កម្លាំងនគរបាល ប៉ុសិ៍ស្ទឹងមានជ័យ ឃាត់ខ្លួនជន​សង្ស័យម្នាក់ ពីបទលួចម៉ូតូ

ភ្នំពេញ៖ កម្លាំងនគរបាល ប៉ុសិ៍ស្ទឹងមានជ័យ បានធ្វើការស្រាវជ្រាវ និងឃាត់ខ្លួនបុរសម្នាក់ ក្នុងករណីលួចម៉ូតូ កាលពីវេលាម៉ោង ០៩និង០០នាទី ព្រឹកថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៥។

បើតាមកម្លាំង នគរបាលបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ អ៊ុ ពន្លក ហៅងែត ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរ និងទីលំនៅមិនពិតប្រាកដ។ កម្លាំងនគរបាលបានបន្តថា ជនសង្ស័យ បានលួចយកម៉ូតូម៉ាកសេ ១២៥ ពណ៌ខ្មៅ សេរី២០០៥ បិទតែម២០១៥ ពាក់ស្លាកលេខ ភ្នំពេញ 1E 5763 របស់ជនរងគ្រោះឈ្មោះ ម៉ន សុធា ភេទប្រុស អាយុ ៣៨ ឆ្នាំ មុខរបរ លក់ទឹកកក ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវលំ ភូមិឬស្សី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ កាលពីថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៥ វេលាម៉ោង០៣និង៣០នាទី ទៀបភ្លឺ ស្ថិតនៅចំណុចមុខផ្ទះគ្មានលេខ ផ្លូវលំ ភូមិ ឬស្សី សង្កាត់ ស្ទឹងមានជ័យ ខណ្ឌ មានជ័យ ខណៈពេលដែលជនរងគ្រោះ យកម៉ូតូមកចាក់សោរក ចតទុកនៅមុខផ្ទះ ហើយចូលសម្រាកក្នុងផ្ទះ។

កម្លាំងនគរបាលបានបន្ថែមថា វត្ថុតាងចាប់យករួមមាន ម៉ូតូ ០១គ្រឿង ម៉ាកសេ១២៥ ពណ៍ ខ្មៅ សេរី២០០៥ បិទតែម២០១៥ ពាក់ស្លាកលេខ ភ្នំពេញ 1E 5763, កន្ត្រៃកាត់ដែក ០១, ដែកមុខស្រួច០១ និងច្រវ៉ាក់ ០១ខ្សែ។

សូមបញ្ជាក់ថា ចំណែកបក្សពួកជនសង្ស័យ ០២នាក់ឈ្មោះ សាវរី ភេទប្រុស អាយុ២១ឆ្នាំ និងឈ្មោះ ប៊ុយ នុយ ភេទប្រុស អាយុ២១ឆ្នាំ ទាំងពីរនាក់នេះមានមុខរបរ និង ទីលំនៅមិនពិតប្រាកដដូចគ្នា បានរត់គេចខ្លួនបាត់ ៕

កម្លាំងនគរបាល ប៉ុសិ៍ស្ទឹងមានជ័យ ឃាត់ខ្លួនជន​សង្ស័យម្នាក់ ពីបទលួចម៉ូតូ