ឡុង សុ​ភី មិន​ទទួល​ពាក្យ​ប្រកួត​ក្នុងស្រុក​ដើម្បី​រងចាំ​ប្រកួត Thai Fight នៅ​ថៃ​

​កីឡាករ​ជើង​ខ្លាំង​ជំនាញ​ប្រើ​ជង្គង់ ឡុង សុ​ភី មកពី​ក្លិប​ឡុង​សាល​វ័​ន្ត​កីឡា បាន​ផ្អាក​ទទួល​ពាក្យ​ប្រកួត​ក្នុងស្រុក ដើម្បី​រងចាំ​ការប្រកួត​ក្នុង​កម្មវិធី Thai Fight នៅ​ប្រទេស​ថៃ នា​ថ្ងៃទី​៣១ ខែធ្នូ​។ កីឡាករ​រូបនេះ អាច​នឹង​ខកខាន​ម្តងទៀត​សម្រាប់​កម្មវិធី​មួយ​នេះ ប្រសិនបើ​ឯកសារ​មិន​ធ្លា​ក់មក ។

​កីឡាករ ឡុង សុ​ភី បានសម្រេច​ផ្អាក​ទទួល​ពាក្យ​ប្រកួត​ក្នុងស្រុក​តាំងពី​ថ្ងៃទី​១២ ដល់​ថ្ងៃទី​៣១ ខែធ្នូ ដើម្បី​រង់ចាំ​ឯកសារ​សម្រេច​របស់​គ​ណៈ​កម្ម​ការរៀប​ចំការ​ប្រកួត Thai Fight ប្រទេស​ថៃ ដើម្បីឱ្យ​រូបគេ​មានឱកាស​ចូល​រូ​ម​ប្រកួត​ក្នុង​កម្មវិធី Thai Fight ប្រទេស​ថៃ នា​ថ្ងៃទី​៣១ ខែធ្នូ​។ ការសម្រេច​ផ្អាក​ទទួល​ពាក្យ​នេះ ដោយសារ​គណៈកម្មការ​រៀបចំ​ការប្រកួត Thai Fight ប្រទេស​ថៃ​ថា នឹង​យក​រូបគេ​ទៅ​ចូលរួម​ប្រកួត Thai Fight នា​ថ្ងៃទី​៣១ ខែធ្នូ​។ ការសន្យា​បែបនេះ បន្ទាប់ពី ឡុង សុ​ភី បាន​ខកខាន​ចូលរួម​ប្រកួត​នៅ Thai Fight ប្រទេស​វៀតណាម កាលពី​ថ្ងៃទី​២៤ តុលា​។​

​កីឡាករ ឡុង សុ​ភី បញ្ជាក់​យ៉ាងនេះ​ថា​៖«​ខ្ញុំ​បានសម្រេច​ឈប់​ទទួល​ពាក្យ​ប្រកួត​ក្នុងស្រុក​ចាប់ពី​ថ្ងៃទី ១២ ដល់​ថ្ងៃទី​៣១ ខែធ្នូ ដើម្បី​រងចាំ​មើល​ឯកសារ​សម្រេច​របស់​គ​ណៈ​កម្ម​ការរៀប​ចំការ​ប្រកួត Thai Fight ធ្លា​ក់មក ព្រោះ​ពួកគេ​បាន​ចរចា​រួចហើយ​ថា​នឹង​យក​រូបខ្ញុំ​ទៅ​ប្រកួត​នៅ Thai Fight ប្រទេស​ថៃ នា​ថ្ងៃទី​៣១ ខែធ្នូ បន្ទាប់ពី​រូបខ្ញុំ​ខកខាន​ប្រកួត Thai Fight ប្រទេស​វៀតណាម​»​។​

​កីឡាករ​ជំនាញ​ប្រើ​ជង្គង់​ម្នាក់នេះ​បាន​បន្ត​លើកឡើង​ដូច្នេះ​ថា​៖«​ពេលនេះ​ខ្ញុំ​កំពុង​រង់ចាំ​ឯកសារ​ធ្លា​ក់មក ប្រសិនបើ​មិន​ធ្លាក់​មក​នោះទេ​មានន័យថា​ខ្ញុំ​បាន​ខកខាន​ជា​លើក​ទី​២​ហើយ​សម្រាប់​កម្មវិធី​មួយ​នេះ ប៉ុន្តែ​ទោះបីជា​ខកខាន​លើក​នេះ​ម្តងទៀត​ក៏ដោយ ក៏​ខ្ញុំ​នៅតែ​រក្សា​ជំហរ​ថា​នឹងចូលរួម​ប្រកួត​ក្នុង​កម្មវិធី​នេះ​ទាល់តែ​បាន ទោះបី​ឆ្នាំនេះ​មិនបាន រង់ចាំ​ឆ្នាំក្រោយ​ទៀត​»​។​
 
 កីឡាករ​មកពី​ក្លិប​ឡុង​សាល​វ័​ន្ត​កីឡា​ម្នាក់នេះ​បានឱ្យដឹងថា ការដែល​ខ្លួន​ចង់ទៅ​ចូលរួម​ប្រកួត​ក្នុង​កម្មវិធី Thai Fight នេះ ដោយសារ​វា​ជា​កម្មវិធី​មួយ​ដ៏​ល្បី​លំដាប់​ពិភពលោក ហើយ​ខ្លួន​ចង់​ដកស្រង់​កម្រិត​បច្ចេកទេស​នៃ​ការប្រកួត​មួយ​នេះ និង​ចង់បង្ហាញ​ពី​សមត្ថភាព​របស់ខ្លួន​ផងដែរ​ជាពិសេស​គេ​ចង់បង្ហាញ​ឱ្យគេ​ស្គាល់​ពី​ភាព​អស្ចារ្យ​របស់​ក្បាច់បុរាណ​ខ្មែរ​តាមរយៈ​កម្មវិធី​នេះ​៕

