មេបក្ស​ប្រឆាំង​សុំ​ឱ្យ​អ្នក​គាំទ្រ​ឈប់​ប្រើ​ពាក្យ​ជេរ​ប្រមាថ

មេបក្ស​ប្រឆាំង​សុំ​ឱ្យ​អ្នក​គាំទ្រ​ឈប់​ប្រើ​ពាក្យ​ជេរ​ប្រមាថ

រូបឯកសារ៖ លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះជាតិ (កណ្តាល) ថ្លែង​សន្ទុរកថាទៅកាន់​អ្នក​ចូលរួម​ក្នុង​ទិវា​សិទ្ធិមនុស្ស ដែល​បាន​ប្រារព្ធ​ធ្វើ​ឡើង​នៅ​មុខ​រដ្ឋសភាជាតិ​នៅ​ទីក្រុងភ្នំពេញ កាលពី​ថ្ងៃពុធ ទី១០ ខែ​ធ្នូ ឆ្នាំ​២០១៤។ (AP/ហេង ស៊ីនិត)លោក​ សម រង្ស៊ី​ ប្រាប់​ក្រុម​អ្នកគាំ​ទ្រ​របស់​លោក​នៅ​ក្នុង​ប្រទេស​បារាំង​ឲ្យ​ប្រើ​ភាសា​សមរម្យ​ក្នុង​វិស័យ​នយោបាយ​ ដោយ​បញ្ជៀស​ការ​ប្រើ​ភាសា​ហិង្សា​ និង​ការ​ប្រមាថ​គ្នា​ទៅ​វិញ​ទៅ​មកដែល​នាំ​ឲ្យ​ខូច​ប្រយោជន៍​ជាតិ។ ភ្នំពេញ—

លោក​ សម រង្ស៊ី​ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ ប្រាប់​ក្រុម​អ្នកគាំ​ទ្រ​របស់​លោក​នៅ​ក្នុង​ប្រទេស​បារាំង​ឲ្យ​ប្រើ​ភាសា​សមរម្យ​ក្នុង​វិស័យ​នយោបាយ​ ដោយ​បញ្ជៀស​ការ​ប្រើ​ភាសា​ហិង្សា​ និង​ការ​ប្រមាថ​គ្នា​ទៅ​វិញ​ទៅ​មក ​ដែល​នាំ​ឲ្យ​ខូច​ប្រយោជន៍​ជាតិ។​

ការ​ថ្លែង​របស់​លោក​យ៉ាង​ដូច្នេះ​ កើត​ឡើង​នៅ​ក្នុង​ជំនួប​អាហារ​ពេល​ល្ងាច​មួយ​ជាមួយ​អ្នក​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​ នៅក្នុង​ប្រទេស​បារាំង​ កាល​ពី​ថ្ងៃ​សៅរិ៍​កន្លង​ទៅ​នេះ។​

ថ្លែង​ទៅ​កាន់​អ្នក​គាំទ្រ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ លោក​ សម រង្ស៊ី​ មាន​ប្រសាសន៍​ថា​ ការ​ជេរ​ប្រមាថ​ត្រូវ​តែ​បញ្ចប់​ ហើយ​ងាក​មក​រក​ច្រក​ជជែក​គ្នា​ដោយ​សន្តិវិធី​ ដើម្បី​បម្រើ​ដល់​ផល​ប្រយោជន៍​របស់​ជាតិ។

