ហេតុផល​នៅ​ពីក្រោយ​ការ​គេង​ខ្មោច​សង្កត់ ចង់ដឹង​អត់​?

ហេតុផល​នៅ​ពីក្រោយ​ការ​គេង​ខ្មោច​សង្កត់ ចង់ដឹង​អត់​?

​មាន​មនុស្ស​ច្រើនណាស់​ធ្លាប់​ឆ្លងកាត់​ហេតុ​ការ​ចម្លែក​មួយ​នេះ​។ នៅ​ពេល​អ្នក​កំពុងតែ​គេង​លក់ ឬ​ភ្ញាក់​ពី​គេង អ្នក​ពិតជា​ព្យាយាម​ប្រែ​ខ្លួន ប៉ុន្តែ​បែរជា​មិន​អាច​ធ្វើ​កើត​ទៅ​វិញ​។ និយាយ​ឱ្យ​ខ្លី​ទៅ​គឺ​មិន​អាច​កម្រើក​សូម្បី​តែ​ដៃ និង​ជើង​តែម្តង​។

​ភ្លាមៗ​នោះ​អ្នក​ទំនងជា​មាន​អារម្មណ៍​ថា មាន​អ្វី​មួយ​ខ្មៅ​កំពុងតែ​ធ្វើ​ចលនា​។ វា​អាច​ចេញពី​ជ្រុង​នៃ​បន្ទប់ និង​ធ្វើ​ដំណើរ​យឺត​មក​លើ​គ្រែ​របស់​អ្នក​តែម្តង​។ ពេលនោះ អ្នក​បាន​ព្យាយាម​កម្រើកខ្លួន និង​ស្រែក​ឱ្យ​គេ​ជួយ ប៉ុន្តែ​បែរជា​មិន​អាចធ្វើ​បាន​ទៅ​វិញ​។ ពេលខ្លះ អ្នក​ប្រហែលជា​ចាប់ផ្តើម​មាន​អារម្មណ៍​ខក់​ក្នុង​ដង្ហើម​ដោយសារតែ​ដូចជា​មាន​នរណា​ម្នាក់​ច្របាច់​ក​ជាប់​អញ្ជឹង​។

​ក្រោយ​ពី​អ្នក​កម្រើកខ្លួន​រួច អ្នកនឹង​ងើប​អង្គុយ​ដើម្បី​រក​មើល​អ្វី​ដែល​បាន​ឃើញ​ក្នុង​ភាព​ងងឹត​នោះ​ក្នុង​បន្ទប់ ប៉ុន្តែ​បែរជា​គ្មាន​អ្វី​ទាល់តែ​សោះ​ទៅវិញ​។ តើ​អ្នក​ធ្លាប់​ឆ្លងកាត់​ស្ថានភាព​មួយ​នេះ​ដែរ​ទេ​?

​បទពិសោធន៍​មួយ​នេះ​ត្រូវបាន​ខ្មែរ​យើង​ហៅ​ថា​ខ្មោច​សង្កត់ ឬ Sleep Paralysis ហើយ​វា​ក៏​ជា​ស្ថានភាព​មួយ​ដ៏​គួរឱ្យខ្លាច​បំផុត​ផងដែរ​។ ប៉ុន្តែ​មិន​បាច់​បារម្ភ​ទៀត​ទេ ព្រោះ​យើង​មាន​ហេតុផល​សាមញ្ញ​មួយ​ដែល​អាច​ពន្យល់​អំពី​រឿង​នេះ​បាន​។

​មុនពេល​មាន​ការសិក្សា​អំពី​រឿង​នេះ អ្នក​ដែល​ធ្លាប់​ឆ្លងកាត់​តែងតែ​បន្ទោស​ទៅលើ​ធម្មជាតិ ជា​ពិសេស​រឿង​ព្រាយ​បិសាច​តែម្តង​។ ប៉ុន្តែ​បច្ចុប្បន្ន​នេះ វា​លែង​ជា​រង​ពិត​ទៀតហើយ​។

ការ​គេង​ខ្មោច​សង្កត់​កើតឡើង​នៅ​ពេល​អារម្មណ៍​របស់​មនុស្ស​ម្នាក់​បាន​ភ្ញាក់​ពី​គេង​ប៉ុន្តែ​រាងកាយ​របស់​ពួកគេ​នៅ​គេង​លក់​នៅ​ឡើយ​។ រឿង​នេះ​ច្រើនតែ​កើតឡើង​នៅ​ពេល​មនុស្ស​កំពុងតែ​គេង​លក់​តែ​វា​ពួកគេ​ប្រហែលជា​ភ្ញាក់​ពី​គេង​វិញ​ហើយ​។

