ហូ​ឡង់៖ច្បាប់​ថ្មី​អនុញ្ញាត​ឲ្យ​ផ្តល់​សេវា​ផ្លូវភេទ ជា​ថ្នូរ​នឹង​ការរៀន​បើកបរ​រថយន្ត​

​ចាប់ពីពេលនេះ​តទៅ គ្រូបង្រៀន​បើកបរ​នៅ​សាលា​បើកបរ​រថយន្ត​ទាំងឡាយ​ក្នុងប្រទេស​ហូ​ឡង់ អាច​បង្រៀន​បើកបរ​ដល់​សិស្ស ដោយ​ដោះដូរ​នឹង​សេវា​ផ្លូវភេទ​បាន តែ​ការដោះដូរ​នោះ​ត្រូវមាន​ការយល់ព្រម​ពី​សិស្ស​ដែល​ត្រូវមាន​អាយុ​លើសពី ១៨ ឆ្នាំ​ដាច់ខាត​។​

​ច្បាប់​ថ្មី​ដ៏​ចម្លែក​នេះ​បានទទួល​ការគាំទ្រ​ពី​រដ្ឋមន្ត្រីក្រសួង​គមនាគមន៍ និង​ដឹកជញ្ជូន និង​រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌​នៃ​ប្រទេស​នេះ​។ នៅក្នុង​លិខិត​ផ្ញើជូន​សភា រដ្ឋមន្ត្រី​ទាំងពីរ​បាន​ពន្យល់ថា ការផ្តល់សេវា​ផ្លូវភេទ​ជំនួស​ឲ្យ​ការបង់ប្រាក់ ក៏​ជា​ទង្វើ​ពេស្យាចារ​ដែរ​។ គួរ​បញ្ជាក់ថា ពេស្យាចារ​គឺជា​របរ​ស្របច្បាប់​មួយ​នៅ​ហូ​ឡង់​។ អ្នក​ប្រក​បរបរ​នេះ​ត្រូវបាន​ចាត់ទុកថា ជា​ពលករ​ឯករាជ្យ​។ គេ​អាច​ផ្សព្វផ្សាយ​ផ្តល់​សេវា​ផ្លូវភេទ​នេះ​ដោយ​បើកចំហរ នៅលើ​ទំព័រសារព័ត៌មាន ឬ​អ៊ី​ន​ធឺ​ណេ​ត​បាន​។​

​ទោះជា​យ៉ាងណា ច្បាប់​នេះ​មិន​បានទទួល​ការគាំទ្រ​ជា​ឯកច្ឆន្ទ​ទេ ដោយ​អ្នកខ្លះ​យល់ថា វា​ជា​ទង្វើ​មិនល្អ និង​ខុសសីលធម៌​។​

​ទោះជា​យ៉ាងនេះ​ក្តី ចាប់តាំងពី​មានការ​ប្រកាស​ច្បាប់​ថ្មី​នេះ​មក ចំនួន​នៃ​អ្នកស្រាវជ្រាវ​រក​គ្រូបង្រៀន​បើកបរ​រថយន្ត​នៅលើ​អ៊ី​ធឺ​ណេ​ត ដែល​ព្រម​បង្រៀន​ជា​ថ្នូរ​នឹង​ការផ្តល់សេវា​ផ្លូវភេទ បាន​កើនឡើង​គួរ​ឲ្យ​កត់សម្គាល់ នេះ​បើតាម​ការអះអាង​របស់​កាសែត​អង់គ្លេស The Telegraph ៕