«កុំ​ជេរ​ប្រមាថ​លាប​ពណ៌​ ប្រទេច​ផ្តាសា​ អត់​ទេ​បើ​យើង​គំនិត​អញ្ចឹង​ យើង​មិន​អាច​ដោះ​ស្រាយ​បញ្ហា​ប្រទេស​ជាតិ​ បាន​សមរម្យ​បាន​ត្រឹម​ត្រូវ​ ដូច​យើង​ចង់​បាន​ទាំង​អស់​គ្នា​ទេ។ យើង​ស្តាប់​គ្នា​សិន​ទៅ។​ យើង​ថ្លឹង​ថ្លែង​ទៅ​ថា​អាច​ធ្វើ​អី​ជាមួយ​គ្នា​ជា​វិជ្ជមាន​ តែ​បើ​មិន​ឯកភាព​ទាំង​អស់​គ្នា​ទេ​ មិន​អី​ទេ​ ក្រុម​ណា​គេ​ធ្វើ​ទៅ។ ក្រុម​មួយ​ទៀត​កុំ​តិះ​ទៀន​ មើល​ពី​ចម្ងាយ​ ក៏​មិន​អី​ដែរ​ ហើយ​ឲ្យ​គេ​ធ្វើ​ទៅ​ ហើយ​បើ​យើង​មាន​គំនិត​ល្អ​ចង់​ថា​ល្អ​ជាង​គេ​ យើង​ធ្វើ​ឲ្យ​ឃើញ​ថា​ យើង​ល្អ​ជាង​គេ​ទៅ»។

លោក​ សម រង្ស៊ី​ ដែល​កំពុង​និរទេស​ខ្លួន​នៅ​ក្រៅ​ប្រទេស​ កំពុង​រង​ការ​ចោទ​ប្រកាន់​ពី​តុលាការ​ក្នុង​ប្រទេស​កម្ពុជា​ ទាក់​ទិន​សំណុំ​រឿង​បង្ខូច​កេរ្តិ៍​ឈ្មោះ​ និង​ការ​សម​គំនិត​ប្រើប្រាស់​ឯកសារ​ក្លែងក្លាយ។ លោក​ត្រូវ​បាន​រដ្ឋ​សភា​ដែល​មាន​តែ​អ្នក​តំណាង​រាស្រ្ត​របស់​គណបក្ស​ប្រជាជន​កម្ពុជា​សម្រេច​លុបចោល​អភ័យ​ឯកសិទ្ធិ​ជា​អ្នក​តំណាង​រាស្រ្ត​កាលពី​ថ្ងៃ​ទី​១៦ ខែ​វិច្ឆិកា​ ដើម្បី​ឱ្យ​ប្រឈម​មុខ​នឹង​ទោស​ជាប់​ពន្ធនាគារ​រយៈពេល​ពីរ​ឆ្នាំ​ក្នុង​សំណុំ​រឿង​បរិហារកេរ្តិ៍​ ដែល​លោក​បាន​ថ្លែង​ថា​លោក ​ហោ ណាំហុង​ រដ្ឋ​មន្ត្រី​ក្រសួង​ការបរទេស​កម្ពុជា ​បាន​ឃុបឃិត​ជាមួយ​នឹង​ក្រុម​ខ្មែរ​ក្រហម​ពេល​ដែល​លោក​នៅ​ជាប់​ក្នុង​ពន្ធនាគារ​បឹងត្របែក។​

លោក​ អ៊ូ​ វីរៈ​ ប្រធាន​វេទិកា​អនាគត​ ថ្លែង​ប្រាប់​ VOA ថា​ ការ​ជេរ​ប្រមាថ​គួរ​មិន​ត្រូវ​កើត​មាន​នៅ​ក្នុង​សង្គម​កម្ពុជា​ ដែល​មាន​របប​នយោបាយ​ប្រជាធិបតេយ្យ។​

