អាជ្ញាធរ​ជាតិ​អប្សរា​ចាត់វិធានការ​រក្សា​ទឹក​នៅ​ស្រះស្រង់​

សៀមរាប: ស្រះស្រង់ មាន​បណ្តោយ​៧៨០​ម៉ែត្រ និង​ទទឹង​៣៨០​ម៉ែត្រ ត្រូវបាន​ដូនតា​ខ្មែរ​ជីក​ឡើង នៅ​ចុង​សតវត្សរ៍​ទី​១២ ដើម​សតវត្សរ៍​ទី​១៣ ដោយ​មិនមាន​ប្រព័ន្ធ​បង្ហូរទឹក​ចូល​នោះទេ​។ ស្រះ​នេះ​ពឹង​លើទឹក​ភ្លៀង និង​ទឹក​ក្រោម​ដី ដែល​ជ្រាបចូល​ពី​បារាយណ៍​ខាងកើត​។​

​គេ​ធ្លាប់​ឃើញតែ​ភាពស្រស់ស្អាត​នៃ​ស្រះស្រង់ ដោយសារ​មានទឹក​គ្រប់​រដូវ​កាល រហូត​ទាក់ទាញ​ភ្ញៀវទេសចរ​ចូល​ទស្សនា​ជា​ហូរហែ​មិនដែល​ដាច់​។ ក៏ប៉ុន្តែ កាលពី​រដូវប្រាំង​ឆ្នាំ​២០១៥​កន្លងទៅនេះ ស្រះស្រង់​បាន​ជួបប្រទះ​នូវ​បញ្ហា​រីងស្ងួត​ស្ទើរ​ទាំងស្រុង​។​

​នៅ​ឆ្នាំនេះ ដោយសារ​បញ្ហា​អាកាសធាតុ​ប្រែប្រួល ទឹកភ្លៀង​មាន​បរិមាណ​តិច ធ្វើ​ឲ្យ​គ្រប់គ្នា​បារម្ភ​ថា ស្រះស្រង់​អាច​នឹង​ប្រឈម​បញ្ហា​រីងស្ងួត​ដូច​ឆ្នាំមុន​ទៀត​។ បញ្ហា​នេះ នាយកដ្ឋាន​គ្រប់គ្រង​ទឹក​នៃ​អាជ្ញាធរ​ជាតិ​អប្សរា​អះអាងថា ខ្លួន​បាន​ត្រៀមខ្លួន​រួចរាល់​សម្រាប់​ជួយសង្គ្រោះ​ស្រះស្រង់​ហើយ​។ ការត្រៀមខ្លួន​នេះ គឺ​តាមរយៈ​ការស្តារ​ប្រឡាយ​ដែលមាន​ប្រវែង​៧​គម ដើម្បី​បង្ហូរទឹក​ពី​ទំនប់​តា​នៀវ​មក​បញ្ចូល​ក្នុង​ស្រះស្រង់​។​

​នៅ​ព្រឹក​ថ្ងៃទី​២១ ខែធ្នូ​នេះ លោក ភឿន សុ​ឃីម អនុប្រធាននាយកដ្ឋាន​គ្រប់គ្រង​ទឹក​បញ្ជាក់ថា នាយកដ្ឋាន​បាន​ត្រៀម​ប្រឡាយ​នេះ​រួចរាល់​ហើយ ក៏ប៉ុន្តែ​បញ្ហា​ទឹក​ដែល​ត្រូវ​បង្ហូរ​ពី​ទំនប់​តា​នៀវ​មក​បញ្ចូល​ស្រះស្រង់ ត្រូវការ​កិច្ចសហការ​ជាមួយ​ភាគី​ពាក់ព័ន្ធ ដែល​ប្រើប្រាស់​ទឹក​នេះ​។ ដោយសារ​ទឹក នៅ​ទំនប់​តា​នៀវ​ត្រូវ​ប្រើប្រាស់​សម្រាប់​ស្រោចស្រព​កសិកម្ម​របស់​ប្រជាពលរដ្ឋ​ជា​ចម្បង ដូច្នេះ ទឹក​ដែល​សេសសល់​ពី​នោះ​ទើប​អាច​បង្ហូរ​ចូល​ស្រះស្រង់​បាន​។ នេះ​ក៏​ជាការ​ព្រួយបារម្ភ​ថ្មី​មួយទៀត ព្រោះថា បើ​ស្រែប្រាំង​របស់​ពលរដ្ឋ​មាន​ចំនួន​ច្រើន ហើយ​ត្រូវការ​ទឹក​ច្រើន មិនមាន​ទឹក​សេសសល់​នោះ ស្រះស្រង់​ក៏​ពុំមាន​ប្រភព​ដទៃ​ដើម្បី​បង្ហូរ​ចូល​ដែរ​។​

​តែ​ទោះជា​យ៉ាងណា លោក សុ​ឃីម សម្តែង​សុទិដ្ឋិនិយម​ថា បើ​រដូវប្រាំង​ឆ្នាំនេះ​មិន​អូសបន្លាយ​យូរ​ដូច​ឆ្នាំមុន​ទេ បរិមាណ​ទឹកស្រះ​ស្រង់​បច្ចុប្បន្ន គួបផ្សំ​នឹង​ទឹក​ដែល​យើង​សង្ឃឹមថា​អាច​បង្ហូរ​ចូល​ពី​ទំនប់​តា​នៀវ​ខ្លះ​បន្ថែមទៀត ស្រះស្រង់​អាច​នឹងមិន​ជួប​បញ្ហា​រីងស្ងួត​ដូច​ឆ្នាំមុន​ទេ​។​

​ស្រះស្រង់​មាន​ទីតាំងនៅ​ខាងកើត​ប្រាសាទបន្ទាយក្តី ខាងត្បូង​ឆៀង​ខាងលិច​នៃ​បារាយណ៍​ខាងកើត​។ តាម​អ្នក​បុរាណវិទ្យា​យល់ថា ស្រះ​នេះ​ជីក​ឡើង​មិន​មែនមាន​នាទី​ស្រោចស្រព​កសិកម្ម ឬ​ជាទី​សក្ការៈ​ដូចជា​កសិណ​អង្គរ ឬ​បារាយណ៍​ជាដើម​នោះទេ​។ ស្រះ​នេះ សាង​ឡើង​សម្រាប់​ការកម្សាន្ត​របស់​ព្រះមហាក្សត្រ​នា​សម័យបុរាណ និង​មានកូន​ប្រាសាទ​មួយ​នៅ​ចំ​កណ្តាល ជាទី​ដែល​ព្រះអង្គ​ទ្រង់​យាង​តាម​ទូក​ទៅ​ស្តាប់​តន្ត្រី​ផ្សេងៗ​។ បច្ចុប្បន្ន គេ​អាច​មើលឃើញ​កូន​ប្រាសាទ​នេះ នៅ​រដូវប្រាំង​ពេលដែល​មានទឹក​រាក់​៕

អាជ្ញាធរ​ជាតិ​អប្សរា​ចាត់វិធានការ​រក្សា​ទឹក​នៅ​ស្រះស្រង់​

អាជ្ញាធរ​ជាតិ​អប្សរា​ចាត់វិធានការ​រក្សា​ទឹក​នៅ​ស្រះស្រង់​

អាជ្ញាធរ​ជាតិ​អប្សរា​ចាត់វិធានការ​រក្សា​ទឹក​នៅ​ស្រះស្រង់​