ប៉ះទង្គិច​គ្នា​រវាង​សមត្ថកិច្ច​និង​កម្មករ​រញ្ជួយ​ក្រុង​បា​វិត

ប៉ះទង្គិច​គ្នា​រវាង​សមត្ថកិច្ច​និង​កម្មករ​រញ្ជួយ​ក្រុង​បា​វិត

ខេត្តស្វាយរៀង ៖ ក្រុម​កម្មករ​-​កម្មការិនី​រោងចក្រ​រាប់​ពាន់​នាក់ បាន​ធ្វើ​ឱ្យ​ផ្ទុះ​បាតុកម្មហិង្សា ដោយ​បាន​យក​ដុំ​ថ្ម​គប់​ចូល​រោងចក្រ​នានា ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​មេន​ហាត​ធេ​ន ខណៈ​ដែល​កម្មករ​-​កម្មការិនី​រោងចក្រ​ទាំងនោះ បាន​ចូល​ធ្វើការ​ងារ​វិញ​ដូច​ធម្មតា ។ បាតុភាព​ដែល​កើតឡើង​នោះ បាន​ធ្វើ​ឱ្យ​ក្រុម​កម្មករ​ដែល​បាន​ចូល​ធ្វើការ​ភ័យ ក៏​បាន​នាំ​គ្នា​ចេញ​មក​ចូលរួម​ធ្វើ​បាតុកម្ម​វិញ​ទាមទារ​ឲ្យ​ថៅកែរ​រោងចក្រ​ចេញ​មក​ចរចា ជុំវិញ​ការ​ដំឡើង​ប្រាក់​ឈ្នួល​គោល​២០​ដុល្លារ​ក្នុង​ឆ្នាំ​២០១៦ និង​ទាមទារ​ឲ្យ​ដោះ​លែង​កម្មករ​ចំនួន​៤​នាក់​ចេញពី​ពន្ធនាគារ​ខេត្ត ដែល​សមត្ថកិច្ច​ចាប់ខ្លួន​កាលពី​ថ្ងៃ​ទី​២០ ធ្នូ ។

ចំពោះ​ការ​ចាប់ខ្លួន​ថ្ងៃ​បន្ទាប់​មាន​ប្រុស​មាន​ស្រី​ចំនួន​៥៨​នាក់ កាលពី​ថ្ងៃ​ទី​២១ ធ្នូ ក៏​ត្រូវ​បានឱ្យ​ត្រឡប់​ទៅ​ផ្ទះ​វិញ​បន្ទាប់​ពី​មានការ​សាកសួរ​ម្នាក់​ម្តង​ៗ រក​អ្នក​នៅ​ពីក្រោយ​ខ្នង ក្នុង​ការ​ដឹកនាំ​ឱ្យ​មាន​បាតុកម្ម​តវា​៉​នេះ តែ​រក​មិនឃើញ​អ្នក​នៅ​ពីក្រោយ​ខ្នង​នោះ​ទេ ។

ប្រភព​ព័ត៌មាន​ពី​សមត្ថកិច្ច​ឲ្យ​ដឹង​ថា កម្មករ​-​កម្មការិនី​ដែល​ចូល​ធ្វើការ​វិញ នៅ​ព្រឹក​ថ្ងៃ​ទី​២២ ធ្នូ បាន​តែ​ប្រមាណ​ជា​២​ម៉ោង ក៏​ផ្ទុះ​អំពើ​ហិង្សា​រវាង​កម្មករ​និង​កម្មករ បាន​គប់​គ្នា​ទៅ​វិញ​ទៅ​មក បណ្តាល​ឲ្យ​មាន​របួស​ទាំង​សងខាង​កាលពី​វេលា​ម៉ោង​៩​ព្រឹក ថ្ងៃ​ទី​២២ ធ្នូ ។ នេះ​បើ​តាម​សមត្ថកិច្ច​បាន​បង្ហើប​ឲ្យ​ដឹង ប៉ុន្តែ​ចំនួន​នៃ​អ្នក​រង​របួស​មិនដឹង​តួលេខ​ច្បាស់លាស់​នោះ​ទេ ។

