ឯកឧត្តម សម រង្ស៊ី គាំទ្រ​បាតុកម្ម​របស់​កម្មករ​-​កម្មការិនី​រោងចក្រ​នៅ​បាវិត​

ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ឯកឧត្តម សម រង្ស៊ី បានបង្ហាញ​ជំហរ​គាំទ្រ​ចំពោះ​កម្មករ កម្មការិនី ដែល​កំពុងតែ​ធ្វើបាតុកម្ម ទាម​ប្រាក់​ឈ្នួល​បន្ថែម នៅ​ក្រុង​បាវិត​ខេត្តស្វាយរៀង​។

​តាមរយៈ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្ទាល់ខ្លួន  ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​បាន​សរសេរ​អមដោយ​រូបភាព​របស់ខ្លួន​នៅ​ជាមួយ​កម្មករ​កម្មការិនី​រោងចក្រ​យ៉ាងនេះ​ថា​៖«​ខ្ញុំ​សូម​គាំទ្រ​ការតស៊ូ​របស់​កម្មករ កម្មការិនី​ខ្មែរ​ទូ​ទាំ​ប្រទេស​កម្ពុជា ជាពិសេស​ពេលនេះ​នៅ​ទីក្រុង​បាវិត ខេត្តស្វាយរៀង ដែល​កម្មករ កម្មការិនី​ទាំងនោះ កំពុង​ទាមទារ​ឡើង​ប្រាក់​ឈ្នួល​ឲ្យ​ដល់​កម្រិត​មួយ ដែល​អាច​ចិញ្ចឹមជីវិត​បាន​យ៉ាង​សមរម្យ និង​ថ្លៃថ្នូរ​»​។

បើតាម​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​រូបនេះ  ប្រាក់​ឈ្នួល​ឲ្យ​ដល់​កម្រិតមួយ ដែល​អាច​ចិញ្ចឹមជីវិត​បាន​យ៉ាង​សមរម្យ ​និង​ថ្លៃថ្នូរ សម្រាប់​ឆ្នាំ​២០១៦​ខាងមុខ គឺ​មិនត្រូវ​តិចជាង​១៨០​ដុល្លារ​ក្នុង​មួយខែ​។

សូមបញ្ជាក់ថា តាំងពី​ថ្ងៃទី​១៧ ខែធ្នូ​មក កម្មករ កម្មការិនី រោងចក្រ​កាត់ដេរ​ប្រមាណ​៣​ម៉ឺន​នាក់ ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស មេ​ហាត​ធេ​ន និង​តាយសេង ក្នុង​ក្រុង​បាវិត ខេត្តស្វាយរៀង បាននាំគ្នា​តវ៉ា និង​សម្តែង​ការមិន​ពេញចិត្ត ចំពោះ​ប្រាក់​ឈ្នួល​អប្បបរមា ១៤០ ដុល្លារ ដែល​ក្រុមប្រឹក្សា​ការងារ​អនុម័ត កាលពីដើម​ខែតុលា ឆ្នាំ​២០១៥ ។ រហូតមកទល់​ពេលនេះ  នៅតែ​មិនមាន​ដំណោះស្រាយ​ណាមួយ​នៅឡើយ ជុំវិញ​បញ្ហា​នេះ ខណៈ​កម្មករ​កម្មការិនី ចំនួន​៤​នាក់​ដែល​ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន​កាលពី​ថ្ងៃទី​១៨ ធ្នូ​កន្លងមក មិនទាន់បាន​ដោះលែង​វិញ​នោះទេ ដោយ​សមត្ថកិច្ច​ចោទ ពួកគេ​ថា គប់​បំផ្លាញ​ទ្រព្យសម្បត្តិ​រោងចក្រ និង​ញុះញង់​ឲ្យ​ប្រព្រឹត្តិ​បទល្មើស​៕