ម៉ូតូ​២​គ្រឿង​បុកគ្នា​លាន់​ដូច​រន្ទះ ស្លាប់​ម្នាក់ របួសធ្ងន់​២​នាក់ នៅ​ស្រុក​រមាស​ហែក

ខេត្តស្វាយរៀង ៖ គ្រោះថ្នាក់​ចរាចរណ​ដ៏​រន្ធត់​មួយ​រវាង​ម៉ូតូ​និង​ម៉ូតូ​បណ្តាល​ឲ្យ​បុរស​ចំណាស់​ម្នាក់​ស្លាប់​ភ្លាម​ៗ និង​យុវជន​២​នាក់​ជា​ជនជាតិ​វៀតណាម​រង​របួស​ធ្ងន់ធ្ងរ​សន្លប់​នៅ​នឹង​កន្លែង​ ដែល​ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​៤ និង​៣០​នាទី​ល្ងាច ថ្ងៃ​ទី​២០ ធ្នូ ២០១៥ នៅ​លើ​ផ្លូវលំ​ខាងកើត​វត្ត​ដូង​ថ្មី​៥០​ម៉ែត្រ ស្ថិត​នៅ​ភូមិ​ដូង ឃុំ​ដូង ស្រុក​រមាស​ហែក ។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​ឈ្មោះ សៅ ផា អាយុ​៦៥​ឆ្នាំ ជា​កសិករ មាន​ទីលំនៅ​ភូមិ​-​ឃុំ​កើតហេតុ បាន​ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង រីឯ​យុវជន​ឈ្មោះ ង្វៀ​ង វ៉ា​ឡ​ម ភេទ​ប្រុស អាយុ​២៣​ឆ្នាំ ជា​ជនជាតិ​វៀតណាម រស់នៅ​ភូមិ​ផា​ន់​តឹង ឃុំ​ផា​ន​ឡុ​ង ស្រុក​ចាវ​ថា​ញ់ ខេត្ត​តៃ​និ​ញ ប្រទេស​វៀតណាម របួស​ធ្ងន់​ និង​អ្នក​រួម​ដំណើរ​ម្នាក់​ទៀត​ឈ្មោះ រត់ សា​ណាត់ ភេទ​ប្រុស អាយុ​២១​ឆ្នាំ ជនជាតិ​វៀតណាម ដើម​កំណើត​ខ្មែរ មាន​ទីលំនៅ​ភូមិ​ហេ​ប​ផាង ឃុំ​វ៉ា​ថា​ន់ ស្រុក​ចាវ​ថា​ញ់ ខេត្ត​តៃ​និ​ញ ប្រទេស​វៀតណាម របួស​ធ្ងន់ធ្ងរ​សន្លប់​នៅ​នឹង​កន្លែង ។

បើ​តាម​ប្រជាពលរដ្ឋ​ដែល​បានឃើញ​ផ្ទាល់​ភ្នែក​បាន​ប្រាប់​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​គេ​ឃើញជន​រង​គ្រោះ​ឈ្មោះ សៅ ផា ជិះ​ម៉ូតូ​ម៉ាក ហុងដា សេ​១២៥ ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ​២០១៤ ពាក់​ស្លាក​លេខ​ស្វាយ​រៀង 1D-7148 បើកបរ​ក្នុង​ទិស​ដៅ​ពី​កើតមក​លិច (​មក​ពី​ប្រទេស​វៀតណាម​ចូល​មក​ខ្មែរ​វិញ​) ខាងស្តាំ​ដៃ ស្រប​ពេល​នោះ​ឃើញ​យុវជន​ជនជាតិ​វៀតណាម​២​នាក់ ជិះ​ម៉ូតូ​ម៉ាក ហុងដា វ៉េវ សេ​១១០ ពណ៌​ទឹកប៊ិច​ចាស់ ពាក់​ស្លាក​លេខ 70L6_8712 បើក​ពី​ទិស​ខាង​លិចទៅ​កើត បញ្ច្រាស់ទិស​គ្នា​យ៉ាង​លឿន​ក្នុង​ស្ថានភាព​ស្រវឹង​ជោគ ក៏​រេ​ចង្កូត​មក​ឆ្វេង​ទៅ​បុក​ម៉ូតូ​ជន​រង​គ្រោះ​ចំ​ពីមុខ​ពេញទំហឹង​លាន់​ដូច​រន្ទះ បណ្តាល​ឲ្យ​ដួល​បោក​ក្បាល​ទៅ​លើ​ថ្នល់​បែកក្បាល​ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង រីឯ​យុវជន​ជនជាតិ​វៀតណាម​ទាំង​២​នាក់​រង​បួស​ធ្ងន់ សន្លប់​នៅ​នឹង​កន្លែង ។

ក្រោយ​ពេល​កើតហេតុ យុវជន​ជនជាតិ​វៀតណាម​ទាំង​២​នាក់​ត្រូវ​សមត្ថកិច្ច​វៀតណាម​មក​ធានា​បញ្ជូន​ទៅ​មន្ទីរពេទ្យ​ប្រទេស​វៀតណាម​ដើម្បី​សង្គ្រោះ រីឯ​សព​ជន​រង​គ្រោះ​ត្រូវ​បាន​សមត្ថកិច្ច​ប្រគល់​ឲ្យ​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ។

សមត្ថកិច្ច​បាន​បន្ត​ទៀត​ថា កាលពី​វេលា​ម៉ោង​៩​ព្រឹក នៅ​ថ្ងៃ​ទី​២២​ធ្នូ​នេះ សាច់ញាតិ​ជនជាតិ​វៀតណាម​ដែល​ជា​ជន​បង្ក​បាន​យក​ថវិកា​មក​ចូល​បុណ្យសព​ក្រុម​គ្រួសារ​ជន​រង​គ្រោះ និង​សន្យា​ជាមួយ​ក្រុម​គ្រួសារ​ជន​រង​គ្រោះ និង​សមត្ថកិច្ច​នគ​បាល​ស្រុក​រមាស​ហែក​ថា នឹង​ចូលខ្លួន​មក​ដោះស្រាយ​ពេល​ជន​បង្ក​បាន​ធូរស្រាល​មុខរបួស ៕