ការ​ផ្ទុះ​បាតុភាព​ប្រឈម​មុខ​គ្នា​នោះ សមត្ថកិច្ច​កងរាជអាវុធហត្ថ និង​នគរបាល​បាន​យក​រថយន្ត​ពន្លត់​អគ្គិភ័យ​ចំនួន​៣​គ្រឿង​ទៅ​បាញ់​ទឹក​បំបែកហ្វូង​មនុស្ស ។ ក៏​ប៉ុន្តែ​ត្រូវ​បាន​កម្មករ​-​កម្មការិនី​រាប់​សិប​នាក់​យក​ដុំ​ថ្ម​គប់​មក​លើ​រថយន្ត​ពន្លត់​អគ្គិភ័យ​១​គ្រឿង បណ្តាល​ឲ្យ​បែក​កញ្ចក់​ខាង​មុខ​ទាំងស្រុង និង​ធ្វើ​ឲ្យ​រង​របួស​ដល់​អ្នកបើកបរ​រថយន្ត​ម្នាក់ ។ ពេល​នោះ​កងរាជអាវុធហត្ថ​បាន​ចូល​ទៅ​រំដោះ​ជន​រង​គ្រោះ ក៏​ត្រូវ​កម្មករ​-​កម្មការិនី​ព្រួត​គ្នា​គប់​ដុំ​ថ្ម​សំដៅ​ទៅ​លើ​កងរាជអាវុធហត្ថ បណ្តាល​ឲ្យ​បែក​មួក​ការពារ​និង​បែកក្បាល​របួស​ធ្ងន់ធ្ងរ​៨​នាក់ រហូត​សមត្ថកិច្ច​បង្ខំចិត្ត​បោក​គ្រាប់​បែកផ្សែង និង​ផ្ទុះអាវុធ​ឡើង​លើ​អស់​២​គ្រាប់ ទើប​ហ្វូង​បាតុករ​ថយក្រោយ ទើប​រំដោះ​អ្នក​ត្រូវ​របួស​ចេញ​រួច​និង​បញ្ជូន​ទៅ​កាន់​គ្លីនិក​ផាសុកភាព​២​នៅ​ក្បែរ​នោះ ដើម្បី​សង្គ្រោះ ។ រីឯ​សមត្ថកិច្ច​នគរបាល​មាន​របួស​ដែរ​តែ​របួសស្រាល ។ ចំណែក​ក្រុម​កម្មករ​-​កម្មការិនី​ក៏​មាន​របួស​មួយ​ចំនួន​ដែរ ។

ប្រភព​ពី​សមត្ថកិច្ច​បន្ត​ទៀត​ថា ហេតុការណ៍​ដែល​នាំ​ឲ្យ​ផ្ទុះ​អំពើ​ហិង្សា​នេះ គឺ​នៅ​វេលា​ម៉ោង​៨​និង​៣០​នាទី​ព្រឹក មាន​មនុស្ស​ទៅ​គប់​ចូល​រោងចក្រ Bastway ក្នុង​ចេតនា​រំខាន​មិន​ឲ្យ​ធ្វើការ រហូត​ដល់​ម៉ោ​៩​ព្រឹក​ថៅកែរ​រោងចក្រ​Bestway បាន​ឲ្យ​កម្មករ​-​កម្មការិនី​ឈប់​ធ្វើការ​និង​ប្រាប់​ថា ថ្ងៃនេះ​ក្រុមហ៊ុន​មិន​គិត​ប្រាក់​ឈ្នួល​ឲ្យ​ទេ ធ្វើ​ឱ្យ​មានការ​ខឹងសម្បា​កើតឡើង ។ ក្រោយ​ពី​កម្មករ​រោងចក្រ Bastway ចេញពី​រោងចក្រ​ក៏​នាំ​គ្នា​ដើរទៅ​រោងចក្រ King Maker​។
ដោយសារ​ខឹង​កម្មករ​កម្មការិនី​រោងចក្រ​King Maker ដែល​បង្ក​ឲ្យ​មាន​បា​តុ​ម្ម​មួ​យស​ប្តា​ហ៍​មក​ហើយ ក៏​នាំ​គ្នា​ទៅ​សងសឹក​គប់​ចូល​រោងចក្រ KingMaker ក៏​ត្រូវ​សមត្ថកិច្ច​ឃាត់​នៅ​ចំណុច​ផ្លូវបំបែក​ជា​បី​ក្បែរ​រោងចក្រ​ស៊ី​កូ ជិត​រោងចក្រ​អេ​លី​ត និង​រោងចក្រ KingMaker កើត​មានការ​ប៉ះទង្គិច​គ្នា​មួយ​ប្រាវ​រវាង​កម្មករ​កម្មការិនី​ជាមួយ​សមត្ថកិច្ច ។ ដោយ​ក្រុម​កម្មការិនី​គប់​ទៅ​លើ​រថយន្ត​ពន្លត់អគ្គីភ័យ​បណ្តាល​ឲ្យ​បែក​កញ្ចក់​រថយន្ត​១​គ្រឿង និង​រង​របួស​អ្នកបើកបរ​ម្នាក់​រហូត​ឈាន​ដល់​អំពើ​ហិង្សា​បណ្តាល​ឲ្យ​របួស​កងរាជអាវុធហត្ថ ។ រហូត​ដល់​ម៉ោង​១១​ព្រឹក​រោងចក្រ​ចំនួន​២៦​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​មេន​ហាត​ធេ​ន​បាន​បិទទ្វារ​ទាំងស្រុង ។ ចំណែក​នៅ​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​តា​យ​សេង ក្រុម​កម្ម​ការ​ក៏​បាន​ដើរ​ចេញ​ឈប់​ធ្វើការ​ដែរ​នៅ​សល់​តែ​៣​រោងចក្រ​ប៉ុណ្ណោះ ។

