ប្រជាពលរដ្ឋ​សម្រុក​ប្រឡង​យក​ប័ណ្ណបើកបរ បន្ទាប់​ពី​ច្បាប់​ចរាចរណ៍​ថ្មី​គ្រោង​ចាប់ផ្តើម​អនុវត្ត​នៅ​ថ្ងៃ​ទី​១​មក​រា​២០១៦​នេះ

រាជធានី​ភ្នំពេញ ៖ រយៈពេល​ប៉ុន្មាន​ស​ប្តា​ហ៍​កន្លង​មកនេះ​បន្ទាប់​ពី​ក្រសួងមហាផ្ទៃ​បាន​ប្រកាស​ច្បាប់​ចរាចរណ៍​ថ្មី​នឹង​ត្រូវ​ចាប់ផ្តើម​អនុវត្ត​នៅ​ថ្ងៃ​ទី​១ ខែមករា ឆ្នាំ​២០១៦​ខាង​មុខ​នេះ ប្រជាពលរដ្ឋ​បាន​នាំ​គ្នា​សម្រុក​ទៅ​ប្រលង​យក​ប័ណ្ណបើកបរ​យានយន្ត​គ្រប់​ប្រភេទ​យ៉ាងច្រើន​កុះករ​ខុស​ប្លែក​ពី​ធម្មតា ជា​ពិសេស​ចាប់ពី​ថ្ងៃ​ទី​១​ធ្នូ​រហូត​មក​ដល់​ពេល​នេះ ដែល​ចំនួន​នេះ​មានការ​កើនឡើង​ទ្វេ​ដង​បើ​ប្រៀបធៀប​ទៅ​នឹង​ថ្ងៃ​ធម្មតា​នា​ពេល​មុន​ៗ ។

លោក មាស ច​ន្ថា ប្រធាន​អង្គភាព​ផ្តល់​ប័ណ្ណបើកបរ និង​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក នៃ​មន្ទីរ​សាធារណការ និង​ដឹក​ជញ្ជូន រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹង​ថា ក្នុង​រយៈពេល​ប៉ុន្មាន​ស​ប្តា​ហ៍​ចុង​ក្រោយ​នេះ​ប្រជាពលរដ្ឋ​បាន​សម្រុក​ទៅ​ប្រឡង​យក​ប័ណ្ណបើកបរ​ទោចក្រយានយន្ត និង​ប័​ណ្ណ​បើកបរ​យានយន្ត​យ៉ាងច្រើន​កុះករ​ខុស​ប្លែក​ពី​ធម្មតា ដោយ​ពី​មុន​មាន​ត្រឹមតែ​ជាង​១០០​នាក់ ប៉ុន្តែ​ឥឡូវ​មាន​រហូត​ដល់​ទៅ​ជិត​៣០០​នាក់​ក្នុង​មួយ​ថ្ងៃ នេះ​ជា​ចំនួន​មួយ​ដែល​មិន​ធ្លាប់​មាន​ពី​មុន​មក ។ ជាក់ស្តែង​នៅ​ព្រឹក​ថ្ងៃ​ទី​២៣​ធ្នូ​ស្អែក​នេះ ប្រជាពលរដ្ឋ​រាជធានី​ភ្នំពេញ​បាន​នាំ​គ្នា​ទៅ​ប្រលង​ធ្វើ​ប័ណ្ណបើកបរ​រថយន្ត​ចំនួន​២៩០​នាក់ កើន​ទ្វេ​ដង បន្ទាប់​ពី​ច្បាប់​ចរាចរណ៍​ថ្មី​គ្រោង​ចាប់ផ្តើម​អនុវត្តន៍​នៅ​ថ្ងៃ​ទី​១ ខែមករា ឆ្នាំ​២០១៦​នេះ ។

លោក មាស ច​ន្ថា បាន​ឲ្យ​ដឹង​ទៀត​ថា ចាប់ពី​ឆ្នាំ​២០០៧ ដល់​ឆ្នាំ​២០១៥​នេះ អ្នក​ដែល​បាន​ទៅ​ធ្វើ​ប័ណ្ណបើកបរ​នៅ​ទូ​ទាំង​រាជធានី​ភ្នំពេញ សម្រាប់​ប័ណ្ណបើកបរ​ម៉ូតូ​មាន​ជិត​៧០០០​នាក់ និង​ប័ណ្ណបើកបរ​រថយន្ត​មាន​​១១២.០៨៧​នាក់ ។ ចំពោះ​អ្នក​ដែល​ចុះ​ឈ្មោះ​ក្នុង​ការ​ប្រឡង​យក​ប័ណ្ណបើកបរ​បាន ត្រូវ​ភ្ជាប់​មក​ជាមួយ​នូវ​អត្តសញ្ញាណប័ណ្ណ សៀវភៅ​គ្រួសារ ឬ​សំបុត្រ​កំណើត ហើយ​មានការ​បញ្ជាក់​ពី​សាលាបង្រៀន​បើកបរ​ផង​ដែរ ៕