ចាប់ផ្តើម​ដំណើរការ​កាមេរ៉ា​ជាង​200​គ្រឿងរំពឹង​ថា​ការ​បំពាក់​តាម​ភ្លើងស្តុប​ជួយ​ផ្នែក​សន្តិសុខ សណ្តាប់ធ្នាប់

ចាប់ផ្តើម​ដំណើរការ​កាមេរ៉ា​ជាង​200​គ្រឿងរំពឹង​ថា​ការ​បំពាក់​តាម​ភ្លើងស្តុប​ជួយ​ផ្នែក​សន្តិសុខ សណ្តាប់ធ្នាប់

រាជធានី​ភ្នំពេញ ៖ លោក​ឧត្តមសេនីយ៍ទោ​មិន វ​ណ្ណា ប្រធាន​នាយក​ដ្នា​ន​វិទ្យុទាក់ទង នគរបាល​ក្រសួងមហាផ្ទៃ បាន​ធ្វើ​បទ​សម្ភាស៍​ផ្តល់​ព័ត៌មាន​ជា​សាធារណៈ ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​២១ ធ្នូ ថា កាមេរ៉ា​សុវត្ថិភាព​ជាង​២០០​គ្រឿង​ដែល​បំពាក់​តាម​ភ្លើងស្តុប លើ​ដង​មហាវិថី​សំខាន់​នានា​ក្នុង​រាជធានី​ភ្នំពេញ ដើម្បី​តាមដាន​បទល្មើស នឹង​ដាក់​ឲ្យ​ដំណើរការ​ជា​ផ្លូវការ​នៅ​ថ្ងៃ​ទី​២២ ធ្នូ​។ លោក​ឧត្តមសេនីយ៍​រំពឹង​ថា កាមេរ៉ា​សុវត្ថិភាព​ជាង​២០០​គ្រឿង​នេះ គឺ​មាន​សារ​ប្រយោជន៍​ជួយ​ពង្រឹង​សន្តិសុខ​បាន​ខ្ពស់​ជាង​មុន និង​មាន​ភាព​ងាយស្រួល​ក្នុង​ការ​តាមដាន​រាល់​សកម្មភាព​ជនសង្ស័យ ប្រព្រឹត្ត​បទល្មើស និង​ជួយ​កត់ត្រា​អត្តសញ្ញាណ​អ្នក​ល្មើសច្បាប់​ចរាចរណ៍​ផង​ដែរ ។

លោក​ឧត្តមសេនីយ៍ទោ មិន វ​ណ្ណា បន្ត​ថា កាមេរ៉ា​សុវត្ថិភាព​ជាង​២០០​គ្រឿង ជា​ជំនួយ​របស់​ក្រសួង​សន្តិសុខ​ជាតិ ប្រទេស​ចិន ដែល​ត្រូវ​បាន​យក​មក​បំពាក់​តាម​ភ្លើងស្តុប​លើ​ដង​មហាវិថី​សំខាន់​ចំនួន​២០​គោលដៅ​រួចរាល់​ហើយ ។
លោក​បន្ត​ទៀត​ថា នាយកដ្ឋាន​វិទ្យុទាក់ទង​មាន​មន្ត្រី​ជំនាញ​គ្រប់គ្រង​កាមេរ៉ា​២៤​ម៉ោង​លើ​២៤​ម៉ោង ក្នុង​ការ​ជួយ​បាន​យ៉ាង​ច្បាស់លាស់​រាល់​សកម្មភាព​ជន​ប្រព្រឹត្ត​បទល្មើស​ក្នុង​រាជធានី​ភ្នំពេញ ព្រោះ​កាមេរ៉ា​សុវត្ថិភាព​បាន​ជួយ​សម្រួល​បន្ថែម​ក្នុង​ការ​បង្ក្រាប និង​តាមដាន​មុខសញ្ញា​ជនល្មើស ដោយសារ​មានមុខ​សញ្ញា​ប្រព្រឹត្ត​បទល្មើស​ជា​ច្រើន​ត្រូវ​បាន​ថត​ជាប់ និង​កំណត់​បាន​មុខសញ្ញា ដើម្បី​ជួយ​សម្រួល​ដល់​សមត្ថកិច្ច​ធ្វើការ​វែកមុខ​ជនល្មើស ឬ​ជនសង្ស័យ ។
លោក​ប្រធាន​នាយកដ្ឋាន​បញ្ជាក់​បន្ថែម​ថា អាច​ខែ​ក្រោយ​ៗ​នេះ នាយកដ្ឋាន​របស់​លោក​នឹង​ទទួល​បាន​នូវ​កាមេរ៉ា​ប្រមាណ​៤០០​ទៅ​៥០០​គ្រឿង​ទៀត​ពី​ប្រទេស​ចិន ។ ហើយ​ទៅ​ថ្ងៃ​អនាគត​កាមេរ៉ា​សុវត្ថិភាព នឹង​ត្រូវ​បំពាក់​គ្រប់​មហាវិថី និង​វិ​ថី​តូច​ៗ​នៅ​ក្នុង​រាជធានី​ភ្នំពេញ ។

ចុង​ក្រោយ​លោក​ឧត្តមសេនីយ៍ទោ មិន វ​ណ្ណា បាន​ថ្លែង​ថា ការ​បំពាក់​កាមេរ៉ា​សុវត្ថិភាព​នេះ គឺជា​កា​រវិ​វ​ឌ្ឍ​ថ្មី​មួយ លើ​ការ​ពង្រឹង​សន្តិសុខ និង​សុវត្ថិភាព​របស់​ប្រជាពលរដ្ឋ​ក្នុង​ប្រទេស ក៏​ដូច​ជា​ភ្ញៀវ​ទេសចរ និង​អ្នក​វិនិយោគទុន​តូច​ធំ​មាន​ភាព​កក់ក្តៅ​ក្នុង​ការងារ​ប្រកប​មុខរបរ​រក​សុ​ី ដែល​នោះ​គឺជា​ការ​យកចិត្តទុកដាក់​ពី​សំណាក់​រាជរដ្ឋាភិបាល​កម្ពុជា ព្រមទាំង​សម្តេច​ក្រឡាហោម ស ខេ​ង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ និង​លោកនាយ​ឧត្តមសេនីយ៍ នេ​ត សា​វឿ​ន អគ្គស្នងការ​នគរបាល​ជាតិ ៕