នៅ​ម៉ោង​២​រសៀល​ក្នុង​ថ្ងៃ​ទី​២២ ដដែល​នេះ​មាន​កិច្ចប្រជុំ​មួយ​នៅ​សាលាក្រុង​បា​វិត រៀបចំ​ដោយ​គណៈកម្មការ​ការងារ​ខេត្ដ សហការ​ជាមួយ​មន្ទីរ​ការងារ​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ខេត្ត និង​អាជ្ញាធរ​ខេត្ត​ដោយ​អញ្ជើញ​តំណាង​សហជីព និង​អ្នក​ពាក់ព័ន្ធ​មក​ប្រជុំ​រក​វិធានការ ដើម្បី​ដោះស្រាយ​បញ្ហា​ដោយសារ​វិវាទ​នេះ ស្ទើ​តែ​ក្លាយទៅជា​កុបកម្ម​ទៅ​ហើយ​នេះ ។
ប្រធាន​សម្ព័ន្ធ​សហជីព​ចលនា​កម្មករ លោក ប៉ាវ សុ​ី​ណា ត្រូវ​បាន​វិទ្យុ​ផ្សាយ​ជា​ខេមរភាសា ដកស្រង់​សម្តី កាលពី​ថ្ងៃ​ទី​១៩ ធ្នូ ថា បន្ទាប់​ពី​មាន​កម្មករ​ប្រមាណ​៣​មុ​ឺ​ន​នាក់ ផ្ទុះ​ការ​តវ៉ា​មក កម្មករ​មួយ​ចំនួន​បាន​វិល​ចូល​ធ្វើការ​ធម្មតា​។ ប៉ុន្តែ​រយៈពេល​២​ថ្ងៃ​ជាប់​ៗ​គ្នា​មកនេះ កម្មករ​នៅ​តាម​រោងចក្រ​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​មេន​ហាត​ធេ​ន​, រោងចក្រ​តា​យ​សេង​១, តា​យ​សេង​២ ដែល​ស្ថិត​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស ក្រុង​បា​វិត បាន​ធ្វើ​កូដកម្ម​មិន​ចូល​ធ្វើការ ។ ចំណែក​អ្នក​ចូល​ធ្វើការ ក៏​មិន​បាន​ធ្វើ​ពេញលេញ​ដែរ ។

