អ្នកស្រាវជ្រាវ​កម្ពុជា​និង​តំបន់​ជជែក​ពី​ប្រយោជន៍​កម្ពុជា​ក្នុង​គម្រោង​«​ខ្សែក្រវ៉ាត់​មួយ​វិថី​មួយ​»​ចិន

​ភ្នំពេញ​៖ នៅ​ថ្ងៃ​អង្គារ​ទី​២២ ខែធ្នូ​នេះ ដេ​ប៉ា​តី​ម៉​ង់​សិក្សា​អន្តរជាតិ​នៃ​សកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ សហការ​ជាមួយ​ស្ថានទូត​ចិន​ប្រចាំ​កម្ពុជា បានរៀបចំ​សន្និសីទ​មួយ​ស្តីពី«​គំនិត​ផ្តួចផ្តើម​ខ្សែក្រវ៉ាត់​មួយ និង​វិថី​មួយ និង​ផល​ទាក់ទង​ចំពោះ​កម្ពុជា​» នៅ​ស​ណា្ឋ​គារ Intercontinental ។

 សន្និសីទ​នេះ មាន​គោលបំណង​ចម្បង ​ជំរុញ​ឲ្យ​មានការ​ដេញដោល​ពី​កត្តា​ប្រឈម និង​កាលានុវត្តភាព​របស់​ក​ម្ពុ​ជា ​ក្នុង​ការចូលរួម​ក្នុង​គម្រោង​របស់​ចិន​នេះ​។ លោក នាក់ ចិន្តា​រិ​ទ្ធិ ប្រធានស្តីទី​ដេ​ប៉ា​តី​ម៉​ង់​សិក្សា​អន្តរជាតិ បាន​ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា សន្និសីទ​នេះ​ធ្វើឡើង​ក្នុង​បំណង ​​ជំរុញ​ឲ្យ​មានការ​ផ្លាស់ប្តូរ​យោបល់​គ្នា​ រវាង​អ្នកស្រាវជ្រាវ​កម្ពុជា និង​អ្នកស្រាវជ្រាវ​នៅក្នុង​តំបន់ ជុំវិញ​អត្ថប្រយោជន៍​នៃ​គម្រោង​របស់​ចិន «​ខ្សែក្រវ៉ាត់​មួយ និង​វិថី​មួយ​» សម្រាប់​តំបន់​អាស៊ាន​។ ជាពិសេស​នោះ សន្និសីទ​នេះ​ជួយ បង្ហាញ​ពី​បញ្ហា​ប្រឈម​នានា និងឱកាស​សម្រាប់​កម្ពុជា​ ក្នុងការ​ក្លាយ​សមាជិក​នៃ​គំនិត​ផ្តួចផ្តើម​នេះដែរ​។

​គំនិត​ផ្តួ​ក​ផ្តើម​របស់​ក្រុង​ប៉េកាំង ខ្សែក្រវ៉ាត់​មួយ និង​វិថី​មួយ ជា​គម្រោង​ពាណិជ្ជកម្ម ដែល​បង្កើតឡើង​ដោយ​ប្រធានាធិបតី​ចិន លោក ស៊ី ជិន​ពីង តាំងពី​ឆ្នាំ២០១៣​មកម្ល៉េះ។ គំនិត​ផ្តួច​ផ្តើម​នេះ មាន​គោលបំណង​លើកកម្ពស់​សកម្មភាព​ពា​ណិ​ជ្ជ​កម្ម សកម្មភាព​សេដ្ឋកិច្ច និង​បង្កើន​ការផ្សាភ្ជាប់ រវាង​រដ្ឋ​ពាក់ព័ន្ធ​សរុប​៦៥ និង​មហា​យក្ស​ចិន ដោយ​ផ្តោតលើ​ការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ និង​សមាហរណកម្ម​តំបន់​ពី​អឺរ៉ុប ទៅ​អាស៊ី និង​បន្តទៅ​អាហ្វ្រិក​ទៀត​។ ក្នុង​សន្និសីទ​ដែលមាន​ការចួលរួម​ពី​និស្សិត អ្នកស្រាវជ្រាវ និង​មន្ត្រី​ជំនាញ​នៃ​ក្រសួង​ពាក់ព័ន្ធ លោក នាក់ ចិន្តា​រិ​ទ្ធិ ក៏បាន​បញ្ជាក់ថា វា​ជា​រឿង​សារៈសំខាន់​ដែល​ត្រូវ​យល់ដឹង​ឲ្យ​បាន​ច្បាស់​ពីគំនិត​ផ្តួចផ្តើម​មួយ​នេះ​។ នោះ​ក៏​ព្រោះថា វា​អាចជួយ​ឲ្យ​កម្ពុជា​ពិនិត្យ និង​ត្រៀមលក្ខណៈ​ជាមុន​បាន​គ្រប់គ្រាន់ ក្នុងការ​ទទួលយក​ផលប្រយោជន៍ និង​ចូលរួម​គម្រោង​ពាណិជ្ជកម្ម​ដ៏​ធំ និង​រយៈពេល​វែង​មួយ​នេះ​៕