«តាម​ពិ​ត​ការ​ជេរ​ប្រមាថ​ វា​មិន​ដែល​ថ្លៃ​ថ្នូរ​តាំង​ពី​ដើម​មក​ម្ល៉េះ​ ដូច្នេះ​គួរ​តែ​បញ្ចប់​តាំង​ពី​ តាំង​ពី​យូរ​ហើយ​ វា​អត់​មាន​អ្វី​ វា​អត់​មាន​អ្វី​គួរ​យក។​ វា​មាន​អ្វី​ដែល​អ្នក​នយោបាយ​គួរ​ប្រើប្រាស់​ទេ។​ ប្រជាពលរដ្ឋ​ខ្មែរ​យើង​ក៏​មិនគួរ​ថោក​ទាប​ ក្នុង​ការ​ជេរប្រមាថ​គ្នា​ទៅ​វិញ​ទៅ​មក​ដែរ។​ អញ្ចឹង​រឿង​ រឿង​ជេរ​ប្រមាថ​គួរ​តែ​បញ្ចប់​តាំង​ពី​យូរ​ណាស់​ហើយ​ វា​អត់​ពាក់​ព័ន្ធ​រឿង​នយោបាយ​ប្រជា​ធិបតេយ្យ​អ្វី​ទេ»។

យ៉ាង​ណា​ក៏​ដោយ​ លោក​នៅ​មាន​មន្ទិល​ចំពោះ​ការ​ថ្លែង​របស់​លោក​ សម​ រង្សី​ ពីព្រោះ​ថា​ មេ​ដឹក​នាំ​គណបក្ស​ប្រឆាំង​រូប​នេះ​ធ្លាប់​បាន​ប្រើ​ភាសា​មិន​សមរម្យ​ជា​យូរ​មក​ហើយ។​ លោក​បញ្ជាក់​បន្ថែម​ទៀត​ថា​ ប្រសិន​បើ​ លោក​ សម រង្ស៊ី​ អាច​បញ្ចប់​ការ​ប្រើ​ពាក្យ​សម្តី​អសុរស​បាន​ នោះ​ជា​ការ​ល្អ​ក្នុង​នាម​ជា​អ្នក​នយោ​បាយ​ តែ​លោក​ សម រង្ស៊ី​ មិន​គួរ​បន្ធូរបន្ថយ​ការ​រិះ​គន់​ទៅ​លើ​អ្នក​នយោបាយ​ផ្សេង​ទៀត ​ដែល​មិន​បាន​អនុវត្ត​គោល​នយោបាយ​បម្រើ​ជាតិ។​

«ខ្ញុំ​គិត​ថា​ គាត់​គួរ​តែ​គិត​ពី​ការ​រិះគន់​ទៅ​លើគោល​នយោបាយ​ គោល​គំនិត​នយោបាយ​ ខ្ញុំ​មើល​ទៅ​មិន​មាន​អ្វី​ដែល​ជា​រឿង​ធំដុំ​ទេ។ វា​គឺ​ជា​រឿង​ប្រជាធិបតេយ្យ​ទេ​តើ​ ហើយ​គាត់​គួរ​តែ។ ខ្ញុំ​លើក​ទឹក​ចិត្ត​ឲ្យ​អ្នក​នយោបាយ​រិៈ​គន់​គ្នា។​ ប៉ុន្តែ​ រិះគន់​គ្នា ​រិះ​គន់​ក្នុង​ន័យ​ ក្នុង​ន័យ​ប្រជាធិបតេយ្យ​ ក្នុង​ន័យ​លើក​ឡើង​ពី​គំនិត​ខុសៗ​គ្នា។ ខ្ញុំ​ឃើញ​ថា​វា​ជា​រឿង​មួយ​ល្អ»។

លោក​ សុខ ឦសាន​ អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​ ស្វាគមន៍​ចំពោះ​ការ​ថ្លែង​របស់​លោក​ សម រង្ស៊ី​ មិន​ឲ្យ​មាន​ការ​ជេរ​ប្រមាថ​ ហើយ​ថា ការ​ឃោសនា​ពី​គោល​នយោបាយ​របស់​គណបក្ស​ ដើម្បី​ទាញ​ការ​គាំទ្រ​ពី​អ្នក​បោះ​ឆ្នោត​គួរ​ស្ថិត​ក្នុង​ផ្នត់​គំនិត​អ្នក​ធ្វើ​នយោបាយ​ ប្រសើរ​ជាង​យក​ការ​ជេរ​ប្រមាថ​ទាញ​ការ​គាំទ្រ។​