​អ្នក​ប្រដា​ល់លេង​ជង្គង់ ឡុង សុ​ភី បាន​ខកខាន​ឡើង​សង្វៀន Thai Fight ម្ដងទៀត​នៅ​ថ្ងៃទី​៣១ ខែធ្នូ ឆ្នាំ​២០១៥ នេះ ព្រោះ​អ្នករៀបចំ​ការប្រកួត​មិន​បញ្ជូន​ឯកសារ​មក​ទាន់ពេលវេលា ហើយ​មានតែ​កីឡាករ កែវ រំ​ចង់ ម្នាក់​ប៉ុណ្ណោះ​ដែល​នឹង​បង្ហាញខ្លួន​នាពេលនោះ​។​
 
​ដំបូង​ឡើយ​អ្នករៀបចំ​កម្មវិធី Thai Fight បានបញ្ជាក់​ថា​នឹង​យក​កីឡាករ ឡុង សុ​ភី ទៅ​ប្រកួត​ជាមួយ​កីឡាករ Saen Chai ក្នុង​ប្រភេទ​ទម្ងន់ ៦៧​គីឡូក្រាម​នៅ​ថ្ងៃទី​៣១ ខែធ្នូ​ខាងមុខ ដំណាលគ្នា​នឹង​កីឡាករ កែវ រំ​ចង់ ដែរ​។ ឱកាស​ដ៏​ល្អ​នេះ​បាន​កន្លងផុតទៅ ព្រោះ​ពួកគេ​មិន​បញ្ជូន​ឯកសារ​មក​ឲ្យ​បាន​ទាន់ពេលវេលា​។ សុ​ភី បាន​ប្រាប់ Sabay ថា​៖ «​ខ្ញុំ​ចាំ​ឯកសារ​គេ​យូរហើយ​បង ប្រហែល ៣​អាទិត្យ​ហើយ តែ​មិន​ព្រម​ទម្លាក់​មក​សោះ​… ឥឡូវ​ជិត​ដល់​ថ្ងៃ​ប្រកួត​ហើយ ចឹ​ង​ដឹង​តែ​អត់​ហើយ មិនបាន​ទៅ​ទេ​… ប្រាប់ថា​យកទៅ​វាយ ប៉ុន្តែ​ពិបាក​ទាក់ទង​ណាស់​»​។​
 
​កីឡាករ ឡុង សុ​ភី មានបំណង​ចង់​ចូលរួម​ប្រកួត​កម្មវិធី Thai Fight យូរ​មកហើយ ប៉ុន្តែ​គ្មាន​ឱកាស​។ មូលហេតុ​ធំ​ដែល​ធ្វើ​ឲ្យ​ជើង​ខ្លាំង​ជំនាញ​ប្រើ​ជង្គង់​រូបនេះ​ចង់​ចូលរួម ពីព្រោះ​ប្រទេស​មួយចំនួន​លើ​ពិភពលោក​បាន​ស្គាល់​យ៉ាងច្បាស់​ពី​កម្មវិធី​របស់​ថៃ​មួយ​នេះ ហើយ​រូបគេ​ចង់បង្ហាញ​ប្រទេស​ដទៃ​ឲ្យ​បានដឹង​ពី​កម្រិត​ក្បាច់គុន​របស់​ខ្មែរលើ​ឆាក​អន្តរជាតិ​ផងដែរ​។ កាលពី​ខែតុលា​កន្លងទៅ ជើង​ខ្លាំង ឡុង សុ​ភី បាន​ខក​ខានទៅ​ចូលរួម​ប្រកួត​ក្នុង​កម្មវិធី Thai Fight នៅ​ប្រទេស​វៀតណាម​ម្ដង​រួចមកហើយ ដោយសារតែ​បញ្ហា​រត់​ឯកសារ​មិនទាន់ ហើយ​នេះ​គឺជា​លើក​ទី​២ សម្រាប់​រូបគេ​។​
 
​កម្មវិធី​ប្រកួត​ឆ្លង​ឆ្នាំ​ដ៏​ធំ​របស់ Thai Fight នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​៣១ ខែធ្នូ ខាងមុខ នា​រាជធានី​បាងកក​។ ដោយសារ ឡុង សុ​ភី ខកខាន​មិនបាន​ទៅ​ចូលរួម ដូចនេះ​មានតែ​កីឡាករ​ចិត្តសឿង​កម្លាំង​បាន កែវ រំ​ចង់ ម្នាក់​ប៉ុណ្ណោះ​នឹង​បង្ហាញខ្លួន​សងសឹក​ជាមួយ​កីឡាករ​ថៃ Iquezang Kor Rungthanakeat​។ រំ​ចង់ នឹងធ្វើ​ដំណើរ​ទៅ​ប្រទេស​ថៃ​នៅ​ថ្ងៃទី​២៤ ខែធ្នូ​នេះ ដើម្បី​ចូលរួម​សន្និសីទ​នា​ថ្ងៃទី​២៥ រួច​បន្ត​ហ្វឹកហាត់​នៅ​បាងកក​រហូតដល់​ថ្ងៃ​ប្រកួត​តែម្ដង​៕