តើ​ថ្នាំ​គ្រាប់​ពន្យារកំណើត​ធ្វើ​ឲ្យ​ស្ត្រី​ធាត់​ឬទេ ?

ជាទូទៅ​បើតាម​សមាសធាតុ​ក្នុង​គ្រាប់​ថ្នាំ គឺ​មិន​បណ្តាលឱ្យ​ស្ត្រី​ឡើង​ទម្ងន់​ទេ តែ​ស្ត្រី​មួយចំនួន​បាន​ប្រាប់​ឱ្យដឹងថា ពួកគេ​ពិតជា​ឡើង​ទម្ងន់​ខ្លះៗ​នៅ ពេល​ពួកគេ​បាន​ប្រើ​ថ្នាំ​គ្រាប់​ពន្យារកំណើត ។ ទោះជា​យ៉ាងណាក្តី​វា​គ្រាន់តែ​ជា​ផលប៉ះពាល់​បណ្តោះអាសន្ន​ប៉ុណ្ណោះ គឺ​បណ្តាលមកពី​សារធាតុ​ជាតិ​ប្រមូល ផ្តុំ​នៃ​ទឹក ដែល​កើតមាន​នៅក្នុង​ខ្លួន គឺ​មិនមែនជា​ជាតិ​ខ្លាញ់​ទេ ។​

តាម​ការសិក្សា​ចំនួន ៤៤ ករណី​កន្លងមក​បានឱ្យដឹងថា គេ​មិនឃើញ​មាន ភ័ស្តុតាង​អ្វីដែល​បង្ហាញថា ការ​លេបថ្នាំ​ពន្យារកំណើត​បណ្តាលឱ្យ​ស្ត្រី​ឡើង​ទម្ងន់ នោះទេ ។ សរីរាង្គ​របស់​ស្ត្រី​មិន​ដូចគ្នា​ទាំងអស់​ទេ ចំពោះ​ស្ត្រី​ដែល​ឡើង​ទម្ងន់​បន្តិចបន្តួច គឺជា​រឿង​ធម្មតា ហើយ​វា​នឹង​បាត់​ទៅវិញ​ក្នុង​រយៈពេល​ចាប់​ទី ២ ទៅ ៣ ខែ បន្ទាប់ ។ ប្រសិនបើ​អ្នក​ស្ថិតក្នុង​ចំណោម​ស្ត្រី​ទាំងនោះ​ដែលមាន​ការឡើង​ទម្ងន់​ខ្លួន ខ្លាំង​ខុស​ប្រក្រតី អ្នក​គួរ​ទៅ​ពិភាក្សា​ជាមួយ​គ្រូពេទ្យ ព្រោះ​វា​អាច​បណ្តាលមកពី​បញ្ហា​សុខភាព​ផ្សេងទៀត ឬក៏​ត្រូវ​ផ្លាស់ប្តូរ​ប្រភេទ​ថ្នាំលេប ព្រោះ​ថ្នាំលេប​ទាំង អស់​មិន​ដូច​គេ​ទេ ។

ថ្នាំ​ពន្យារកំណើត​ខ្លះ​មាន​ផ្ទុក​តែ​សារធាតុ​ប្រូ​ជេ​ស្ទី​ន (Progestin) និង ថ្នាំ​ខ្លះទៀត​មាន​ផ្ទុក​សារធាតុ​ប្រូ​ជេ​ស្ទី​ន​ផង និង អេ​ស្ត្រូ​​ជេន (Estrogen) ផង ។ ថ្នាំ​ខ្លះ​មាន​កម្រិត​ខុសគ្នា និង ខុសគ្នា​ខ្លះៗ​ទៅតាម​ប្រភេទ​ថ្នាំ ។ ដូច្នេះ​ស្ត្រី​គួរ​សង្កេត​តាមដាន​ដោយ​ខ្លួនឯង​ប្រសិនបើ​មាន​អ្វី​ប្រែប្រួល​តែ​យ៉ាងហោចណាស់​ឱ្យបាន ៣ ខែ ទើប​អាច​ដឹង ។​ ​គួរ​រំឭក​ដែរ​ថា កាលពី​ឆ្នាំ ១៩៦០ ថ្នាំលេប​ពន្យារកំណើត​ភាគច្រើន​មាន​ផ្ទុក​កម្រិត​សារធាតុ​អ័រម៉ូន​ប្រូ​ជេ​ស្ទី​ន និង អេ​ស្ត្រូ​ជេន​ច្រើន​ដែល​អាចធ្វើ ឱ្យ​ស្ត្រី​ឡើង​ទម្ងន់ ។ បច្ចុប្បន្ននេះ ថ្នាំលេប​ពន្យារកំណើត​មាន​លក្ខណៈ​ប្រសើរ​ជាង​មុន និង មាន​ផ្ទុក​សារធាតុ​អ័រម៉ូន​ទាប ដូច្នេះ​ការឡើង​ទម្ងន់​មិនជា​បញ្ហា​ចម្បង​នោះទេ ៕សុផល

តើ​ថ្នាំ​គ្រាប់​ពន្យារកំណើត​ធ្វើ​ឲ្យ​ស្ត្រី​ធាត់​ឬទេ ?


​ ​ ​