«គណបក្ស​នីមួយៗ​ គប្បី​ត្រូវ​តែ​ឃោសនា​អំពី​ស្នាដៃ​ សកម្ម​ភាព​របស់​ខ្លួន​ គុណ​សម្បតិ្ត​របស់​ខ្លួន​ឲ្យ​ម្ចាស់​ឆ្នោត​ បាន​ពិចារណា​បាន​ដឹង។​ មិន​ត្រូវ​ជេរ​គេ​ ដើម្បី​យក​ធ្វើ​គុណ​សម្បត្តិ​ខ្លួន​ឯង​ទេ។​ មិន​ត្រូវ​លាប​ពណ៌​គេ​ ដើម្បី​ធ្វើ​ជា​គុណ​សម្បត្តិ​ខ្លួន​ឯង​ទេ។​ អាហ្នឹង​វា​ខុស។ វា​អន់​ជាង​ការ​ផ្សាយ​ពាណិជ្ជកម្ម​ ទំនិញ​អី​ផ្សេង​ៗ​ទៅទៀត។​ អញ្ចឹង​បើ​គាត់​យល់​ឃើញ​ថា​ វា​ពី​មុន​មក​គាត់​ធ្វើ​មិន​ត្រឹម​ត្រូវ​ ឥឡូវ​គាត់​កែ​ប្រែ​អាហ្នឹង​ជា​ការ​ល្អ»។​

លោក​មាន​ប្រសាសន៍​បន្ត​ថា​ លោក​ សម​ រង្ស៊ី​ ធ្លាប់​បាន​ជេរប្រមាថ​ និង​លាប​ពណ៌​ការ​ដឹកនាំ​គណ​បក្ស​ប្រជាជន​កម្ពុជា​ ថា​ ស្ថិត​ក្រោម​គំនាប​ប្រទេស​វៀតណាម​ និង​មាន​របៀប​ផ្តាច់​ការ​ដូច​របប​ហ្វាស៊ីស​ នៅ​ក្នុង​ប្រទេស​អ៊ីតាលី​ជាដើម។​ លោក​ថា​ លោក​ពុំ​សូវ​មាន​ជំនឿ​ថា​ មេគណបក្ស​ប្រឆាំង​រូប​នេះ​អាច​លះ​បង់​ចោល​ទម្លាប់​អាក្រក់​នេះ​ទាំង​ស្រុង​បាន​ទេ។​

«​គាត់​និយាយ​ផ្សេង​ គាត់​ធ្វើ​ផ្សឹង។​ គាត់​គេ​ហៅ​ថា​ ស៊ីញ៉ូស្តាំ​ គាត់​វាយ​ឆ្វេង​ អាហ្នឹង​អញ្ចឹង។​ ដូច្នេះ​ហើយ​មិន​ទាន់​ជឿ​ទេ​ លុះ​ត្រា​តែ​ឃើញ​ការ​អនុវត្ត​ជាក់​ស្តែង​ចាំ​ជឿ»។

លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន ​ដែល​កាន់​អំណាច​ជាង​បី​ទសវត្សរ៍​ ធ្លាប់​ខឹង​សម្បារ​នឹង​លោក​ សម រង្សី​ ដែល​បាន​ប្រដូច​រូប​លោក​ទៅនឹង​លោក​វរៈសេនីយ៍​ឯក​ Muammar Gaddafiអតីត​មេដឹកនាំ​ប្រទេស​លីប៊ី។​ លោក​ Gaddafi ​ត្រូវ​បាន​បណ្តេញ​ចេញ​ពី​អំណាច​ដោយ​អំណាច​ប្រជាជន​ បន្ទាប់​ពី​លោក​បាន​ដឹកនាំ​ប្រទេស​អស់​រយៈពេល​៤២ឆ្នាំ៕