ពួក​គេ​មាន​គោលបំណង​ទាមទារ​ប្រាក់​២០​ដុល្លារ​បន្ថែម លើ​ប្រាក់​ឈ្នួល​ដែល​មាន​ស្រាប់​ចំនួន​១២៩​ដុល្លារ ។ ទោះជា​យ៉ាងនេះ​ក្តី លោក​មិន​ទាន់​ឃើញ​មាន​សញ្ញា​ណាមួយ​ពី​ថៅកែ ក្នុង​ការ​ដោះស្រាយ​ជាមួយ​កម្មករ​នៅឡើយ​ទេ ។ លោក ប៉ាវ ស៊ី​ណា មាន​ប្រសាសន៍​ដូច្នេះ​ថា «​យើង​អត់​មានអី​ទំនាក់ទំនង​ទៅ​ខាង​រោងចក្រ​ផង ណាមួយ​កម្មករ​កូដកម្ម​ដោយ​ខ្លួនឯង ។ គាត់​អត់​បាន​មក​រក​សហជីព ហើយ​គាត់​ក៏​មិន​បាន​ស្នើ​ឱ្យ​នរណា​ជួយ​គាត់​ទេ គឺ​គាត់​តវ៉ា​តែ​ខ្លួនឯង​» ។
កម្មករ​បាន​ផ្ទុះ​បាតុកម្ម​តវ៉ា​តាំងពី​ថ្ងៃ​ទី​១៦   ធ្នូ ។ ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា ស្នើ​ឱ្យ​រាជរដ្ឋាភិបាល​ចេញ​មុខ​អន្តរាគមន៍ និង​ចាត់វិធានការ​ជុំវិញ​ករណី​កម្មករ​រោងចក្រ ប្រមាណ​៣​មុ​ឺ​ន​នាក់​នៅ​ក្រុង​បា​វិត ផ្ទុះ​ការ​ទាមទារ​ប្រាក់​ឈ្នួល​លើស​ពី​១៤០​ដុល្លារ​។ ចំណែក​តំណាង​កម្មករ ស្នើ​ឱ្យ​ក្រសួង​ការងារ​និង​ស្ថាប័ន​ពាក់ព័ន្ធ រួម​គ្នា​ដោះស្រាយ​តាម​សំណើ​កម្មករ ដើម្បី​ចៀសវាង​ការ​ប៉ះទង្គិច​គ្នា ។
មុន​នេះ​លិខិត​ថ្កោលទោស​របស់​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា (GMAC) បាន​ចោទប្រកាន់​ទៅ​លើ​ក្រុម​សហជីព និង​ហៅ​កម្មករ​ដែល​ធ្វើ​បាតុកម្ម​ថា ជា​កម្មករ​ជ្រុលនិយម​ដែល​បាន​ធ្វើការ​វាយ​បំផ្លាញ​រោងចក្រ ញុះញង់ និង​គម្រាមកំហែង​ផ្នែក​សន្តិសុខ ដល់​កម្មករនិយោជិត​ប្រមាណ​ជាង​៣​ម៉ឺន​នាក់​ដទៃ​ទៀត ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​មេន​ហាត​ធេ​ន និង​តា​យ​សេង​នៅ​ក្រុង​បា​វិត ។ 

ក្នុង​លិខិត​នោះ​សរសេរ​ថា រោងចក្រ​សរុប​ចំនួន​៤៥ ដែល​ផលិត​សម្លៀក​បំពាក់ ស្បែកជើង កង់ ឆ័​ត្រ អំ​ពូ​ល​ភ្លើង និង​ផលិតផល​ដទៃ​ទៀត​ដែល​ស្ថិត​នៅ​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ទាំង​ពីរ​ត្រូវ​ទទួល​រង​ការ​ខាតបង់​ផ្នែក​សេដ្ឋកិច្ច​យ៉ាងធ្ងន់ធ្ងរ ។ ការ​ខូចខាត​ទ្រព្យសម្បត្តិ ការ​ខាតបង់​ផ្នែក​ផលិតកម្ម ទាំងស្រុង​ដែល​នាំ​ឱ្យ​មានការ​យឺតយ៉ាវ​ដល់​ការ​បញ្ជូន​ទំនិញ​ដល់​អ្នកបញ្ជា​ទិញ ព្រមទាំង​កេរ្តិ៍ឈ្មោះ​របស់​រោងចក្រ​ពាក់ព័ន្ធ នឹង​ស្ថេ​រ​ភាព​នៃ​ផលិតកម្ម​ក្នុង​ពេល​អនាគត ៕