ទីក្រុង​មួយ​ចំនួន​នៅ​អាស៊ី​កំពុង​តែ​ឈ្លក់​ផ្សែង​ពុល

ទីក្រុង​មួយ​ចំនួន​នៅ​អាស៊ី​កំពុង​តែ​ឈ្លក់​ផ្សែង​ពុល

ស្រ្តី​និង​ក្មេង​ម្នាក់​ពាក់​ម៉ាស់​ដើរ​កាន់ដៃ​គ្នា​នៅ​ខណៈ​ពេល​ដែល​អ្នក​ជិះកង់​ម្នាក់​ក៏​ពាក់​ម៉ាស់​ដែរ​ដើម្បីការពារ​ការ​បំពុល​ពី​បរិយាកាស​ ក្នុង​ទីក្រុង​ប៉េកាំង​ដែល​ពោរពេញទៅ​ដោយ​ខ្យល់​ពុល​ កាល​ពី​ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៥។

អ័ព្ទ​ដ៏​ក្រាស់​បាន​គ្រប​ដណ្ដប់​លើ​ប្រទេស​ដែល​មាន​ប្រជាជន​រស់​នៅ​ច្រើន​ជាងគេ​បំផុត​លើ​លោក ​ចំនួន​ពីរ​ នៅ​ថ្ងៃ​អង្គារ​នេះ។ ស្ថានីយ៍​ត្រួត​ពិនិត្យ​គុណភាព​ខ្យល់​នៅ​ក្នុង​ទីក្រុង​ប៉េកាំង​ប្រទេស​ចិន និង​ទីក្រុង​ញូដេលី ​ប្រទេស​ឥណ្ឌា​ បាន​បង្ហាញ​លទ្ធផល​នៃ​ការ​បំពុល​បរិយាកាស​ ​ដែល​មាន​កម្រិត​ហួស​ពី​កម្រិត​គ្រោះ​ថ្នាក់​អតិបរមា​ឆ្ងាយ​យ៉ាង​ឆ្ងាយ។

រដ្ឋធានី​ប៉េកាំង​កាល​ពី​ថ្ងៃ​ចន្ទ​និង​នៅ​ថ្ងៃ​អង្គារ​នេះ ​បាន​ស្ថិត​នៅ​ក្នុង​ស្ថានភាព​ប្រកាស​អាសន្ន​ជា​លើក​ទី​២​អំពី​កម្រិត​ជាតិ​ពុល​នៅ​ក្នុង​បរិយាកាស។ ការណ៍​នេះ​បាន​ជំរុញ​ឲ្យ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង ​ចេញ​បទ​បញ្ជា​ឲ្យ​រោងចក្រ​កាត់​បន្ថយ​ផលិតកម្ម​ឬ​បិទ​ទ្វា​តែម្តង ហើយ​តម្រូវ​ឲ្យ​កាត់​បន្ថយ​យានយន្ត​ចំនួន​ពាក់​កណ្តាល​មិន​ឲ្យ​ធ្វើ​ដំណើរ​តាម​ដងផ្លូវ​នានា​ក្នុង​ទីក្រុង ព្រម​ទាំង​បង្គាប់​ឲ្យ​បិទ​សាលារៀន​ថែម​ទៀត​ផង។

ការ​ប្រកាស​អាសន្ន​លើកដំបូង​នៅ​ទីក្រុង​ប៉េកាំង ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​៧ ខែ​ធ្នូ។ ប៉ុន្តែ ​ការ​ចេញ​សេចក្តី​ប្រកាស​អាសន្ន​នេះ​មិនមែន​មាន​ន័យ​ថា បរិយាកាស​នៅ​ទីក្រុង​ប៉េកាំង​នៅ​ពេលនេះ​មាន​ជាតិ​ពុល​ច្រើន​ជាង​ពេល​មុនៗ​នោះ​ទេ។

លោក​ Yanzhong Huang អ្នក​ស្រាវជ្រាវ​ជាន់​ខ្ពស់​ខាង​សុខភាព​សកលលោក នៃ​ក្រុម​ប្រឹក្សា​ទទួល​បន្ទុក​ទំនាក់ទំនង​បរទេស​បាន​មាន​ប្រសាសន៍​ថា៖ «មូលហេតុ​ដែល​អាជ្ញាធរ​ក្រុង​ប៉េកាំង​សម្រេច​ចេញ​សេចក្តី​ប្រកាស​អាសន្ន​នោះ​គឺ​ដើម្បី​ធ្វើ​ឲ្យ​វិធាន​ការ​ដាច់​អហង្ការ​ក្នុងការ​គ្រប់​គ្រង​កម្រិត​ជាតិ​ពុល​របស់​ខ្លួន​ច្រើន​ថែម​ទៀត មើល​ទៅ​សម​ហេតុ​សមផល»។​ លោក​បន្ថែម​ថា៖ «ជា​ការ​ពិត​ណាស់ ​ការ​កំណត់​ចំនួន​យាន​យន្ត​ ដែល​ចរាចរ​តាម​ដងផ្លូវ​ ពិត​ជា​បាន​កាត់​បន្ថយ​កម្រិត​ជាតិ​ពុល​នៅក្នុង​បរិយាកាស​មែន»។

នៅ​ក្នុង​រដ្ឋ​ធានី​របស់​ឥណ្ឌា​វិញ ​បន្ទាប់​ពី​កម្រិត​បំផុល​បរិយាកាស​មាន​លក្ខណៈ​ល្អ​ប្រសើរ​កាល​ពី​១០​ឆ្នាំ​មុន​ក្រោយ​ពី​មាន​ចំណាត់​ការ​នានា​ប្រឆាំង​នឹង​ការ​បំពុល​បរិយាកាស​នោះ​មក ឥឡូវ​នេះ​ទីក្រុង​ញូវដេលី​កំពុង​តែ​ឈ្លក់​នឹង​ការ​ខ្យល់​ពុល​ឡើង​វិញ​ដែល​គេ​ចាត់​ទុក​ថា កម្រិត​ជាតិ​ពុល​នៅ​ទីក្រុង​នេះ​ខ្ពស់​ជាង​គេ​បង្អស់​នៅ​លើ​ពិភពលោក។ នេះ​បើ​យោង​តាម​អង្គការ​សុខភាព​ពិភពលោក។

លោក​ Anumita Roychowdhury នាយក​ប្រតិបត្តិ​ទទួល​បន្ទុក​ខាង​ការ​ស្រាវជ្រាវ​និង​ការ​តស៊ូ​មតិ​នៃ​មជ្ឈមណ្ឌល​វិទ្យាសាស្ត្រ​និង​បរិស្ថាន​ក្នុង​ទីក្រុង​ញូវដេលី បាន​មាន​ប្រសាសន៍ថា៖ «ការ​សិក្សា​នានា​បាន​បង្ហាញ​ថា នៅ​ក្នុង​ទីក្រុង​ញូវដេលី ក្មេង​ម្នាក់​ក្នុង​ចំណោម​ក្មេង​បីនាក់ បច្ចុប្បន្ននេះ​មាន​បញ្ហា​សួត»។ លោក​បន្ថែម​ថា៖ «ចំនួន​ក្មេង​ដែល​ស្លាប់​មុន​អាយុ​ពេញ​វ័យ​នៅក្នុង​ទីក្រុង​ញូវដេលី គឺ​ម្នាក់​ក្នុង​មួយ​ម៉ោង​ ដោយសារ​តែ​ជំងឺ​ដែល​ទាក់ទង​នឹង​ជាតិពុល​ក្នុង​ខ្យល់​នេះ​ឯង»៕