ពី​ការឡើង​ប្រាក់ខែ​សម្រាប់​កម្មករ​លើសពី ១៤០ ដុល្លារ នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស មេន​ហាត​ធេ​ន និង​នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស តាយសេង នៅ​ក្រុង​បាវិត ខេត្តស្វាយរៀង នោះ គឺជា​ពាក្យ​ចរាម​អា​រ៉ា​ម ធ្វើឡើង​ដោយ​ជនអនាមិក​មួយចំនួន ដោយ​គ្មាន​ឯកសារយោង និង​គ្មាន​តំណាង​ពិតប្រាកដ​។​

​ការតវ៉ា​របស់​ក្រុមកម្មករ ចាប់ពី​ថ្ងៃទី​១៦ រហូតដល់​ថ្ងៃទី​២២ ខែធ្នូ ឆ្នាំ​២០១៥ ត្រូវបាន​ក្រសួង​ការងារ លើកឡើងថា បាន​បង្ក​ឲ្យ​មាន​ភាព​ជ្រួលច្របល់ របួសស្នាម សកម្មភាព​ហិង្សា ដូចជា ការ​គប់​បំផ្លាញ​ទ្រព្យសម្បត្តិ​រដ្ឋ និង​រោងចក្រ នៅក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ទាំងពីរ​នោះ​។​

​ក្រសួង​ការងារ បានចាត់ទុក​សកម្មភាព​ហិង្សា​នោះ ជា​អំពើ​ល្មើសច្បាប់ មិនមែនជា​កូដកម្ម ហើយ​បាន​កើតឡើង ចំ​ពេលដែល​អ្នកបញ្ជា​ទិញ​អន្តរជាតិ កំពុងធ្វើការ​ប្រៀបធៀប​កម្ពុជា ជាមួយ​បណ្តា​ប្រទេស​ផ្សេងទៀត និង​ត្រូវ​សម្រេច​ថា ដាក់​ផែន​ការបញ្ជាទិញ​ប្រចាំឆ្នាំ​ពី​កម្ពុជា​ចំនួន​ប៉ុន្មាន​?​។ ដូច្នេះ​តាម​ក្រសួង​ការងារ សកម្មភាព​ហិង្សា និង​ភាព​ជ្រួលច្របល់​នេះ គឺធ្វើឡើង​ក្នុង​គោលបំណង​ឲ្យ​អ្នកវិនិយោគ និង​អ្នកបញ្ជា​ទិញ​បាត់​ជំនឿ​ក្នុងការ​វិនិយោគ​នៅ​កម្ពុជា និង​ដក​ការបញ្ជាទិញ​ពី​កម្ពុជា​។​

​ជាមួយគ្នា​នោះ ក្រសួង​ការងារ ក៏បាន​ប្រកាស​ពី​ការចរចា​ត្រីភាគី​រវាង​សហជីព​កម្មករ និយោជក និង​រដ្ឋាភិបាល ដែល​បានសម្រេច​ជា​ឯកច្ឆ័ន្ទ ក្នុងការ​កំណត់​ប្រាក់​ឈ្នួល​អប្បបរមា ចំនួន ១៤០ ដុល្លារ ចាប់ពី​ខែមករា ឆ្នាំ​២០១៦ តទៅ​៕​