គណៈកម្មការ​ជំនាញ​សេដ្ឋកិច្ច​នៃ​រដ្ឋសភា ប្រជុំ​ផ្ទៃក្នុង លើ​សេចក្តីព្រាងច្បាប់ ស្តីពី​ការទូទាត់​ថវិកា​ទូទៅ របស់​រដ្ឋ សម្រាប់​ការគ្រប់គ្រង ឆ្នាំ​២០១៤

ភ្នំពេញ: គណៈកម្មការ សេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និង​សវនកម្ម នៃ​រដ្ឋសភា ដឹកនាំ​ដោយ លោក​បណ្ឌិត​រដ្ឋ ជាម យៀប ប្រធាន​គណៈកម្មការ បាន​បើក​កិច្ចប្រជុំ​ពិភាក្សា​ផ្ទៃក្នុង​គណៈកម្មការ ដើម្បី​ពិនិត្យ​លើ​សេចក្តីព្រាងច្បាប់​ស្តីពី ការទូទាត់​ថវិកា​ទូទៅ​របស់​រដ្ឋ​សម្រាប់​ការគ្រប់គ្រង ឆ្នាំ​២០១៤ នា​ព្រឹក​ថ្ងៃទី​២២ ខែធ្នូ ឆ្នាំ​២០១៥ នៅ​វិមាន​រដ្ឋសភា​។​

​លោក​បណ្ឌិត​រដ្ឋ ជាម យៀប បាន​មានប្រសាសន៍ថា សេចក្តីព្រាងច្បាប់​ស្តីពី​ការទូទាត់​ថវិកា​ទូទៅ​របស់​រដ្ឋ សម្រាប់​ការគ្រប់គ្រង​ឆ្នាំ​២០១៤ គឺជា​ការ ឆ្លុះបញ្ចាំង​អំពី​លទ្ធផល នៃ​ការអនុវត្ត​ច្បាប់​ស្តីពី​ហិរញ្ញវត្ថុ​សម្រាប់​ការគ្រប់គ្រង​ឆ្នាំ​២០១៤ ដោយ​ផ្អែកលើ​ការ​បូកសរុប​ទិន្នន័យ​ចំណូល និង​ចំណាយ​ថវិកា ដែល​ត្រូវបាន​កត់ត្រា ដោយ​គណនេយ្យករ​សាធារណៈ និង​ការផ្ទៀងផ្ទាត់​អំពី​ភាពត្រឹមត្រូវ នៃ​ទិន្នន័យ​ទាំងនេះ ជាមួយ​អាណាប័ក​ពាក់ព័ន្ធ​ទាំង​ក្នុង​កម្រិត​ថវិកា​ថ្នាក់ជាតិ និង​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​។​

​លោក​បណ្ឌិត​រដ្ឋ មានប្រសាសន៍​ទៀតថា កិច្ចប្រជុំ​ផ្ទៃក្នុង​របស់​គណៈកម្មកា​រ សេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ​និង​សវនកម្ម​នៃ​រដ្ឋសភា នាពេលនេះ គឺ​គ្រាន់តែ​ពិនិត្យ​ទៅលើ ខ្លឹមសារ និង​ទម្រង់​អត្ថបទ​ច្បាប់ ដោយ​គ្រាន់តែ​មានការ​កែសម្រួល​អក្ខរាវិរុទ្ធ​ខ្លះ អោយ​ត្រូវ​តាម​អត្ថបទ​ច្បាប់ រីឯ​ចំណុច ដែល​នៅមាន​ការងឿងឆ្ងល់​មួយចំនួនទៀត គណៈកម្មការ​នឹង​អញ្ជើញ តំណាង​រាជរដ្ឋាភិបាល​មកជួប​ប្រជុំ ដើម្បី​ធ្វើការ​ស្រាយ​បំភ្លឺ នៅពេល​ខាងមុខ​។​

​សូមបញ្ជាក់ថា សេចក្តីព្រាងច្បាប់​ស្តីពី ការទូទាត់​ថវិកា​ទូទៅ​របស់​រដ្ឋ​សម្រាប់​ការគ្រប់គ្រង​ឆ្នាំ​២០១៤ មាន​៣​ជំពូក ចែកចេញជា​១២​មាត្រា​៕​