ខេត្តកំពង់ចាម​ចាប់​ជនសង្ស័យ​ជិត​៣០០​នាក់​ពាក់ព័ន្ធ​គ្រឿងញៀន​ក្នុង​ឆ្នាំ​២០១៥

ខេត្តកំពង់ចាម ៖ ជនសង្ស័យ​ប្រុស-​ស្រី​​៤​នាក់ នា​ព្រឹក​ថ្ងៃ​ទី​២២ ធ្នូ ២០១៥ រួម​ជាមួយនឹង​ថ្នាំ​ញៀន១៣​កញ្ចប់​(​ធំ​៣​កញ្ចប់​) ដែល​ជាប់ចោទ​ពី​បទ​រក្សា​ទុក ដឹក​ជញ្ជូន និង​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន ត្រូវ​បាន​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​ដើម្បី​ចាត់វិធានការ​តាម​ច្បាប់ និង​ស្រាវជ្រាវ​តាម​ចាប់​បក្ខពួក​បន្ត​ទៀត ។

លោក​វរសេនីយ៍ទោ សោម រស់ នាយការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ខេត្ត​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ទាំង​៤​នាក់​ដែល​ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​នោះ​រួម​មាន ១-​ឈ្មោះ ហាន វី ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ​នៅ​ភូមិ​បឹង​ដែង ឃុំ​ព្រែក​កក់ ស្រុក​ស្ទឹង​ត្រង់​, ២-​ឈ្មោះ រុន  វី​រៈ ភេទ​ប្រុស អាយុ​២៨​ឆ្នាំ នៅ​ភូមិ​បឹង​ដែង ឃុំ​ព្រៃ​ក​កក់ ស្រុក​ស្ទឹង​ត្រង់​, ៣-​ឈ្មោះ អាត រ៉ា​វី ភេទ​ប្រុស អាយុ​២០​ឆ្នាំ នៅ​ភូមិ​តា​អុង ឃុំ​តា​អុង ស្រុក​ចំការលើ​ និង​ ៤-​ឈ្មោះ រ៉ា​ន់ ស្រី​រ័​ត្ន ភេទ​ស្រី អាយុ​២២​ឆ្នាំ នៅ​ភូមិ​ខ្ទុ​ម ឃុំ​ជី​គរ ស្រុក​ត្បូងឃ្មុំ ខេត្ត​ត្បូងឃ្មុំ ដែល​ត្រូវ​បាន​ចាប់ខ្លួន​ក្នុង​ប្រតិបត្តិការ​បង្ក្រាប​គ្រឿងញៀន​កាលពី​វេលា​ម៉ោង​៦​ល្ងាច ថ្ងៃ​ទី​២១ ធ្នូ ២០១៥ ត្រង់​ចំណុច​ភូមិ​បឹង​ដែង ឃុំ​ព្រែក​កក់ ។

លោក​វរសេនីយ៍ទោ សោម រស់ បន្ត​ថា ដោយសារ​តែ​មាន​សេចក្តីរាយការណ៍​ពី​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន និង​ការ​ស្រាវជ្រាវ​របស់​សមត្ថកិច្ច​នោះ ទើប​ដឹង​ថា​ក្រុម​ជនសង្ស័យ​ខាងលើ​បាន​លួច​ចរាចរ​គ្រឿងញៀន​ដោយ​ខុសច្បាប់ ។ បន្ទាប់​មក​រូប​លោក​បាន​សុំ​គោលការណ៍​ពី​លោក​ឧត្តមសេនីយ៍ទោ បែន រ័​ត្ន ស្នង​ការ​​នគរបាល​ខេត្ត ដើម្បី​ដឹកនាំ​កម្លាំង​ចុះ​ទៅ​បង្ក្រាប​ជា​បន្ទាន់ ដោយ​ចាប់​បាន​ទាំង​សំបុក​៤​នាក់ ក្នុង​នោះ​ដកហូត​ថ្នាំ​ញៀន​១៣​កញ្ចប់ ជញ្ជីង​អេ​ឡិច​ត្រូ​និ​ច​១ អាវុធ​កែ​ច្នៃ​១​ដើម ឧបករណ៍​សេព​គ្រឿងញៀន និង​ប្រដាប់​វេច​ខ្ចប់​មួយ​ចំនួន ។

សូម​បញ្ជាក់​ថា ក្នុង​ប្រតិបត្តិការ​បង្ក្រាប​គ្រឿងញៀន​រយៈពេល​១​ឆ្នាំ​២០១៥​នេះ បាន​រក​ឃើញ​បទល្មើស​ចំនួន​១៣២​ករណី ចាប់​មនុស្ស​ចំនួន​២៧២​នាក់ ក្នុង​នោះ​ស្រី​២៩​នាក់ ប្រៀបធៀប​នឹង​ឆ្នាំ​២០១៤​មាន​ចំនួន​៥២​លើ​១៣២​ករណី ចាប់​មនុស្ស​ចំនួន​១១២​លើ​២៧២​នាក់ ក្នុង​នោះ​អនុវត្ត​ដីកាចាប់ខ្លួន​បាន​១៧​ដីកា ចាប់​មនុស្ស​១៧​នាក់​បញ្ជូន​ទៅ​ពន្ធនាគារ​ខេត្ត ។ ជាមួយ​នោះ​បាន​រក​ឃើញ​អ្នក​ប្រើប្រាស់​ចំនួន​១៩២​នាក់ ស្រី​៥​នាក់ ស្ថិត​នៅ​ក្នុង​ការ​គ្រប់គ្រង​តាម​ជំនាញ ៕