អារម្មណ៍ និង​រាងកាយ​គឺ​ស្ថិតក្នុង​ចំណុច​ពិសេស​មួយ​នៅ​ចន្លោះ​រវាង​ការយល់​សុបិន្ត និង​ភ្ញាក់​ពី​គេង ហើយ​ដោយសារតែ​រឿង​នេះ​ហើយ ទើប​បានជា​មាន​រឿង​ចម្លែកៗ​កើតឡើង​។ ហេតុផល​នៅ​ពីក្រោយ​ការ​គេង​ខ្មោច​សង្កត់​គឺជា​រង​ធម្មជាតិ​ទេ ព្រោះ​វា​កើតឡើង​នៅ​ពេល​អ្នក​ស្ថិត​ក្នុង​ដំណាក់កាល​គេង​លក់​មួយ​ឈ្មោះថា REM (Rapid Eye Movement) ជា​ពិសេស​ពេល​ពួកគេ​ង​កំពុងតែ​យល់​សុបិន្ត​តែម្តង​។

ដូច្នេះ​អ្នក​ត្រូវតែ​សន្និដ្ឋាន​ឃើញថា ស្រមោល​គួរឱ្យខ្លាច​ទាំងនោះ​ហាក់បីដូច​ជា​ការពិត​អញ្ជឹង ប៉ុន្តែ​ធាតុពិត​វា​គឺជា​ការ​មើល​ឃើញ​របស់​អារម្មណ៍​ប៉ុណ្ណោះ ឬ​ហៅ​ថា Hallucination​។

អ្នក​ប្រហែលជា​គិតថា អ្នក​ដឹងខ្លួន ប៉ុន្តែ​អារម្មណ៍​របស់​អ្នក​កំពុងតែ​យល់​សុបិន្ត​នៅឡើយ​ទេ ហេតុដូច្នេះ​ហើយ​អ្វីៗ​ដែល​មើលឃើញ​ដូច​ជា​ការពិត​អញ្ចឹង​។ សំណួរ​នោះ​គឺថា តើ​ស្ថានភាព​ទាំងនេះ​បាត់​ទៅ​វិញ​ដោយ​របៀប​ម៉េច​ទៅ​?

សំណួរ​ដំបូង​គេ​នោះ​គឺថា តើ​អ្នក​គេ​ង​បាន​ត្រឹមត្រូវ​ដែរ​ទេ​? តើ​អ្នក​មាន​ភាព​តក់ស្លុត​ដែរ​ទេ​? តើ​អ្នក​មាន​មើល​រឿង​ខ្មោច ឬ​រឿង​រន្ធត់​ដែរ​ទេ​មុនពេល​ចូល​គេង​? ទាំងអស់នេះ​ហើយ​សុទ្ធតែ​ធ្វើឱ្យ​គេង​ខ្មោច      សង្កត់​។

ដូច្នេះ​ចូរ​ព្យាយាម​លុបបំបាត់​ស្ត្រេ​ស និង​បន្ធូរ​អារម្មណ៍​មុនពេល​ចូល​គេង​។ បើសិន​ជា​អ្នក​មាន​អារម្មណ៍​ធូរស្រាល​ហើយ​នោះ អ្នក​ប្រហែល​ជា​ទទួល​បាន​ការ​គេង​ដ៏​ល្អ​មួយ​យប់​បាន​។

បើសិនជា​វា​មិន​អាច​ជួយ​អ្វី​បានទេ អ្នក​ប្រហែលជា​គួរ​មើល​ប្រវត្តិ​របស់​គ្រួសារ និង​ការប្រើប្រាស់​ថ្នាំ​របស់​អ្នក​វិញ​ទៅ​។ អ្នក​ប្រហែលជា​កំពុង​តែ​ប្រើ​ថ្នាំ​ព្យាបាល​បញ្ហា​អ្វីមួយ ឬ​គ្រួសារ​ធ្លាប់មាន​បញ្ហា​នៃ​ការ​គេង​ដែរ​។

បើសិន​ជា​អ្នក​គិតថា អ្នក​មិន​អាច​ដោះស្រាយ​បញ្ហា​បានទេ ចូរ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ទៅ​។ យ៉ាងហោច​ណាស់​អ្នក​ក៏​ដឹង​ថា វា​មិន​មាន​ខ្មោច​ព្រាយ​បិសាច់​អ្វី​ចង់​យក​ជីវិត​អ្នក​ដែរ​៕

ប្រែសម្រួល៖ វេជ្ជ. ម៉េង សុខសៀន
 

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី23  ធ្នូ ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។